រដ្ឋមន្រ្តីការងារ ប្ដេជ្ញាកែទម្រង់លើចំណុចយុទ្ធសាស្រ្តសំខាន់ៗសម្រាប់គ្រឹះស្ថាន ធីវេត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីការងារ ប្ដេជ្ញាកែទម្រង់លើចំណុចយុទ្ធសាស្រ្តសំខាន់ៗសម្រាប់គ្រឹះស្ថាន ធីវេត

រដ្ឋមន្រ្តីការងារ ប្ដេជ្ញាកែទម្រង់លើចំណុចយុទ្ធសាស្រ្តសំខាន់ៗសម្រាប់គ្រឹះស្ថាន ធីវេត

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់អំពី​ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការ​ដឹកនាំកែ​ទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ក្នុងនោះសម្រាប់គ្រឹះស្ថាន ធីវេត(TVET) ត្រូវបន្តធ្វើបរិវត្តកម្ម​ការបណ្ដុះ​បណ្ដាល ដោយបញ្ជ្រាបបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងធ្វើឯកទេសកម្មជំនាញតាម​សក្ដានុ​ពលមូលដ្ឋាន ។

Advertisement

ក្នុងពិធីបិទ«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ បានបញ្ជាក់អំពីសារសំខាន់ នៃការកែទម្រង់លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ក្នុងនេះគឺសម្រាប់គ្រឹះស្ថានធីវេត ។ ក្រសួងនឹងជំរុញយុទ្ធសាស្ត្រ «ការនាំជំនាញទៅរកអ្នកសិក្សា» និងផ្ដល់ការបណ្ដុះបណ្ដាលព្រមទាំងការវាយ​តម្លៃសមត្ថភាពទទួលស្គាល់ការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

ឯកឧត្តមហេង សួរ បានបញ្ជាក់ថា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ ធីវេត មិនមែនជាការ​សិក្សា​កម្រិតទី២ ឬទាបជាងថ្នាក់បាក់ឌុបនោះឡើយ ប៉ុន្តែជំនាញ TVET គឺជាជំនាញត្រឹមត្រូវ ស្មោះត្រង់ និង​មានតម្លៃ ដែល​ទីផ្សារការ​ងារ​ទាំងក្នុង និងក្រៅប្រទេសត្រូវការបំផុត។ឯកឧត្តមគូសរំលេចថា​ក្រសួងកំពុងជំរុញវឌ្ឍនភាពថ្មីៗ​ធ្វើយ៉ាងណាឱ្យវិស័យ ធីវេត ក្លាយជាថ្នាលបណ្ដុះបណ្ដាល ឬជាកន្លែងបង្រៀនឱ្យចេះស្ទូចត្រី និងស្គាល់បឹងពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យបន្តដើរតួនាទីជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបាន តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដោយបង្កើនការផ្ដល់ឱកាសចុះកម្មសិក្សា និងហ្វឹកហ្វឺនកូនជាង ដើម្បីផ្សារភ្ជាប់ការបណ្ដុះបណ្ដាលទៅនឹងខ្សែច្រវាក់​ផលិតកម្មជាក់ស្ដែង។

លោកស្រី ស៊ាវយាន ឈាន នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានគូសបញ្ជាក់​បន្ថែមថា ជំនាញ ធីវេត មិនមែនគ្រាន់តែជាអត្ថប្រយោជន៍ធម្មតានោះទេ ប៉ុន្តែជា «ទ្រព្យសម្បត្តិយុទ្ធសាស្ត្រជាតិ» ដ៏សំខាន់ក្នុង​ការកសាងអនាគតកម្ពុជា តាមរយៈការបង្កើតការងារសមរម្យ និងប្រាក់ចំណូលប្រកបដោយចីរភាព។

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មប្រព័ន្ធជំនាញ ព្រមទាំងបានសង្កត់ធ្ងន់​លើសារសំខាន់​នៃការធ្វើតេស្ត RPL ជាពិសេសសម្រាប់ពលករចំណាកស្រុកដែលវិលត្រឡប់មកវិញ និងបានអំពាវនាវឱ្យមានការ​រួមគ្នា​ប្រែក្លាយ​ការសន្ទនាទៅជាសកម្មភាពជាក់ស្តែង តាមរយៈការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីធានាឱ្យបាននូវការ​អភិវឌ្ឍជំនាញប្រកបដោយគុណភាព បរិយាបន្ន និងឆ្លើយតបទៅនឹងទីផ្សារការងារឌីជីថល ដោយមិនទុកនរណា​ម្នាក់ចោល​។

ការរៀបចំទិវាជាតិឆ្នាំនេះមានអ្នកចូលរួមជិត ១០ ម៉ឺននាក់នៅទូទាំងប្រទេស។ អ្វីដែលជាមោទនភាពជាតិគឺ កូនខ្មែរ​ដែល​ជាសិស្ស-និស្សិត TVET បានបង្ហាញសមត្ថភាពខ្ពស់ក្នុងការបង្កើតនូវរ៉ូបូតទំនើបៗ និងបានចូលរួមនៅក្នុងខ្សែច្រវាក់ផលិតកម្ម​កម្រិតខ្ពស់រួចជាស្រេច។នេះបើតាមរបាយការណ៍របស់ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា