ទូតកូរ៉េ៖ ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតកូរ៉េ៖ ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃ

ទូតកូរ៉េ៖ ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃ

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

Advertisement

ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើគ្រប់វិស័យ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ រយៈពេលជិត៣០ឆ្នាំ។ ទន្ទឹមនេះដែរ កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត ម៉ឺងម៉ាត់ក្នុងការដាក់ចេញនូវវិធានការបង្ក្រាប និងបោសសម្អាតក្រុមបណ្តាញចាត់តាំងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុលោមតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមសន្តិបណ្ឌិត បានរំលេចអំពីលទ្ធផលស្នាដៃជាច្រើនរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្រោមការសម្របសម្រួល និងជំរុញពី គ.ប.ឆ.ប. ដែលដឹកនាំផ្ទាល់ដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី និងដែលសម្រេចបានកន្លងមក លើការងារបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិតបានជម្រាបជូនថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលខាងមុខ និងអញ្ជើញបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ចូលរួម ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានផ្តល់កិច្ចសហការល្អលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈក្រុមការងាររួមកម្ពុជា-កូរ៉េ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញការពេញចិត្ត និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលស្តែងចេញតាមលទ្ធផលបង្រ្កាបជាក់ស្តែង និងការប្រកាសដាក់ឱ្យប្រើប្រាស់នូវច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមបានកត់សម្គាល់ថា ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់ កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត ។

ឯកឧត្តមបានទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ឯកឧត្តមក៏បានកោតសរសើរសមត្ថកិច្ច និងតុលាការកម្ពុជា ដែលបានផ្តល់យុត្តិធម៌ដល់និស្សិតរងគ្រោះកូរ៉េ ដោយបានដាក់ទោសធ្ងន់ធ្ងរចំពោះឧក្រិដ្ឋជន ដោយចំណាត់ការនេះទទួលបានការសាទរយ៉ាងខ្លាំងពីពលរដ្ឋកូរ៉េ ។ ឯកឧត្តមមានជំនឿជឿជាក់លើការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងគូសបញ្ជាក់ចំណាប់អារម្មណ៍ចូលរួមរបស់ភាគីកូរ៉េ ចំពោះសន្និសីទអន្តរជាតិ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនាពេលខាងមុខនេះ។

មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធបច្ចុប្បន្នភាព ក៏ដូចជាជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការផ្លាស់ប្តូរព័ត៌មាន និងការរួមសហការលើការងារបណ្តុះបណ្តាល និងកសាងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់៕

ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា