កិច្ចប្រជុំជាមួយតំណាងស្ថានទូត និងដៃគូពាក់ព័ន្ធស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចប្រជុំជាមួយតំណាងស្ថានទូត និងដៃគូពាក់ព័ន្ធស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone»

កិច្ចប្រជុំជាមួយតំណាងស្ថានទូត និងដៃគូពាក់ព័ន្ធស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone»

នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាសហអធិបតីក្នុងកិច្ចប្រជុំស្តីពី «ការផ្តល់ព័ត៌មានទូទៅ និងសកម្មភាពត្រៀមរៀបចំព្រឹត្តការណ៍ “ភូមិហ្រ្វង់កូហ្វូន”» ក្រោមសហអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ឯកឧត្តម និងលោកជំទាវឯកអគ្គរាជទូត និងតំណាងស្ថានទូតនៃបណ្តាប្រទេសនិយាយភាសាបារាំង ដៃគូអភិវឌ្ឍន៍អន្តរជាតិ សភាពាណិជ្ជកម្ម តំណាងវិស័យឯកជន និងភាគីពាក់ព័ន្ធសរុបប្រមាណជាង១០០រូប។

Advertisement

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាឆ្នាំ២០២៦ គឺជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ហើយការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន» មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពី «ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលោកផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បន្ថែមថា វាក៏ជាឱកាសសម្រាប់ធ្វើការបង្ហាញនូវវប្បធម៌ និងទំនៀមទំលាប់នៃប្រទេសជាសមាជិកជាង៩០ប្រទេស ផលិតផល និងសេវាកម្មរបស់សហគ្រិនទាំងអស់ជូនដល់ថ្នាក់ដឹកនាំជុំវិញពិភពលោក គណៈប្រតិភូពីគ្រប់ទ្វីប និងសាធារណជនដែលរំពឹងថានឹងមកទស្សនាជាង១០០.០០០នាក់ក្នុងអំឡុងរៀបចំព្រឹត្តិការណ៍នេះ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាសំខាន់ៗ ដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។ នាឱកាសនៃកិច្ចប្រជុំកំពូលនេះ ក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗ ចំនួនពីរ គឺ៖ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និង ភូមិហ្វ្រង់កូតិច (FrancoTech)។

ព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យ និងមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ ត្រូវបានរំពឹងថានឹងមានការចូលរួមពីប្រទេសសមាជិកជាង ៩០ប្រទេស ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនឹងរួមចំណែកជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូន-Village Francophone» នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ ដោយមានការរៀបចំទីតាំងសំខាន់ៗ ចំនួន៦ រួមមាន៖ ពន្លាជាតិ (National Pavilions) វេទិកាសិល្បៈប្រចាំថ្ងៃ កន្លែងសិក្ខាសាលា និងកិច្ចពិភាក្សា ភូមិម្ហូបអាហារ (Gastronomic Village) តំបន់ពិព័រណ៍ផលិតផលកម្ពុជា និងមជ្ឈមណ្ឌលព័ត៌មាន (Media Lounge)។

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា