សម្តេចធិបតីបញ្ជាក់ជូនមន្រ្តីជាន់ខ្ពស់អាមេរិកថាកម្ពុជានឹងបន្តបោសសម្អាតពួកឆបោកអនឡាញជាប្រចាំរហូតអស់ពីកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីបញ្ជាក់ជូនមន្រ្តីជាន់ខ្ពស់អាមេរិកថាកម្ពុជានឹងបន្តបោសសម្អាតពួកឆបោកអនឡាញជាប្រចាំរហូតអស់ពីកម្ពុជា

សម្តេចធិបតីបញ្ជាក់ជូនមន្រ្តីជាន់ខ្ពស់អាមេរិកថាកម្ពុជានឹងបន្តបោសសម្អាតពួកឆបោកអនឡាញជាប្រចាំរហូតអស់ពីកម្ពុជា

ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានសម្ដែងក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាពច្រើនថែមទៀត ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស្អិតរមួត។

Advertisement

ឯកឧត្តមអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវ «កិច្ចព្រមព្រៀងបើកចំហជើងមេឃ» ជាប្រវត្តិសាស្ត្រ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលនឹងជួយលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមបានសម្ដែងការពេញចិត្តចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលដល់បណ្ដាក្រុមហ៊ុនវិនិយោគរបស់អាមេរិក ក្នុងការបោះទុន និងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដែលការណ៍នេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

លើសពីនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជា គឺជាប្រទេសដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ ដោយសារកម្ពុជាមានវប្បធម៌ដ៏សម្បូរបែប និងល្បីល្បាញ លើសកលលោក ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីរីករាយ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងលទ្ធផលល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានបញ្ជាក់ថា កម្ពុជានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនឯកឧត្តមអនុរដ្ឋមន្ត្រី អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងធានាដល់ភាពជោគជ័យរបស់វិស័យឯកជន ក៏ដូចជាក្រុមហ៊ុនបរទេសដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ។

រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងខិតខំអភិវឌ្ឍលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិក តាមរយៈការពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងកំពុងកសាងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ មានគោលដៅបង្កើនប្រសិទ្ធភាពដឹកជញ្ជូន និងការប្រកួតប្រជែងរបស់កម្ពុជា, ក៏ដូចជាបង្កើតការងារ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ សម្ដេចធិបតីបានគូសបញ្ជាក់ពីវិធានការម៉ឺងម៉ាត់របស់រាជរាជរដ្ឋាភិបាល និងកិច្ចសហការជាមួយបណ្តាប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា វិធានការនេះ នឹងត្រូវបន្តអនុវត្តជាប្រចាំ រហូតដល់មានការបោសសម្អាត ក្រុមឧក្រិដ្ឋជនទាំងនេះឱ្យអស់ពីកម្ពុជា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា