ក្រសួងសារធារណការគ្រោងបំពាក់ប្រព័ន្ធតាមដានរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងសារធារណការគ្រោងបំពាក់ប្រព័ន្ធតាមដានរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ

ក្រសួងសារធារណការគ្រោងបំពាក់ប្រព័ន្ធតាមដានរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ

​ក្នុងគោលបំណងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើតប្រព័ន្ធស៊ិនស័រ(Sensor) បំពាក់ទៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីគ្រប់គ្រងអ្នកបើកបរកុំឱ្យបញ្ជារថយន្តលើសល្បឿនកំណត់ ។

Advertisement

គម្រោងបំពាក់ Sensor នេះត្រូវបានគូសបញ្ជាក់ដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តមមានប្រសាសន៍ថា ក្រសួងសាធារណការ បានជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញរួចហើយ ដើម្បីឈានទៅបង្កើតប្រព័ន្ធមួយគ្រប់គ្រងអ្នកបើកបររបស់ក្រុមហ៊ុនប្រកបអាជីវកម្មទាំងនេះកុំឱ្យបើកបរលើសល្បឿនកំណត់។ ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថា ប្រព័ន្ធ Sensor នេះនឹងបំពាក់ទៅលើរថយន្តធំៗ ជាពិសេសរថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញ។ ពេលណាបើកលើសល្បឿន គឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុននឹងអាចចាត់វិធានការផ្ទាល់ជាមួយអ្នកបើកបរតែម្ដង កុំឱ្យគាត់បើកបរលើសល្បឿនកំណត់។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្ថែមថា ក្រសួង រួមទាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ បានឯកភាពគ្នាជាគោលការណ៍រួចហើយ ព្រមទាំងបានសិក្សាពីបច្ចេកវិទ្យាប្រទេសចិន អាម៉េរិក និងអឺរ៉ុប ដើម្បីរកបច្ចេកវិទ្យាមួយ ដែលសមស្របជាមួយនឹងស្ថានភាពនៃការដឹកជញ្ជូននៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធដែលបានចូលរួមផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ចែកមួកសុវត្ថិភាពដល់អ្នកដំណើរតាមដងផ្លូវ និងរៀបចំកន្លែងបើកបរម៉ូតូសាកល្បងដូចពេលប្រឡងជាក់ស្តែង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីការធ្វើដំណើរនៅតាមដងផ្លូវដោយសុវត្ថិភាព។

យោងតាមឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍មានកំណើនតិចតួច បើប្រៀបធៀបជាមួយឆ្នាំកន្លងទៅ។ អាត្រាស្លាប់ក៏មានកំណើនប្រមាណ១០% ហើយចំនួនអ្នករបួសកើនជាង១០០នាក់។ ឯកឧត្ដមនាយឧត្ដមសេនីយ៍បានពន្យល់ថា កំណើននេះ គឺដោយសារថ្មីៗនេះ មានគ្រោះថ្នាក់រថយន្តដឹកកម្មករ ដោយនៅក្នុងឧសភាតែមួយ មានរបួសរហូតដល់ជាង១០០នាក់ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង និងមានអ្នកស្លាប់រហូតដល់១៤នាក់៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា