ខួប៣០ឆ្នាំ CATA ៖ ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខួប៣០ឆ្នាំ CATA ៖ ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

ខួប៣០ឆ្នាំ CATA ៖ ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

សមាគមទេសចរណ៍កម្ពុជា (CATA) បានប្រារព្ធខួបគម្រប់៣០ឆ្នាំនៃការបង្កើតសមាគម កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់គ្រីលេន រាជធានីភ្នំពេញ ដោយមានការចូលរួមពីទីភ្នាក់ងារទេសចរណ៍ និងអ្នកផ្គត់ផ្គង់សេវាកម្មជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍កម្ពុជា។
 
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន AMS ថា កម្មវិធីអបអរសាទរខួបគម្រប់៣០ឆ្នាំនេះ មិនត្រឹមតែជាការរំលឹកដល់ដំណើររីកចម្រើនរបស់សមាគមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់ប្រតិបត្តិករទេសចរណ៍ និងអ្នកផ្គត់ផ្គង់សេវាកម្មនានា ដូចជាបានជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសសហការថ្មីៗ។
 
លោកជំទាវ ឆាយ ស៊ីវលីន បានបន្ថែមថា ការតភ្ជាប់រវាងអ្នករៀបចំកញ្ចប់ទេសចរណ៍ និងអ្នកផ្គត់ផ្គង់សេវាកម្ម គឺជាយុទ្ធសាស្ត្រសំខាន់មួយក្នុងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។ ជាពិសេស វាក៏រួមចំណែកជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងរដូវកាលបៃតង និងទាក់ទាញទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនផងដែរ។
 
គួរបញ្ជាក់ថា សមាគមទេសចរណ៍កម្ពុជា (CATA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ហើយគិតមកដល់ឆ្នាំ២០២៦នេះ មានអាយុកាល៣០ឆ្នាំ។ បច្ចុប្បន្ន សមាគមមានសមាជិកជាង ៤០០ ស្ថាប័ន និងអាជីវកម្មដែលកំពុងប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
 
ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមក សមាគមទេសចរណ៍កម្ពុជា បានដើរតួនាទីយ៉ាងសកម្មក្នុងការសហការជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់៕
 
អត្ថបទ៖ ជាវ ចន្ធូ

Advertisement
ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា