អាជ្ញាធរជាតិអប្សរា និងអង្គការ CWC អំពាវនាវឱ្យរួមគ្នាបញ្ឈប់ការដាក់អន្ទាក់សត្វក្នុងតំបន់អង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរា និងអង្គការ CWC អំពាវនាវឱ្យរួមគ្នាបញ្ឈប់ការដាក់អន្ទាក់សត្វក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា និងអង្គការ CWC អំពាវនាវឱ្យរួមគ្នាបញ្ឈប់ការដាក់អន្ទាក់សត្វក្នុងតំបន់អង្គរ

ថ្វីដ្បិតតែកិច្ចការប្រឹងប្រែងក្នុងការការពារ និងថែរក្សាជីវៈចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ជាប្រចាំក្តី ប៉ុន្តែមន្ត្រីជំនាញនៅតែបង្ហាញក្តីបារម្ភចំពោះសកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃដែលនៅតែបន្តកើតមាននៅក្នុងតំបន់អង្គរ។
 
កង្វល់នេះត្រូវបានលើកឡើងស្របពេលដែលអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) ស្ថាប័នរដ្ឋបាលព្រៃឈើ និងនគរបាលការពារបេតិកភណ្ឌ បានរួមគ្នាដោះលែងសត្វប្រមាចំនួន ២ក្បាល ចូលទៅក្នុងព្រៃធម្មជាតិនៃតំបន់អង្គរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។
 
លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានទទូចដល់សហគមន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់អង្គរ ឱ្យរួមគ្នាការពារសត្វព្រៃ និងបញ្ឈប់រាល់សកម្មភាពលួចដាក់អន្ទាក់ ឬបរបាញ់ទាំងស្រុង។ លោកបានគូសបញ្ជាក់ថា វត្តមានរបស់សត្វព្រៃមានសារសំខាន់ខ្លាំងណាស់ក្នុងការលើកតម្លៃសម្បត្តិបេតិកភណ្ឌធម្មជាតិ ពោលគឺនៅពេលដែលភ្ញៀវទេសចរមកទស្សនាអង្គរ ពួកគេមិនត្រឹមតែបានឃើញប្រាសាទបុរាណដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទស្សនាសត្វព្រៃដែលរស់នៅតាមបែបធម្មជាតិ ដែលបង្ហាញពីភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ីនៅទីនោះ។
 
ទន្ទឹមនឹងនេះ លោក Nick Marx អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា និងជាទីប្រឹក្សាផ្នែកជីវៈចម្រុះរបស់អាជ្ញាធរជាតិអប្សរា បានពន្យល់ថា សត្វព្រៃមានតួនាទីជាអ្នកនាំគ្រាប់ពូជឈើនានាឱ្យដុះពាសពេញព្រៃ ដែលជួយបង្កើតឱ្យមានធម្មជាតិបៃតងដ៏ស្រស់បំព្រង និងមានភាពទាក់ទាញកាន់តែខ្លាំងសម្រាប់វិស័យទេសចរណ៍។

Advertisement

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ឱ្យរួមគ្នាថែរក្សាទាំងព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់អង្គរឱ្យបានគង់វង្ស ដោយលោកបានសង្កត់ធ្ងន់ថា សូមកុំផ្តល់ចំណី និងកុំទៅរំខានសត្វព្រៃ ពោលគឺត្រូវទុកឱ្យពួកវាបានរស់នៅក្នុងព្រៃធម្មជាតិតាមទម្លាប់ដោយសុខសាន្ត។
 
បច្ចុប្បន្ននេះ ព្រៃក្នុងតំបន់រមណីយដ្ឋានអង្គរបានក្លាយជាជម្រកដ៏សុខសាន្តរបស់សត្វព្រៃចម្រុះជាច្រើនប្រភេទ រាប់ចាប់តាំងពីសត្វទោចមកុដ សត្វឈ្លូស សត្វស្វាព្រាហ្មណ៍ សំពោចក្រអូប សត្វភេខ្លួនរលោង និងសត្វឆ្មាដាវ។ ក្រៅពីនេះ ក៏មានវត្តមានបក្សាបក្សី និងសត្វកម្រដទៃទៀតដូចជា សត្វកេងកងតូច សត្វកេងកងធំ សត្វភូវាំង សត្វក្ងោក សត្វអន្សង និងសត្វពង្រូលជាដើម ដែលកំពុងរួមរស់បង្កើតជាផ្ទាំងទស្សនីយភាពធម្មជាតិដ៏រស់រវើកទន្ទឹមនឹងប្រាសាទបុរាណដ៏ថ្កុំថ្កើងរបស់កម្ពុជា៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា