កម្ពុជា និងយូនីសេហ្វ ប្ដេជ្ញារួមគ្នាបន្តជួយសង្គ្រោះកុមារកម្ពុជា ជាពិសេស កុមារកំពុងបាត់បង់ជម្រកដោយសារជម្លោះព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងយូនីសេហ្វ ប្ដេជ្ញារួមគ្នាបន្តជួយសង្គ្រោះកុមារកម្ពុជា ជាពិសេស កុមារកំពុងបាត់បង់ជម្រកដោយសារជម្លោះព្រំដែន

កម្ពុជា និងយូនីសេហ្វ ប្ដេជ្ញារួមគ្នាបន្តជួយសង្គ្រោះកុមារកម្ពុជា ជាពិសេស កុមារកំពុងបាត់បង់ជម្រកដោយសារជម្លោះព្រំដែន

ភ្នំពេញ៖ អង្គការយូនីហ្វេស (UNICEF) បានប្ដេជ្ញារួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្តជួយសង្គ្រោះដល់កុមារកម្ពុជា ជាពិសេស កុមាររងគ្រោះ ដោយសារបញ្ហាជម្លោះ ព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយកងទ័ពថៃ ហើយធ្វើឲ្យកុមារទាំងអស់នោះ បន្តភៀសសឹក បាត់បង់ផ្ទះសម្បែង ។

Advertisement

ក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ដែលរៀបចំឡើងដោយ អង្គការយូនីសេហ្វ ក្រោមមូលបទ “រួមគ្នាដើម្បីកុមារគ្រប់រូប” ដោយមានការអញ្ជើញចូលរួមជាអធិបតីពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយកម្ពុជា នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលជាង ៧០ឆ្នាំ ដែលចូលមកដល់ប្រទេសកម្ពុជា យូនីសេហ្វ តែងតែនៅជាមួយ កុមារកម្ពុជាគ្រប់ដំណាក់កាល ហើយជួយពួកគេ ពាក់ព័ន្ធនឹងវិស័យអប់រំ ទឹកស្អាត សុខាភិបាល និងការងារជាច្រើនទៀត ។

លោកបណ្ឌិត បានបន្តថា ក្រោយដួលរលំរបបខ្មែរក្រហម យូនីសេហ្វ បានត្រឡប់មកវិញ ក៏បានបន្តបេសកកម្មរបស់ខ្លួនដូចមុន ហើយប្រទេសកម្ពុជាក៏មានការរីកចម្រើន ជាបន្តបន្ទាប់ ។ ប៉ុន្តែក្នុងឆ្នាំកន្លងទៅនេះ កម្ពុជា បានជួបនូវវិបត្តិជម្លោះព្រំដែន ប្រជាពលរដ្ឋ រាប់ម៉ឺននាក់បានភៀសសឹក ចាក់ចោលលំនៅដ្ឋាន ដែលក្នុងនោះមានកុមារជាច្រើនម៉ឺននាក់ បានបាត់បង់ទីជម្រក មិនបានសិក្សា រស់នៅដោយលំបាកក្នុងដំបូលតង ។ ដូចនេះហើយ អង្គការយូនីសេហ្វ បានចូលរួមជួយពួកគាត់ តាមរយៈសកម្មភាពផ្សេងៗ មានការផ្ដល់ជំនួយ ខណៈកុមារបន្តភៀសសឹក អង្គការនឹងបន្តជួយពួកគេបន្ថែមទៀត ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានក្រើនរំលឹកយ៉ាងច្បាស់ អំពីតួនាទីភារកិច្ច កាតព្វកិច្ច និងទំនួលខុសត្រូវរួមរបស់ថ្នាក់ដឹកនាំ ដៃគូពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋប្រុសស្រីក្នុងការចូលរួមលើកកម្ពស់ ការពារ ថែរក្សា និងគាំទ្រអាយុជីវិត កុមារ ដើម្បីវិនិយោគធនធានមនុស្សជំនាន់ក្រោយ របស់ប្រទេសជាតិ ឱ្យបានច្រើនលើសលប់ ។

ជាមួយនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ អំពើហិង្សាលើកុមារ ការរំលោភបំពានផ្លូវភេទកុមារ ទប់ស្កាត់ឱ្យបាននូវការកេងប្រវ័ញ្ចលើកុមារ ជាពិសេសគឺពលកម្មកុមារ និងត្រូវធានាថា កុមារគ្រប់ៗរូបទទួលបានការថែទាំ សុវត្ថិភាព ក្តីសង្ឃឹម និងឱកាសស្មើៗគ្នា ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាព គឺជាគ្រឹះយ៉ាងសំខាន់បំផុត សម្រាប់សុខុមាលភាពកុមារគ្រប់ៗរូប ។ ជាក់ស្តែង ផលវិបាក នៃសង្គ្រាមដែលកើតឡើងនាពេលកន្លងមក ដែលបាននាំឱ្យកុមារកម្ពុជាជាច្រើន ត្រូវព្រាត់គ្រួសារ បាត់បង់លំនៅឋាន សាលារៀន សេវាសាធារណៈនានា ដែលនាំឱ្យឱកាសរស់របស់កុមាររងគ្រោះធ្លាក់ចុះយ៉ាងដុនដាប ។

ក្នុងនាមជាទូតសុឆន្ទៈរបស់អង្គការយូនីសេហ្វ កញ្ញា ស៊ីន យូប៊ីន បានប្ដេជ្ញា ប្រើសំឡេងរបស់ខ្លួន ក្នុងការប្រាប់ទៅកាន់ពិភពលោក ពីទុក្ខលំបាករបស់កុមារកម្ពុជា ដែលជាដំបូងផ្ដោតសំខាន់ទៅលើកុមារភៀសសឹក ហើយយករាល់វេទិកា ឬកម្មវិធីដែលនាងបានចូលរួម គឺនិយាយពីអ្វី ដើម្បីផ្ដល់ជាប្រយោជន៍ដល់កុមារកម្ពុជា ។

ក្នុងបរិយាកាសប្រកបដោយភាពកក់ក្តៅ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណ ដល់អង្គការយូនីសេហ្វ ដែលបានជួយកុមារកម្ពុជាជាង ៧០ឆ្នាំមកនេះ  ហើយ លោកជំទាវបណ្ឌិត បានបង្ហាញអារម្មណ៍ត្រេកអរជាខ្លាំង ចំពោះការតែងតាំងកញ្ញា ស៊ីន យូប៊ីន ជាទូតសុឆន្ទៈរបស់យូនីសេហ្វកម្ពុជា ដែលការតែងតាំងនេះបានផ្តល់អត្ថន័យ យ៉ាងជ្រាលជ្រៅ ព្រោះថា សិល្បករ សិល្បការិនី គឺជាអ្នកដែលមានឥទ្ធិពល ក្នុងការដាស់តឿនស្មារតីសង្គម និងបំផុសនូវក្តីមេត្តាករុណា ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា