ថៃបាត់បង់ចំណូលជិត ៦៣០លានដុល្លារ ពីការនាំចេញទំនិញមកកម្ពុជាក្នុងរយៈពេល ៥ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃបាត់បង់ចំណូលជិត ៦៣០លានដុល្លារ ពីការនាំចេញទំនិញមកកម្ពុជាក្នុងរយៈពេល ៥ខែ

ថៃបាត់បង់ចំណូលជិត ៦៣០លានដុល្លារ ពីការនាំចេញទំនិញមកកម្ពុជាក្នុងរយៈពេល ៥ខែ

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចូលទំនិញពីប្រទេសថៃមកកម្ពុជា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានតម្លៃសរុបជាង ៨៥៤លានដុល្លារអាមេរិក ថយចុះ ៤២,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ការធ្លាក់ចុះនេះមានន័យថា ថៃបានបាត់បង់ចំណូលពីទីផ្សារកម្ពុជាប្រមាណ ៦២៩លានដុល្លារអាមេរិក។ ដោយឡែក ការនាំចេញពីកម្ពុជាទៅថៃវិញសម្រេចបាន ២៩៦លានដុល្លារ គឺថយចុះ២៥ភាគរយ។

របាយការណ៍ដដែលបង្ហាញថា ជារួម ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងថៃ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ សម្រេចបានជាង ១,១ពាន់លានដុល្លារ ថយចុះ ៣៨,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ទោះបីយ៉ាងណា ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៥របស់កម្ពុជា ខណៈប្រទេសចិននៅតែស្ថិតលំដាប់កំពូលដែលបាននាំចូលទំនិញមកកម្ពុជាច្រើនជាងគេ តាមពីក្រោយដោយអាមេរិក វៀតណាម និងជប៉ុន។

Advertisement

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានពន្យល់ថា និន្នាការនៃការធ្លាក់ចុះការនាំចូលទំនិញថៃនេះ បានកើតឡើងតាំងពីពេលមានជម្លោះព្រំដែន និងការឈ្លានពានផ្នែកយោធាពីសំណាក់ភាគីថៃមកម៉្លេះ។ ព្រឹត្តិការណ៍នាពេលនោះ បានជំរុញឱ្យប្រជាពលរដ្ឋខ្មែររួមគ្នាធ្វើពហិការផលិតផលថៃ ដែលជាឱកាសឱ្យអាជីវករ និងអ្នកផលិតក្នុងស្រុក បង្កើនសមត្ថភាពផលិតទំនិញ ដើម្បីបំពេញតម្រូវការទីផ្សារជំនួសវិញ។

យោងតាមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រុមទំនិញដែលបន្តនាំចូលពីថៃ រួមមាន មធ្យោបាយផលិតកម្ម ដូចជាគ្រឿងចក្រ គ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ម៉ាស៊ីនច្រូត និងធាតុចូលផលិតកម្មដែលជាតម្រូវការរបស់ក្រុមហ៊ុនវិនិយោគធំៗនៅកម្ពុជា។ ក្រៅពីនេះ មាននាំចូលគ្រឿងបង្គុំដែលបម្រើឱ្យការរក្សាខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសសម្រាប់ក្រុមហ៊ុនតំឡើងយានយន្ត៕ ​ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា