ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យការស្នើការលើកទឹកចិត្តពិសេស លើកទី ២៥ និង ពិភាក្សាលើយុទ្ធសាស្ត្របើកទំព័រថ្មីនៃការអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យការស្នើការលើកទឹកចិត្តពិសេស លើកទី ២៥ និង ពិភាក្សាលើយុទ្ធសាស្ត្របើកទំព័រថ្មីនៃការអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យការស្នើការលើកទឹកចិត្តពិសេស លើកទី ២៥ និង ពិភាក្សាលើយុទ្ធសាស្ត្របើកទំព័រថ្មីនៃការអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក

នាព្រឹកថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ២៥ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

Advertisement

គម្រោងទាំងនេះ រួមមាន ជាអាទិ៍ គម្រោងរោងចក្រផលិត និង ផ្គុំដំឡើងឧបករណ៍បំពង់ខ្យល់, គម្រោងរោងចក្រផលិតក្តារប៉ាកេ, គម្រោងអគារពហុមុខងារ, គម្រោងផ្សាររាត្រី, គម្រោងរមណីយដ្ឋាន និង គម្រោងអគារពហុមុខងារ ក្រោមទុនវិនិយោគជាង ៣៩ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ការងារជំរុញវិនិយោគ ត្រូវធ្វើទន្ទឹមគ្នា ទាំងលើការពិនិត្យផ្តល់ការលើកទឹកចិត្តជាកញ្ចប់ និង ទាំងលើការសម្រួលនីតិវិធី ការថែទាំវិនិយោគ ការប្រឹក្សាយោបល់ និង ការសម្របសម្រួលផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និង សំណូមពរនានារបស់វិនិយោគិន ។ ក្រៅពីនេះ, ក្រុមការងារត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល រួមទាំងការបណ្តុះបណ្តាលជំនាញ ការជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និង ការតភ្ជាប់ឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ។

ជាមួយនេះ, អង្គប្រជុំបានពិភាក្សាលើរបាយការណ៍សិក្សាអំពីសក្តានុពល និង កាលានុវត្តភាពនៃការអភិវឌ្ឍកោះតាមប្រទេសនានា និង កោះរ៉ុង ក្នុងខេត្តព្រះសីហនុ ព្រមទាំងលទ្ធភាពដាក់ចេញវិធានការបន្ថែម និង/ឬ យុទ្ធសាស្ត្រទាក់ទាញការវិនិយោគនៅកោះរ៉ុង ក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីប្រែក្លាយកោះរ៉ុង ជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់មួយ ក្នុងពិភពលោក ដោយផ្តោតលើទេសចរណ៍ធម្មជាតិ បដិសណ្ឋារកិច្ចកម្រិតខ្ពស់ និង ទេសចរណ៍សុខភាព ។ល។

សូមបញ្ជាក់ជូនថា, ក្រុងកោះរ៉ុង មានផ្ទៃដីសរុប ១១ ៣២៣,៨៩ ហិកតា, មានឆ្នេរសរុបប្រមាណ ៦១ គីឡូម៉ែត្រ ក្នុងនោះ ប្រមាណ ៤៣ គីឡូម៉ែត្រ ជាឆ្នេរខ្សាច់ ដែលទទួលបានចំណាត់ថ្នាក់លេខ ៩ ក្នុងបញ្ជីឆ្នេរល្អបំផុតទាំង ៥០ នៅលើពិភពលោក ប្រចាំឆ្នាំ ២០២៦, ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា បណ្ដាញផ្លូវ, គម្រោងអាកាសយានដ្ឋានកម្រិត 4C និង បណ្តាញអគ្គិសនីក្រោមបាតសមុទ្រ ជាដើម ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា គោលដៅទេសចរណ៍កោះរបស់កម្ពុជា នៅមានសក្តានុពលវិនិយោគធំធេង ខណៈដែលភ្ញៀវទេសចរតាមបណ្ដាកោះ មានចំនួនកើនឡើងជាលំដាប់ ជាពិសេសភ្ញៀវមកពីអឺរ៉ុប ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ស្ថានភាពនេះ ទាមទារឱ្យមានការគិតគូរទុកមុន ឱ្យបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញវិធានការជាក់លាក់ និង/ឬ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជំរុញសម្ទុះនៃការអភិវឌ្ឍកោះរ៉ុង ជាទីក្រុងទេសចរណ៍ ដែលមានភាពទាក់ទាញ និង បង្កើតតម្លៃបន្ថែមខ្ពស់ ព្រមទាំងចូលរួមទាក់ទាញវិនិយោគក្នុងខេត្តព្រះសីហនុ ការដោះស្រាយបញ្ហាអគារជាប់គាំង និង ការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងទៀត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសវិនិយោគ នៅខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្ត អនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និង អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ និង លើកកម្ពស់ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ តាមរយ: ការរួមគ្នាដោះស្រាយបញ្ហាជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និង ការលើកស្ទួយស្មារតី “ឧត្តមនិយម” នៃផលប្រយោជន៌រួមជាចំបង ។

សម្រាប់ការងារចំពោះមុខ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា ស្ថានភាពវិវត្តថ្មីៗនេះ ទាំងក្នុងពិភពលោក និង ក្នុងប្រទេស បានបង្កើតបញ្ហាប្រឈមផង និង កាលានុវត្តភាពផង ដូច្នេះ ពេលនេះ ជាងពេលណាៗ ដែលក្រុមការងារត្រូវខិតខំ ដោយបុរេសកម្ម និង សកម្មជានិច្ច ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរ សម្រាប់ការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា