សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម​កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅសហព័ន្ធរុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម​កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅសហព័ន្ធរុស្ស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម​កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីអបអរសាទរ​ខួបលើក​ទី៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនារវាងអាស៊ាន និងរុស្ស៊ី ដែលនឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី។

Advertisement

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៦ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួប​អនុស្សាវរីយ៍​អាស៊ាន-រុស្ស៊ី របស់សម្ដេចធិ​បតី ហ៊ុន ម៉ាណែត ធ្វើឡើងតបតាមការ​អញ្ជើញរបស់ឯកឧត្តម វ្លាឌីមៀ ពូទីន ប្រធានា​ធិបតី​នៃសហព័ន្ធ រុស្ស៊ី។

អញ្ជើញអមដំណើរសម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ​បត្តិការ​អន្តរជាតិ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជនកម្ពុជាមួយចំនួនផងដែរ។

ក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏​មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងរុស្ស៊ី ក្នុងការពិភាក្សា និងកំណត់ទិសដៅថ្មីៗ ដើម្បីពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ​រវាង​ភាគីទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

ក្រៅពីការពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និង​អន្តរជាតិ​សំខាន់ៗ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បីរួមចំណែក​លើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង​តំបន់ និងពិភព​លោក។

ក្នុងអំឡុងពេលស្នាក់នៅសហព័ន្ធរុស្ស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍អមមួយចំនួន និងមានជំនួប​ទ្វេភាគី​ជាមួយថ្នាក់ដឹកនាំប្រទេសដៃគូផ្សេងៗ ដើម្បីពង្រឹងបន្ថែមទៀតនូវ​ទំនាក់ទំនងទ្វេភាគី និងពហុភាគី ព្រមទាំងជំរុញកិច្ច​សហប្រតិបត្តិ​ការលើវិស័យដែលមានផលប្រយោជន៍រួម និងអាចផ្តល់អត្ថប្រយោជន៍​ទៅ​វិញទៅមកសម្រាប់ភាគីពាក់ព័ន្ធ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា