រដ្ឋមន្ត្រីការបរទេសកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត និងនិងអង្គការអន្តរជាតិស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការបរទេសកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត និងនិងអង្គការអន្តរជាតិស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ

រដ្ឋមន្ត្រីការបរទេសកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត និងនិងអង្គការអន្តរជាតិស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញធ្វើបទបង្ហាញជូនប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការ អន្តរជាតិនានាប្រចាំកម្ពុជា ស្តីពីការវិវត្តចុងក្រោយបង្អស់ទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយផ្តោតសំខាន់លើការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) របស់កម្ពុជា។

Advertisement

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសសមាជិកអាស៊ានទាំងអស់ ប្រទេសដៃគូសន្ទនាអាស៊ាន និងមិត្តរបស់កម្ពុជា និងថៃ ដែលបានបន្តគាំទ្រចំពោះបទឈប់បាញ់ និងការខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះព្រំដែន កម្ពុជា-ថៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គទូត និងបណ្តាអង្គការអន្តរជាតិប្រចាំកម្ពុជាថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសេចក្តីជូនដំណឹងផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការចាប់ផ្តើមរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS ដើម្បីដោះស្រាយ ដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីការសោកស្តាយ និងការខកចិត្តយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទាក់ទងនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាប បាតសមុទ្រ (MOU-2001)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា MOU-2001 បានឆ្លុះបញ្ចាំង ពីឆន្ទៈ និងចេតនាពិតប្រាកដរបស់ប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នាដោយស្មោះត្រង់ និងអនុលោមតាម ច្បាប់អន្តរជាតិ ដើម្បីដោះស្រាយព្រំដែនសមុទ្រដោយសន្តិវិធី និងអភិវឌ្ឍធនធានរួមគ្នានៅក្នុងតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នា។ រយៈពេល២៥ឆ្នាំកន្លងមកនេះ MOU-2001 គឺជាក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរពឹងផ្អែកលើ ដើម្បីដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារបស់ខ្លួន។ ដោយថៃបានដកខ្លួនចេញពី MOU-2001 បន្ទាប់ពីបានពិចារណាដោយប្រុងប្រយ័ត្ននៅរាល់ជម្រើសប្រកបដោយសន្តិភាពនិងស្របច្បាប់កម្ពុជាយល់ថាគ្មានជម្រើសផ្សេងក្រៅពីផ្ដើមដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រនោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរអំពីដំណើរការផ្សះផ្សាដោយបង្ខំលើកដំបូងក្រោម UNCLOS រវាងប្រទេសទីម័រឡេស្តេ និងអូស្ត្រាលី ដែលត្រូវបានបញ្ចប់ដោយជោគជ័យជាមួយនឹងការដោះស្រាយ ព្រំដែនសមុទ្រដោយសន្តិវិធីក្នុងឆ្នាំ២០១៨។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមថា តាមរយៈ ការផ្តើមយន្តការផ្លូវច្បាប់ដោយសន្តិវិធីក្រោម UNCLOS នេះ កម្ពុជាអាចបង្ហាញពីតម្លៃនៃច្បាប់អន្តរជាតិ និង ដំណោះស្រាយជម្លោះដោយសន្តិវិធី ក្នុងការការពារអធិបតេយ្យ ការពង្រឹងទំនុកចិត្ត ការបើកលទ្ធភាពប្រើ ប្រាស់ធនធាន ការគាំទ្រការអភិវឌ្ឍ និងការរួមចំណែកដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់កម្ពុជា និង ថៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់ទាំងមូលផងដែរ នេះជាលើកទី២ក្នុងប្រវត្តិសាស្ត្រនៃអនុសញ្ញានេះផងដែរ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃដោយសន្តិវិធី និងបានសម្តែងក្តីសង្ឃឹមយ៉ាង មុតមាំថា ប្រទេសទាំងពីរនឹងអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ និងយូរអង្វែង៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា