លែងកូនក្តាមសេះ៨៥ម៉ឺនក្បាលចូលសមុទ្រ ដើម្បីស្តារនិងបង្កើនធនធានក្តាមសម្រាប់សហគមន៍ឆ្នេរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លែងកូនក្តាមសេះ៨៥ម៉ឺនក្បាលចូលសមុទ្រ ដើម្បីស្តារនិងបង្កើនធនធានក្តាមសម្រាប់សហគមន៍ឆ្នេរ

លែងកូនក្តាមសេះ៨៥ម៉ឺនក្បាលចូលសមុទ្រ ដើម្បីស្តារនិងបង្កើនធនធានក្តាមសម្រាប់សហគមន៍ឆ្នេរ

​កូនក្តាមសេះចំនួន ៨៥ម៉ឺនក្បាល ដែលជាពូជក្តាមសមុទ្រដ៏មានតម្លៃសេដ្ឋកិច្ច ត្រូវបានលែងចូលសមុទ្រនៅតាមសហគមន៍នេសាទចំនួន ៥ នៅខេត្តកំពត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។
 
ការលែងនេះធ្វើឡើងក្នុងក្របខ័ណ្ឌគម្រោងការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរប្រទេសកម្ពុជា ហៅកាត់ថា CamAdapt ដែលបង្កើតឡើងដើម្បីគាំទ្រដល់សហគមន៍តំបន់ឆ្នេរ និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ។
 
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កម្មវិធីនេះមានគោលបំណងគាំទ្រការស្តារឡើងវិញនូវធនធានក្តាមសេះនៅក្នុងធម្មជាតិ ស្របពេលដែលតម្រូវការទីផ្សារកំពុងកើនឡើង។ ទន្ទឹមនឹងនេះ វាក៏ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទ ឱ្យកាន់តែមានភាពធន់ ស្ថិរភាព និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារ។
 
លោកស្រី រេប៊េកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងថា ក្តាមសេះគឺជាធនធានជលផលសមុទ្រដ៏មានតម្លៃរបស់កម្ពុជា និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាសហគមន៍នៅតាមតំបន់ឆ្នេរ។ ក្តាមសេះញីមួយក្បាលអាចពងបានរហូតដល់ជាង ២លានពង ដែលបង្ហាញពីសារៈសំខាន់នៃការអភិរក្ស និងស្តារធនធានប្រភេទនេះសម្រាប់អនាគត។
 
លោកស្រីបានបន្តថា កម្មវិធីលែងកូនក្តាមសេះចំនួននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំក្នុងការស្តារ​ធន​ធាន​​ជលផលសមុទ្រនៅតំបន់ឆ្នេរ។ កាលពីដើមឆ្នាំ២០២៦ កូនក្តាមសេះចំនួន ៣៤ម៉ឺនក្បាល ត្រូវបានលែងនៅខេត្តកែប ហើយមុនពេលគម្រោងបញ្ចប់ នឹងមានការលែងកូនក្តាមសេះបន្ថែមចំនួន ៣លានក្បាលទៀត នៅក្នុងខេត្តគោលដៅទាំងបួន រួមមាន កែប កំពត កោះកុង និងព្រះសីហនុ។
 
សហគមន៍នេសាទ និងសហគមន៍តំបន់ការពារ មានតួនាទីយ៉ាងសំខាន់ក្នុងការការពារ និងគ្រប់គ្រងធនធានជលផលសមុទ្រឱ្យបានប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ តាមរយៈគម្រោង CamAdapt មន្ត្រីរដ្ឋាភិបាល និងសមាជិកសហគមន៍ជាង ៤០០នាក់ បានទទួលការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការងារអភិរក្ស និងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព។
 
សូមបញ្ជាក់ថា កូនក្តាមសេះទាំង ៨៥ម៉ឺនក្បាលនេះ ត្រូវបានបង្កាត់ដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្ររបស់កម្ពុជា។ កូនក្តាមដែលញាស់ដោយការបង្កាត់ មានអត្រារស់រានមានជីវិតប្រហែល ១ភាគរយ ខណៈកូនក្តាមដែលញាស់តាមធម្មជាតិ អាចមានអត្រារស់ខ្ពស់រហូតដល់៦០ ទៅ៧០ភាគរយ៕
 
អត្ថបទ៖ ម៉ាដេប៉ូ
រូបភាព៖ លោក វេង លឹមហួត

Advertisement
ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា