ឯកឧត្តម ហ៊ី សោភា ៖ ក្រុមប្រឹក្សាធម្មនុញ្ញរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ និងការធានាដល់គោលការណ៍គ្រឹះធំៗរបស់ជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហ៊ី សោភា ៖ ក្រុមប្រឹក្សាធម្មនុញ្ញរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ និងការធានាដល់គោលការណ៍គ្រឹះធំៗរបស់ជាតិ

ឯកឧត្តម ហ៊ី សោភា ៖ ក្រុមប្រឹក្សាធម្មនុញ្ញរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ និងការធានាដល់គោលការណ៍គ្រឹះធំៗរបស់ជាតិ

ភ្នំពេញ៖ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឋានៈជាស្ថាប័ន កំពូល ឯករាជ្យ និងអព្យាក្រឹត្យ បានបំពេញសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលមានចរិតជាយុត្តិសាស្ត្រទាក់ទងនឹងគោលការណ៍ច្បាប់ ដោយបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ ជាក់ស្តែង រួមមាន(១)ការការពារសិទ្ធិសេរីភាពជាសារវន្ត (២) ការធានាការគោរពគោលការណ៍នីតិរដ្ឋ (៣) ការធានាដល់គោលការណ៍គ្រឹះធំៗរបស់ជាតិ។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរទិវាខួបកំណើតគម្រប់ ២៨ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ (១៥ មិថុនា ១៩៩៨-១៥ មិថុនា ២០២៦)នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

Advertisement

ឯកឧត្តម ហ៊ី សោភា បានបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរទិវាខួបកំណើតគម្រប់២៨ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ (១៥ មិថុនា ១៩៩៨-១៥ មិថុនា ២០២៦)និងការបំពាក់គ្រឿងឥស្សរិយយស នាថ្ងៃនេះ គឺដើម្បីបង្ហាញនូវជំហានវឌ្ឍនភាពតាមដំណាក់កាលនីមួយៗ គួរឲ្យកត់សម្គាល់នូវសមិទ្ធផល និងស្នាដៃទាំងឡាយ ក្នុងការកសាង និងអភិវឌ្ឍស្ថាប័នឱ្យមានកិត្យានុភាពរបស់ស្ថាប័នកំពូលមានសមត្ថកិច្ចធានាការពារការគោរព​រដ្ឋធម្មនុញ្ញ ដែលជាគ្រឹះនៃការកសាងនីតិរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ សមិទ្ធផលសម្រេចបានទាំងអស់នេះ អាស្រ័យដោយមានការចូលរួម និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដ និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន សមាជិក សមាជិកាក្នុងអាណត្ដិនីមួយៗ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីគ្រប់ជាន់ថ្នាក់ដែលមានស្មារតីរួមគ្នា លើកទិសដៅ និងអនុវត្ដការងារ សមេ្រចឧត្ដមគតិរួមរបស់យើង គឺធានាការពារការគោរពរដ្ឋធម្មនុញ្ញ។

ជាងនេះទៅទៀត ក្រៅតែពីសមត្ថកិច្ចគោល ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចនូវសមិទ្ធផលស្នាដៃដ៏ត្រចះត្រចង់នាំមកនូវកិត្យានុភាពជូនស្ថាប័ន គឺការរៀបចំប្រារព្ធពិធីអបអរសាទរទិវារំលឹកខួបលើកទី៣០ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០២៣ និងការកសាងវិមានរដ្ឋធម្មនុញ្ញ ជា នីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ និងការសម្ពោធវិមាននាឆ្នាំ២០២៤ ដែលពិធីជាប្រវត្តិសាស្ត្រទាំងពីរនេះ បានត្រូវប្រារព្ធធ្វើឡើង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ឯកឧត្តមប្រធាន ក៏បានថ្លែងបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិបច្ចុប្បន្ន បានដាក់ចេញនូវគោលការណ៍ជំរុញបន្ថែមលើគោលការណ៍ដែលមានស្រាប់នោះ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះរួមមាន​ ១-ការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ ក្រៅតែពីការឧបត្ថម្ភគាំទ្រដល់ថ្នាក់ដឹកនាំមន្ត្រីរាជការទៅបន្តការសិក្សានៅក្រៅប្រទេស និងចាត់បញ្ជូនមន្ត្រីទៅរៀនវគ្គបណ្តុះបណ្តាលវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គមន្ត្រីក្រមការ នៅសាលាភូមិន្ទរដ្ឋបាល ព្រមទាំងចូលរួមវគ្គបណ្តុះបណ្តាលជំនាញខាងហិរញ្ញវត្ថុ ក្រុមប្រឹក្សាធម្មនុញ្ញនៅបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាបន្តបន្ទាប់លើប្រធានបទនានា ជាប្រយោជន៍ដល់ការអភិវឌ្ឍស្ថាប័ន ក្នុងនោះក៏មានការអញ្ជើញជំនាញការបរទេសមកធ្វើបទឧទ្ទេសនាមផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម សូមលើកទឹកចិត្តដល់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃ ក្រុមប្រឹក្សាធម្មនុញ្ញ ជួយចូលរួមគាំទ្រកិច្ចការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍នានា តាមរយៈការផ្តល់នូវបាឋកថាតាមលទ្ធភាពនៃពេលវេលា, ២-ការជំរុញ និងលើកទឹកចិត្តឱ្យបង្កើនកិច្ចការសិក្សាស្រាវជ្រាវលើប្រធានបទនានាទាក់ទងនឹងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើពិធីផ្សព្វផ្សាយអំពី របកគំហើញថ្មីទាក់ទងនឹងស្ថាប័នពិនិត្យធម្មនុញ្ញភាពនៅកម្ពុជា ជាពិសេស គឺតុលាការធម្មនុញ្ញ ដែលត្រូវបានបង្កើតនៅក្នុងសម័យសាធារណខ្មែរ និងតឹកតាងថ្មីអំពីអត្ថិភាពនៃសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ កម្ពុជាចំនួន២០នាសម័យនោះ និង៣-ការងារបន្តការលើកកម្ពស់កិត្យានុភាពស្ថាប័ន ជារួម សមិទ្ធផលស្នាដៃ ដែលសម្រេចបានទាំងអម្បាល គឺជាមរតកធនធានដ៏ថ្លៃថ្លា ដែលក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមការដឹកនាំប្រកបដោយឆន្ទៈ សមត្ថភាព បញ្ញាញាណ ទេពកោសល្យ និងឧត្តមគតិជាតិខ្ពស់ របស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបន្តវេន ពីមួយអាណត្តិទៅមួយអាណត្តិ។ ដូច្នេះ ក្នុងន័យនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវគោរពថែរក្សា និងបន្តអនុវត្តពង្រឹងពង្រីកឱ្យកាន់តែមានភាពស្តុកស្តម្ភឡើង៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា