ក្រសួងការងារសហការជាមួយក្រុមហ៊ុនជប៉ុន ដើម្បីបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី និងលើកកម្ពស់សុវត្ថិភាពកម្មករ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការងារសហការជាមួយក្រុមហ៊ុនជប៉ុន ដើម្បីបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី និងលើកកម្ពស់សុវត្ថិភាពកម្មករ

ក្រសួងការងារសហការជាមួយក្រុមហ៊ុនជប៉ុន ដើម្បីបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី និងលើកកម្ពស់សុវត្ថិភាពកម្មករ

បន្ទាប់ពីអញ្ជើញចូលរួមកម្មវិធីបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក HE Dong នាយកប្រតិបត្តិក្រុមហ៊ុន Zo Motors Global ស្តីពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការធ្វើដំណើរទៅមកកន្លែងការងារប្រកបដោយសុវត្ថិភាពសម្រាប់បងប្អូនកម្មករនិយោជិត ។

Advertisement

អនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ មានគោលបំណងលើកកម្ពស់សុវត្ថិភាពបងប្អូនកម្មករនិយោជិតក្នុងការធ្វើដំណើរប្រចាំថ្ងៃ, ជំរុញការប្រើប្រាស់យានជំនិះដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព បំពាក់ប្រព័ន្ធប្រអប់សុវត្ថិភាព (SafeBox) និងផ្តល់ជម្រើសថ្មីៗលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតនាពេលបច្ចុប្បន្ន។

លើសពីនេះ កិច្ចសហប្រតិបត្តិការនេះ ក៏គាំទ្រដល់គោលដៅបរិស្ថានតាមរយៈការប្រើប្រាស់យានយន្តអគ្គិសនី និងការអភិវឌ្ឍការដឹកជញ្ជូនបៃតង ព្រមទាំងលើកកម្ពស់ការយល់ដឹង និងការសិក្សាពីគោលនយោបាយស្តង់ដា និងយន្តការហិរញ្ញវត្ថុ ដើម្បីគាំទ្រប្រព័ន្ធដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព និងចីរភាព។

ជាមួយនឹងការចុះហត្ថលេខាលើ MoU នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានសហការជាមួយក្រុមហ៊ុន Zo Motors (Cambodia) ផលិតបានថ្នាក់បណ្តុះបណ្តាលជំនាញចល័តចំនួន ៨គ្រឿងសម្រាប់បង្រៀនជំនាញថែទាំបរិក្ខារត្រជាក់, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការដំឡើងបណ្តាញបំពង់ទឹកក្នុងអគារ, ការថែទាំនិងជួសជុលរថយន្ត, ការជួសជុលម៉ាស៊ីនត្រជាក់, ជំនាញឌីជីថល, ធុរកិច្ចភេសជ្ជៈ (ឆុងកាហ្វេ និងទឹកផ្លែឈើ), និងសេវាកម្មសម្ផស្ស-សាឡន។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រោយការអនុវត្តសាកល្បងនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍នឹងពិចារណាជំរុញការផលិតថ្នាក់បណ្តុះបណ្តាលជំនាញចល័តនេះឱ្យបានដល់ចំនួន ៤០រថយន្ត នៅត្រឹមឆ្នាំ២០២៧ និងចំនួន ៥០រថយន្តនៅត្រឹមឆ្នាំ២០២៨។

សូមបញ្ជាក់ថា Zo Motors គឺជាក្រុមហ៊ុនផលិត និងចែកចាយយានយន្តពាណិជ្ជកម្មថាមពលថ្មី ដែលមានប្រភពមកពីប្រទេសជប៉ុន និងផ្តោតលើការអភិវឌ្ឍដំណោះស្រាយដឹកជញ្ជូនគ្មានការបំភាយឧស្ម័ន សម្រាប់វិស័យដឹកជញ្ជូន និងភស្តុភារ។ ក្រុមហ៊ុននេះផ្គុំ និងចែកចាយរថយន្តអគ្គិសនីនៅកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍយានយន្តថាមពលស្អាត និងបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ ដោយប្រើប្រាស់បច្ចេកវិទ្យាថាមពលថ្មី ដើម្បីរៀបចំឡើងវិញនូវប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនសកល ព្រមទាំងធ្វើឱ្យការដឹកជញ្ជូនដែលគ្មានកាបូនក្លាយជាកម្លាំងជំរុញថ្មីសម្រាប់កំណើនសេដ្ឋកិច្ច៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា