អាមេរិកប្រកាសវិនិយោគ១០០លានដុល្លារក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកប្រកាសវិនិយោគ១០០លានដុល្លារក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ

អាមេរិកប្រកាសវិនិយោគ១០០លានដុល្លារក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ

ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមិថុនា បានអនុម័តលើការវិនិយោគជាយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារ ដើម្បីគាំទ្រដល់ការបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិតេជោ។
 
DFC បញ្ជាក់ថា ការវិនិយោគជាមួយក្រុមហ៊ុន OCIC នេះនឹងជួយពង្រីកសមត្ថភាពវិស័យអាកាសចរណ៍កម្ពុជា បង្កើន​ការតភ្ជាប់ជាមួយពិភពលោក និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍជាតិ។
 
ការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍របស់រដ្ឋាភិបាលអាមេរិកនេះ ក៏ឆ្លុះបញ្ចាំងពីការទទួលស្គាល់លើសក្តានុពលរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងការក្លាយជាច្រកទ្វារអាកាសដ៏សំខាន់សម្រាប់កម្ពុជា និងតំបន់។
 
យោងតាមសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក ការវិនិយោគនេះនឹងជួយពង្រីកសមត្ថភាពទទួលអ្នកដំណើរ និងការដឹកជញ្ជូនទំនិញរបស់ព្រលានយន្តហោះកម្ពុជា ដោយចំនួនអ្នកដំណើរត្រូវបានរំពឹងថានឹងកើនឡើងទ្វេដងក្នុងរយៈពេលប្រាំឆ្នាំខាងមុខ និងអាចបម្រើអ្នកដំណើរបានលើសពី ៩ លាននាក់ក្នុងមួយឆ្នាំ។
 
ការកែលម្អហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងជួយបង្កើនការតភ្ជាប់អន្តរជាតិ កាត់បន្ថយការពឹងផ្អែកលើមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ និងពង្រឹងសក្តានុពលរបស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍។ គម្រោងនេះក៏ត្រូវបានរំពឹងថានឹងបង្កើតការងារអចិន្ត្រៃយ៍ដោយផ្ទាល់ជាង ១៣០ កន្លែង បង្កើនប្រាក់ចំណូលនៅក្នុងមូលដ្ឋាន និងផ្តល់អាទិភាពដល់ការទិញទំនិញ និងសេវាកម្មពីអ្នកផ្គត់ផ្គង់ក្នុងស្រុក ដែលអាចជួយឱ្យសហគ្រាសធុនតូច និងមធ្យមទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ការសម្រេចចិត្តរបស់ DFC លើកនេះ ត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីទំនុកចិត្តរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំពោះអនាគតសេដ្ឋកិច្ចកម្ពុជា និងតួនាទីកាន់តែសំខាន់របស់អាកាសយានដ្ឋានអន្តរជាតិតេជោក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការធ្វើសមាហរណកម្មរបស់កម្ពុជាជាមួយសេដ្ឋកិច្ចពិភពលោក៕

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា