វិស័យអាកាសចរណ៍កម្ពុជានៅតែបង្ហាញភាពធន់ ទោះរងផលប៉ះពាល់ពីវិបត្តិភូមិសាស្រ្តនយោបាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យអាកាសចរណ៍កម្ពុជានៅតែបង្ហាញភាពធន់ ទោះរងផលប៉ះពាល់ពីវិបត្តិភូមិសាស្រ្តនយោបាយ

វិស័យអាកាសចរណ៍កម្ពុជានៅតែបង្ហាញភាពធន់ ទោះរងផលប៉ះពាល់ពីវិបត្តិភូមិសាស្រ្តនយោបាយ

ខណៈដែលវិស័យអាកាសចរណ៍ពិភពលោកកំពង់ឆ្លងកាត់វិបត្តិបង្កឡើងដោយសារសង្រ្គាមនៅមជ្ឈឹមបូព៌ា នៅកម្ពុជាឯណេះវិញ ការដឹកជញ្ជូនផ្លូវអាកាសនៅតែបង្ហាញភាពធន់។ ជាក់ស្តែង កាលពីខែឧសភាកន្លងទៅ ព្រលានយន្តហោះទាំងបួនរបស់កម្ពុជាទទួលបានជើងហោះហើរជិត ៩៨៦ ជើងក្នុងមួយសប្តាហ៍។ នេះបើយោងតាមការបញ្ជាក់ររបស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា។  
 
មានក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន ៣៣ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន ៤ និងក្រុមហ៊ុនអន្តរជាតិចំនួន ២៩ កំពុងបើកការហោះហើរចេញ-ចូល ព្រលានយន្តហោះកម្ពុជា។

Advertisement

អាកាសយានដ្ឋានអន្តរជាតិតេជោបាននាំមុខគេលំដាប់ទីមួយ ដោយមានជើងហោះហើរសរុបរហូតដល់ ៧០៨ ជើងក្នុងមួយសប្តាហ៍។ ចំណែកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាច្រកទ្វារទេសចរណ៍វប្បធម៌ដ៏សំខាន់ ឈរនៅលំដាប់ទីពីរ ជាមួយជើងហោះហើរចំនួន ២២៤ ជើងក្នុងមួយសប្តាហ៍។
 
ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបានជើងហោះហើរចំនួន ៥០ ជើងក្នុងមួយសប្តាហ៍ ខណៈដែលអាកាសយានដ្ឋានតារាសាគរ កំពុងដំណើរការជើងហោះហើរក្នុងស្រុកចំនួន ៤ ជើងក្នុងមួយសប្តាហ៍ផងដែរ។
 
សម្រាប់រយៈពេល ៤ខែដើមឆ្នាំ២០២៦ ​អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា នៅខេត្តកណ្តាល សៀមរាប និងព្រះសីហនុ ទទួលបានជើងហោះហើរចេញ-ចូលទ្វេទិសសរុបចំនួន ២៣ ០០០ជើង។ ​តួលេខនេះមានការកើនឡើងប្រមាណ ២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

បើទោះបីជាចំនួនជើងហោះហើរមានការកើនឡើងក្តី ប៉ុន្តែចំនួនអ្នកដំណើរចេញ-ចូលសរុបមានការថយចុះប្រមាណ ៤% មកនៅត្រឹមចំនួន ២,៤២លាននាក់។ ដោយឡែក ទំនិញតាមផ្លូវអាកាសចេញ-ចូលទ្វេទិស មានការហក់ឡើងយ៉ាងគំហុករហូតដល់ជាង ៣០ ម៉ឺនតោន ដែលស្មើនឹងការកើនឡើងប្រមាណ ៣៦%។
 
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជា កំពុងពង្រីកសក្តានុពលរបស់ខ្លួន ដោយមានប្រតិបត្តិការហោះហើរតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយតំបន់មជ្ឈិមបូព៌ា និងមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗផ្សេងទៀត។

ប៉ុន្តែក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលនៅបន្តស្ថិតក្នុងភាពមិនប្រាកដប្រជា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ជើងហោះហើរចេញ-ចូល នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ (Lao Airlines) បានផ្អាកជាបណ្តោះអាសន្ន។
 
ជាមួយគ្នានេះដែរ សម្រាប់ជើងហោះហើរទ្វេទិសរវាងបាងកកនិងភ្នំពេញ ក៏បានបង្ហាញពីសញ្ញាថមថយមួយចំនួនផងដែរក្នុងរយៈពេលចុងក្រោយនេះ។ ទោះបីយ៉ាងណា និន្នាការនេះមិនទាន់បានប៉ះពាល់ដល់វិស័យទេសចរណ៍ជារួមនៅកម្ពុជាឡើយទេ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា