ប្រទេសដៃគូបន្តផ្តល់ជំនួយដល់គម្រោងអភិរក្សប្រាសាទអង្គរ ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសដៃគូបន្តផ្តល់ជំនួយដល់គម្រោងអភិរក្សប្រាសាទអង្គរ ​

ប្រទេសដៃគូបន្តផ្តល់ជំនួយដល់គម្រោងអភិរក្សប្រាសាទអង្គរ ​

កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលការអភិរក្ស និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក បានបញ្ចប់ទៅដោយជោគជ័យ ដោយទទួលបានការប្តេជ្ញាចិត្តបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីដៃគូអន្តរជាតិ សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។
 
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៩ និងទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្រោមអធិបតីភាពសហប្រធាន លោក Pierre Vincent ទីប្រឹក្សាផ្នែកវប្បធម៌ និងកិច្ចសហប្រតិបត្តិការនៃស្ថានទូតបារាំង និងលោក Nagase Kensuke ភារធារីនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា។
 
ចំពោះមុខតំណាងស្ថាប័នជាតិ និងអន្តរជាតិប្រមាណ៣០០នាក់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងពីផលប៉ះពាល់នៃការប៉ះទង្គិចតាមបណ្តោយព្រំដែនកម្ពុជា-ថៃទៅលើបេតិកភណ្ឌវប្បធម៌ជាតិ និងពិភពលោក ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីសាធារណមតិគ្រប់ទិសទី ដើម្បីថែរក្សាសម្បត្តិវប្បធម៌ទាំងនោះជាតម្លៃមនុស្សជាតិ។

Advertisement

ក្នុងកិច្ចប្រជុំនោះ រដ្ឋាភិបាលជប៉ុនបានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន ដំណាក់កាលទី៧ ខណៈរដ្ឋាភិបាលដ្ឋអាមេរិកបានប្រកាសជំនួយបន្ថែមចំនួន ២៥ម៉ឺនដុល្លារអាមេរិក តាមរយៈអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្តការងារអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។
 
កិច្ចប្រជុំក៏បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ដែលជាកិច្ចសហការរវាងប្រទេសបារាំង និងអាជ្ញាធរជាតិអប្សរា។ គម្រោងដែលបានអនុវត្តអស់រយៈពេល ១៤ឆ្នាំនេះ ទទួលបានជំនួយសរុបចំនួន ១២លានអឺរ៉ូ ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដោយគ្រោងសម្ពោធជាផ្លូវការក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
 
បន្ថែមពីនេះ អង្គប្រជុំបានគាំទ្រគំនិតផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងការកសាងធនធានមនុស្ស ការផ្ទេរចំណេះដឹង ការរៀបចំមជ្ឈមណ្ធលបដិស្ណ្ឋារកិច្ច និងមជ្ឈមណ្ឌលបកស្រាយព័ត៌មានអង្គរ ព្រមទាំងការពង្រឹងប្រព័ន្ធឯកសារ និងទិន្នន័យស្រាវជ្រាវ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលទេសចរណ៍ថ្មីៗ ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍តំបន់អង្គរ និងសំបូរព្រៃគុក។
 
ម៉្យាងទៀត កិច្ចប្រជុំក៏បានកត់សម្គាល់វឌ្ឍនភាពនៃការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងផែនការគ្រប់គ្រងការប្រើប្រាស់ដីធ្លី សំណង់ និងនគរូបនីយកម្ម ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលគ្របដណ្តប់លើភូមិចំនួន ១១៤ ក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
 
ជាមួយគ្នានេះ អង្គប្រជុំបានស្វាគមន៍វឌ្ឍនភាពនៃគម្រោងរៀបចំប្លង់មេគ្រប់គ្រងធនធានទឹកក្នុងតំបន់អង្គរ ដែលអនុវត្តក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងដៃគូបារាំង ដោយគម្រោងនេះបានកៀរគរថវិកាប្រមាណ ១លានអឺរ៉ូរួចហើយ ដើម្បីធានាការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព និងការពារប្រព័ន្ធធារាសាស្ត្របុរាណរបស់អង្គរ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា