អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីមូលហេតុនៃការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីមូលហេតុនៃការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីមូលហេតុនៃការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់អំពីមូលហេតុនៃការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS និងជំហររបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

Advertisement

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។

មូលហេតុ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្ពុជានិងថៃមានក្របខណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ក្របខណ្ឌទ្វេភាគីនោះ គឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចំាងពីការយល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយព្រំដែនសមុទ្រ និងអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
សម្តេចធិបតីបន្តថា នៅពេលដែលរាជរដ្ឋាភិបាលថៃបានប្រកាសថា នឹងដកខ្លួនចេញពីក្របខណ្ឌទ្វេភាគីដ៏យូរអង្វែងនេះ កម្ពុជាបានស្នើឱ្យភាគីថៃពិចារណាឡើងវិញ ប៉ុន្តែ ជាការគួរឱ្យសោកស្តាយ ភាគីថៃនៅតែសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះដដែល។ ការណ៍នេះមានន័យថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក មិនអាចយកមកប្រើប្រាស់ទៀតបានឡើយ។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ឱកាសចរចាទ្វេភាគីដើម្បីឈានទៅរកដំណោះស្រាយត្រូវបានប្រើប្រាស់អស់លទ្ធភាពហើយ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានពិចារណាយ៉ាងហ្មត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាន និងដែលអាចអនុវត្តទៅបាន។
អ្នកនាំពាក្យវបានបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រដែលស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិដែលកំណត់នូវសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋភាគីនានាពាក់ព័ន្ធនឹងដែនសមុទ្រដែលក្នុងនោះទាំងកម្ពុជានិងថៃជារដ្ឋភាគីនៃអនុសញ្ញានេះ។ ការផ្សះផ្សារដោយបង្ខំ ដែលជាយន្តការផ្លូវច្បាប់ដោយសន្តិវិធីនៅក្រោមអនុសញ្ញា UNCLOS នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរបង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយដែលមានសមាជិកជាអ្នកផ្សះផ្សារចំនួន៥រូប និងសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី ក៏ធ្លាប់សម្តែងការសោកស្តាយដែលថៃលុបចោល MoU 2001 ហើយសម្តេចបានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ ដូច្នេះ សូមកុំចោទប្រកាន់ថា កម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថា ធ្លាក់ចូលអន្ទាក់កម្ពុជា ដែលចង់ឱ្យភាគីទី៣ ឬអន្តរជាតិចូលរួម និងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។ សម្តេចតេជោសង្ឃឹមថា កម្ពុជានិងថៃនឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញា UNCLOS បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នកំពូលរបស់ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ អាចនិយាយបានថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សារដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីទទួលបានដំណោះស្រាយមួយត្រឹមត្រូវ យុត្តិធម៌ និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនជនរួមជាតិជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា