ទីក្រុងសៀមរាប និងទីក្រុងយ៉ាងហ្គូនដែលជាទីក្រុងបេតិកភណ្ឌ និងទេសចរណ៍ដ៏ចំណាស់ និងល្បីល្បាញនៅអាស៊ាននឹងភ្ជាប់គ្នាជាទីក្រុងបងប្អូនគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីក្រុងសៀមរាប និងទីក្រុងយ៉ាងហ្គូនដែលជាទីក្រុងបេតិកភណ្ឌ និងទេសចរណ៍ដ៏ចំណាស់ និងល្បីល្បាញនៅអាស៊ាននឹងភ្ជាប់គ្នាជាទីក្រុងបងប្អូនគ្នា

ទីក្រុងសៀមរាប និងទីក្រុងយ៉ាងហ្គូនដែលជាទីក្រុងបេតិកភណ្ឌ និងទេសចរណ៍ដ៏ចំណាស់ និងល្បីល្បាញនៅអាស៊ាននឹងភ្ជាប់គ្នាជាទីក្រុងបងប្អូនគ្នា

ទីក្រុងយ៉ាងហ្គូន៖ នាថ្ងៃទី១៧ ខែ មិថុនា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម Aung Naing Thu អភិបាលនៃគណៈអភិបាលតំបន់យ៉ាងហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងតំបន់យ៉ាងហ្គូន ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពពីអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។

Advertisement

ក្នុងជំនួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កា ឯកឧត្តមអភិបាលតំបន់យ៉ាងហ្គូន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍ជាន់ខ្ពស់កម្ពុជា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនាដែលកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើង។

តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍បែបសាសនា និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងយ៉ាងហ្គូន និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជា រាជធានីភ្នំពេញ និងខេត្តសៀមរាប។

ជាក់ស្តែង ភាគីទាំងពីរ បានឯកភាពជំរុញការរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍រួម និងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍នានា ដើម្បីបង្កើនការយល់ដឹងអំពីសក្តានុពលទេសចរណ៍របស់ភាគីទាំងពីរ ព្រមទាំងជំរុញអនុវត្តគម្រោង “ប្រទេសពីរ គោលដៅមួយ” ដែលតភ្ជាប់ប្រទេសកម្ពុជា និងទីក្រុងយ៉ាងហ្គូន។

បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញទេសចរណ៍ធម្មយាត្រាព្រះពុទ្ធសាសនា តាមរយៈការប្រើប្រាស់សក្តានុពលបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់កម្ពុជា និងមីយ៉ាន់ម៉ា ព្រមទាំងគាំទ្រការផ្លាស់ប្តូរព្រឹត្តិការណ៍វប្បធម៌ ពិធីបុណ្យ និងផលិតផលទេសចរណ៍ ដែលរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីទីក្រុងយ៉ាងហ្គូន លើកទឹកចិត្តដល់សហគ្រាសទេសចរណ៍ ប្រតិបត្តិករសណ្ឋាគារ ភ្នាក់ងារទេសចរណ៍ និងអ្នកវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងយ៉ាងហ្គូន ស្វែងរកឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងគាំទ្រការរៀបចំវេទិកាវិនិយោគទេសចរណ៍ និងសកម្មភាពផ្គូផ្គងអាជីវកម្មរវាងវិស័យឯកជននៃភាគីទាំងពីរ។

គួរបញ្ជាក់ផងដែរថា ទីក្រុងយ៉ាងហ្គូន គឺជាទីក្រុងធំបំផុត និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់របស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលមានសក្តានុពលខ្ពស់លើវិស័យពាណិជ្ជកម្ម កំពង់ផែ ភស្តុភារ និងទេសចរណ៍ ជាពិសេសទេសចរណ៍វប្បធម៌ និងទេសចរណ៍សាសនា ដោយមានគោលដៅទេសចរណ៍ល្បីល្បាញដូចជា វត្ត Shwedagon និងសំណង់បេតិកភណ្ឌប្រវត្តិសាស្រ្តសម័យអាណានិគមជាច្រើន៕ ប្រភពក្រសួងទេសចរណ៍

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា