វត្ថុបុរាណខ្មែរចំនួន២ទៀតត្រូវបានអាមេរិករឹបអូសពីសារមន្ទីរល្បីមួយដើម្បីបញ្ជូនមកកម្ពុជាវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្ថុបុរាណខ្មែរចំនួន២ទៀតត្រូវបានអាមេរិករឹបអូសពីសារមន្ទីរល្បីមួយដើម្បីបញ្ជូនមកកម្ពុជាវិញ

វត្ថុបុរាណខ្មែរចំនួន២ទៀតត្រូវបានអាមេរិករឹបអូសពីសារមន្ទីរល្បីមួយដើម្បីបញ្ជូនមកកម្ពុជាវិញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថា វត្ថុបុរាណខ្មែរចំនួនពីរ ដែលការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតានបានរឹបអូសពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន នៅទីក្រុងញូវយ៉ក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។ សហរដ្ឋអាមេរិកបានប្រគល់វត្ថុបុរាណទាំង២នេះដល់តំណាងប្រទេសកម្ពុជារួចហើយ នៅក្នុងពិធីផ្លូវការមួយរៀបចំឡើងនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ាន់ហាតាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

Advertisement

បើតាមក្រសួងវប្បធម៌ វត្ថុបុរាណទាំង ២ នេះ មាន ផ្តែរថ្មភក់សម័យមុនអង្គរ មានឆ្លាក់រូបរាហូ (ឬព្រះកាល) ដែលមានអាយុកាលតាំងពីចន្លោះសតវត្សទី៧ ឬទី៨ នៃ គ.ស. និងបដិមាថ្មភក់សម័យអង្គរ ដែលអាចសម្គាល់ថាជារូបអសុរ “ហិរណ្យកសិពុ” នាសម័យអង្គរ សតវត្សទី១០ មានប្រភពដើមមកពីប្រាសាទចិន ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រកោះកេរ។

ក្រសួងវប្បធម៌បានគូសបញ្ជាក់ថា ការទាមទារបានមកវិញនូវសម្បត្តិវប្បធម៌ដ៏មានតម្លៃនេះ គឺកើតចេញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងកម្ពុជា និងការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន។ អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណរបស់អាមេរិកបានរកឃើញភស្តុតាងច្បាស់ការថា វត្ថុបុរាណទាំងពីរនេះមានជាប់ពាក់ព័ន្ធនឹងបណ្តាញជួញដូរខុសច្បាប់ខ្នាតធំរបស់លោកស្រី Nancy Wiener ដែលត្រូវបានតុលាការកាត់ទោសរួចហើយ រួមទាំងបណ្តាញរបស់លោក Douglas Latchford និងក្រុមហ៊ុន Spink & Son ផងដែរ។

បន្ទាប់ពីទទួលបានភស្តុតាងមិនអាចប្រកែកបាន ខាងភាគីសារមន្ទីរមេត្រូប៉ូលីតានក៏បានយល់ព្រមប្រគល់វត្ថុបុរាណទាំងនេះត្រឡប់មកកម្ពុជាវិញតាមការស្នើសុំ។

ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញសារព័ត៌មាន AMS នៅព្រឹកថ្ងៃទី ១១ មិថុនានេះថា វត្ថុបុរាណទាំងនេះកំពុងត្រូវបានរក្សាទុកនៅក្នុងឃ្លាំងសុវត្ថិភាពនៅប្រទេសសហរដ្ឋអាមេរិកជាបណ្តោះអាសន្នសិន ក្នុងពេលរង់ចាំការកំណត់ពេលវេលាច្បាស់លាស់បញ្ជូនត្រឡប់មកកម្ពុជាវិញ។

នេះមិនមែនជាលើកទីមួយទេ ដែលកម្ពុជាទទួលបានជោគជ័យក្នុងការទាមទារវត្ថុបុរាណពីសារមន្ទីរខាងលើមកវិញ។ កាលពីឆ្នាំ២០២៣ និង២០២៤កន្លងទៅ សារមន្ទីរនេះក៏ធ្លាប់បានប្រគល់វត្ថុបុរាណជាច្រើនរូបមកឲ្យកម្ពុជាវិញផងដែរ។ ក្រសួងវប្បធម៌បានកោតសរសើរការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការបន្តបង្រ្កាបការជួញដូរសម្បត្តិវប្បធម៌ ដែលមិនត្រឹមតែជាបទឧក្រិដ្ឋប្រឆាំងនឹងប្រទេសដើមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបទឧក្រិដ្ឋក្រោមច្បាប់នៃរដ្ឋញូវយ៉កផងដែរ៕​

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា