វាលស្មៅជុំវិញបឹងទន្លេសាបជាទីជម្រកចុងក្រោយបង្អស់ទ្រទ្រង់សត្វខ្សឹបជិត៨០% នៃពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វាលស្មៅជុំវិញបឹងទន្លេសាបជាទីជម្រកចុងក្រោយបង្អស់ទ្រទ្រង់សត្វខ្សឹបជិត៨០% នៃពិភពលោក

វាលស្មៅជុំវិញបឹងទន្លេសាបជាទីជម្រកចុងក្រោយបង្អស់ទ្រទ្រង់សត្វខ្សឹបជិត៨០% នៃពិភពលោក

តំបន់ដីសើមនៃវាលទំនាបបឹងទន្លេសាប បានក្លាយជាទីជម្រកចុងក្រោយបង្អស់សម្រាប់ការរស់រានរបស់ «សត្វខ្សឹប» ដែល ជាប្រភេទបក្សីកំពុងរងការគំរាមកំហែងជិតផុតពូជបំផុតនៅលើពិភពលោក។

Advertisement

អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦បានឱ្យដឹងថា ខណៈចំនួនសរុបនៃ​ពូជ​បក្សីនេះនៅលើសកលលោកបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ តំបន់វាលស្មៅធម្មជាតិជុំវិញ​បឹង​ទន្លេសាបបែរជាអាចទ្រទ្រង់ចន្លោះពី ៧០ ទៅ ៨០ភាគរយ នៃចំនួនសត្វខ្សឹបសរុបនៅលើពិភពលោក។ ក្រៅពីកម្ពុជា បច្ចុប្បន្ន​សត្វខ្សឹបនេះមានវត្តមានក្នុងចំនួនដ៏តិចតួច និងដាច់ដោយឡែកពីគ្នានៅក្នុងប្រទេសឥណ្ឌា និងណេប៉ាល់តែប៉ុណ្ណោះ។

អង្គការ WCS ប្រចាំកម្ពុជា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងសហគមន៍មូលដ្ឋាន បានរួមគ្នាធ្វើជំរឿន​សត្វខ្សឹប​ប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០០៣មក។ការតាមដានរយៈពេលវែងនេះធ្វើឡើងនៅក្នុងទីតាំង​ជាច្រើន​ដែលត្រូវបានកំណត់ជា «តំបន់ការពារសត្វខ្សឹប» ទាំងនៅផ្នែកខាងជើង និងខាងត្បូងនៃបឹងទន្លេសាប។

សម្រាប់ឆ្នាំ២០២៦ នេះ ចាប់ពីខែមីនា ដល់ខែមិថុនា ក្រុមអ្នកអភិរក្សបានចុះបំពេញបេសកកម្មនៅលើវាលទំនាបដើម្បីធ្វើជំរឿន​ប្រចាំឆ្នាំ។ អំឡុងពេលនេះ គឺចំពេលរដូវបន្តពូជ ដែលសត្វខ្សឹបឈ្មោលមានសកម្មភាពយ៉ាងខ្លាំងក្នុងការរាំពត់​ពេនបង្អួត​រោម​ដើម្បីទាក់ទាញញី ដែលជាឱកាសល្អអនុញ្ញាតឱ្យក្រុមការងារអាចកំណត់រាប់ចំនួនរបាយសត្វ និងវាយតម្លៃលើប្រសិទ្ធភាព​រយៈពេលវែងនៃយុទ្ធសាស្ត្រអភិរក្ស។

ទីតាំងស្នូលដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ទោះបីជាសត្វខ្សឹបមានរស់នៅក្នុងតំបន់វាលស្មៅជុំវិញ​បឹង​ទន្លេសាបក៏ដោយ ប៉ុន្តែ «តំបន់អភិរក្សសត្វខ្សឹបស្ទោង» ដែលស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ គឺជាទីតាំង​ដែលមានវត្តមានសត្វខ្សឹប​រស់នៅច្រើនជាងគេបំផុត។

តំបន់អភិរក្សសត្វខ្សឹបស្ទោង ខេត្តកំពង់ធំ គឺជាផ្នែកមួយនៃតំបន់ការពារទេសភាពទំនាបបឹងទន្លេសាបខាងជើង ដែលត្រូវបានដាក់​ជា​តំបន់ការពារដោយក្រសួងបរិស្ថាន ក្នុងឆ្នាំ២០១៦ ហើយក៏ជាទីជម្រកវាលស្មៅចុងក្រោយដែលនៅសេសសល់​សម្រាប់សត្វ​ខ្សឹប​ប្រភេទនេះផងដែរ៕


ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា