សម្តេចធិបតីឆ្លើយតបទៅកាន់ពលរដ្ឋថៃមួយចំនួន៖ ខ្ញុំមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីឆ្លើយតបទៅកាន់ពលរដ្ឋថៃមួយចំនួន៖ ខ្ញុំមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ

សម្តេចធិបតីឆ្លើយតបទៅកាន់ពលរដ្ឋថៃមួយចំនួន៖ ខ្ញុំមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចមិនបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ។ ការបញ្ជាក់របស់សម្តេចធិបតីបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋថៃមួយចំនួន បានចូលមកសរសេរបញ្ចេញមតិនៅក្នុងហ្វេសប៊ុកសម្តេចថា សម្តេចទៅរៀននៅសាលា West Point តាមរយៈកូតារបស់កងទ័ពថៃ។

Advertisement

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ថា៖ ម្សិលមិញខ្ញុំបានបង្ហោះសារមួយពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សារបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point កាលពី ២៧ឆ្នាំមុន (២៩ ឧសភា ១៩៩៩)។ មានប្រជាពលរដ្ឋថៃមួយចំនួនបានចូលមកសរសេរបញ្ចេញមតិថា ខ្ញុំបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ។ មានការបញ្ចេញមតិបែបនេះ ជាច្រើនលើករួចមកហើយ ដែលខ្ញុំមិនដែលឆ្លើយតប ដោយសារមិនចង់យកបញ្ហានេះមកបកស្រាយនាំអោយវែងឆ្ងាយដោយមិនចាំបាច់។ ពេលនេះ ខ្ញុំសូមបញ្ជាក់បន្តិចដើម្បីបបញ្ចប់ការយល់ខុសនេះតទៅទៀត។ ជាចម្លើយខ្លី គឺខ្ញុំមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ។ ហេតុផលគឺសាមញ្ញបំផុត÷
១. សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ទៅប្រទេសណាក៏បាន ដោយមិនចាំបាច់យកកូតាពីប្រទេសមួយ(ថៃ) ទៅឱ្យបេក្ខជនពីប្រទេសផ្សេងមួយទៀត(កម្ពុជា)ទេ។
២. ប្រទេសដែលទទួលបានកូតា សម្រាប់បញ្ជូនសិក្ខាកាមទៅ West Point មិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនទៅឱ្យប្រទេសផ្សេងទេ។ សហរដ្ឋអាមេរិកជាអ្នកកំណត់ប្រទេសណាត្រូវទទួលបាន ហើយត្រូវទទួលបានចំនួនប៉ុន្មានកន្លែង សម្រាប់ឆ្នាំនីមួយៗ។
៣. សញ្ញាបត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point គឺបញ្ជាក់ច្បាស់ថា ជានិស្សិតយោធាពីកម្ពុជា មិនមែនពីប្រទេសណាផ្សេងទេ។
៤. លក្ខខណ្ឌតម្រូវចាំបាច់សម្រាប់បេក្ខជននិស្សិតនាយទាហានបរទេសទៅរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point គឺត្រូវទទួលបានការធានា (nomination) ពីក្រសួងការពារជាតិនៃប្រទេសរបស់ខ្លួន និងការគាំទ្រ (endorsement) ពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសនោះ។

បើសិនជាខ្ញុំប្រើប្រាស់កូតារបស់យោធាថៃដើម្បីទៅរៀននោះ ប្រាកដជាខ្ញុំត្រូវបានទទួលការធានាពីក្រសួងការពារជាតិថៃ និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃហើយ។

សម្តេចធិបតីបានបញ្ជាក់ថា សម្រាប់រូបខ្ញុំ គឺនៅឆ្នាំ១៩៩៥ បានទទួលការធានាពីក្រសួងការពារជាតិកម្ពុជា និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា (មិនមែនបានពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃទេ)។ ដូច្នេះបញ្ជាក់ច្បាស់ថាកូតាដែលខ្ញុំបានទៅរៀននៅ West Point គឺជាកូតាដែលសហរដ្ឋអាមេរិកផ្ដល់មកឱ្យកម្ពុជាមិនមែនឱ្យទៅថៃដូចការលើកឡើងនោះទេ។ បើអ្នកណាចង់បញ្ជាក់ថាតើវាជាការពិតឬមិនពិតនោះ គឺងាយស្រួលបំផុត ដោយអ្នកអាចសុំការបញ្ជាក់ពីក្រសួងការពារជាតិថៃ ឬស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃ ថាធ្លាប់បានធ្វើការធានា ឬផ្តល់ការគាំទ្រដល់បេក្ខជនពីកម្ពុជា ដើម្បីទៅរៀនជំនួសបេក្ខជនថៃនៅសាលា West Point ឬទេ? អ្នកក៏អាចស្វែងរកការបញ្ជាក់ផ្ទាល់ពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point តែម្ដងក៏បានលើករណីនេះ។ ខ្ញុំជឿជាក់ថាច្បាស់ថា គឺគ្មានករណីនេះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ការបញ្ជាក់នេះ នឹងបញ្ចប់នូវការយល់ខុសថា សម្តេចបានទៅរៀនសាលា West Point ដោយប្រើប្រាស់កូតារបស់កងទ័ពថៃ ដែលមិនមែនជាការពិត៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា