កម្ពុជា និងតំណាងអ.ស.ប ប្តេជ្ញាបន្តកិច្ចសហការដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងតំណាងអ.ស.ប ប្តេជ្ញាបន្តកិច្ចសហការដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ

កម្ពុជា និងតំណាងអ.ស.ប ប្តេជ្ញាបន្តកិច្ចសហការដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖នៅវិមានរដ្ឋសភា កម្ពុជានិងតំណាង អ.ស.ប ប្រចាំកម្ពុជាបានប្តេជ្ញាបន្តកិច្ចសហការឱ្យជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទី រដ្ឋសភាបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់ ។នេះបើតាមឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភា ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបរវាង សម្តេចមហារដ្ឋសភាធិការ​ធិបតី ឃួន សុដារីប្រធានរដ្ឋសភា ជាមួយលោកជំទាវ វ្លាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិ ប្រចាំកម្ពុជាឱកាសចូលជួបពិភាក្សាការងារកាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ។

Advertisement

អ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា ក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះ​ភ្នាក់ងារសហប្រជាជាតិ និងអង្គការដៃគូនានា ដែលបានចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍនៅកម្ពុជា នាពេលកន្លងមក គិតចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព ស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ។

សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារសហប្រជាជាតិ ដែលបានផ្តល់កិច្ចសហការជិតស្និទ្ធ ជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងនីតិ​ប្រតិបត្តិកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានចាត់ទុកថា ភ្នាក់ងារអ.ស.ប ជាដៃគូដ៏សំខា ន់របស់កម្ពុជា ស្របពេលដែលថ្មីៗនេះ ក្រោមកិច្ចសហការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិសហប្រជាជាតិដើម្បីប្រជាជន និងការអភិវឌ្ឍ(UNFPA) និងអង្គការសហប្រជាជាតិដើម្បីស្រ្តី (UN Women) បានសហការជាមួយគណៈកម្មការទី៨ របស់រដ្ឋសភា រៀបចំកម្មវិធី «សភាត្រាប់» សំដៅលើកកម្ពស់សិទ្ធិ និងចំណេះដឹងដល់យុវជន និងយុវតីកម្ពុជា ក្នុងភាពជា​អ្នកដឹកនាំ។ កម្មវិធីសភាត្រាប់នេះ ទទួលបានជោគជ័យ និងទទួលបាននូវការគាំទ្រ និងចំណាប់អារម្មណ៍យ៉ាងខ្លាំងពី​សាធារណជន ជាពិសេស ពីសំណាក់យុវជនកម្ពុជា ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាបិតា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ហើយក្នុងនីតិកាលបន្ទាប់នេះ សម្តេចបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនចំនួនស្រ្តី ក្នុងតួនាទីសម្រេចចិត្តឱ្យបានកាន់តែច្រើន​បន្ថែមទៀត ។ ចក្ខុវិស័យនេះ ត្រូវបានបន្តអនុវត្តយ៉ាងខ្លាំងក្លា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដោយ​សម្តេចបវរ​ធិបតី ហ៊ុន ម៉ាណែតដោយបានចាត់ទុកថា ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច និងសង្គម។ សម្តេចធិបតី បានលើកឡើងថា ពិភពលោក នឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រី ក្លាយជាអ្នកដឹកនាំកាន់តែច្រើន ។

ចំណែកលោកជំទាវ វ្ល៉ាដាន់កា អាន់ដ្រេវ៉ា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់កម្ពុជា ក្នុងរយៈពេល ២០ឆ្នាំ​មកនេះ ពិសេសបេសកកម្មរក្សាសន្តិភាពពិភពលោក ដោយបានក្លាយពី ប្រទេសដែលទទួលកងទ័ពមួកខៀវ ទៅជាប្រទេសដែល​បានបញ្ជូនកងកម្លាំងមួកខៀវ ជាបន្តបន្ទាប់ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ។

លោកជំទាវ ពេញចិត្តជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នរបស់កម្ពុជា ពិសេស រវាងរដ្ឋសភា ជាមួយនឹង​ទីភ្នាក់ងារនានារបស់អ.ស.បនៅកម្ពុជា លើការអនុវត្តវិស័យសំខាន់ៗរួមមាន វិស័យសុខាភិបាល ការអប់រំ បច្ចេកវិទ្យា ការលើក​កម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងក្មេងស្រី។ ក្នុងនោះ តាមរយៈកម្មវិធី «សភាត្រាប់» ដែលបានរៀបចំ​នៅវិមានរដ្ឋសភាថ្មីៗនេះ សម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ ។

ក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ វ្ល៉ាដាន់កា អាន់ដ្រេវ៉ា បានឯកភាពគ្នា ពង្រឹងកិច្ចសហការបន្ថែមទៀត ធ្វើយ៉ាងណា ឱ្យការបំពេញមុខងាររបស់រដ្ឋសភា បម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ កាន់តែមានប្រសិទ្ធភាពឡើង ៕

ដោយ៖វណ្ណលុក
រូបភាព៖ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា