វត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជួយលើកកម្ពស់តម្លាភាពនៃការប្រឡងជ្រើសរើសមន្រ្តីរាជការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជួយលើកកម្ពស់តម្លាភាពនៃការប្រឡងជ្រើសរើសមន្រ្តីរាជការ

វត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជួយលើកកម្ពស់តម្លាភាពនៃការប្រឡងជ្រើសរើសមន្រ្តីរាជការ

ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការចំនួន ៥៨លើក ដែលរៀបចំដោយក្រសួងមុខងារសាធារណៈកន្លងមក មានសាធារណជនដាក់ពាក្យចូលរួមធ្វើជាសង្កេតការណ៍អ្នកស្ម័គ្រចិត្តសរុបរហូតដល់ ៩ ៣៤២នាក់ ដែលបង្ហាញពីការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋក្នុងការពិនិត្យតាមដានដំណើរការប្រឡងឱ្យមានយុត្តិធម៌ និងអាចទុកចិត្តបាន។

Advertisement

ក្នុងចំណោមសាធារណជនទាំងនេះ មានបេក្ខជនដាក់ពាក្យចំនួន ៧៥៣នាក់ ត្រូវបានជ្រើសរើសសម្រាប់ធ្វើជាអ្នកសង្កេតការណ៍។ វត្តមានរបស់ពួកគេបានជួយតាមដានគ្រប់ដំណាក់កាលនៃការរៀបចំការប្រឡង ចាប់ពីការរៀបចំវិញ្ញាសា ដំណើរការប្រឡង រហូតដល់ការកែ និងប្រកាសលទ្ធផល ដើម្បីធានាថា ការជ្រើសរើសមន្ត្រីប្រព្រឹត្តទៅដោយយុត្តិធម៌ និងគ្មានការរើសអើង។

ទិន្នន័យនេះត្រូវបានបង្ហាញដោយឯកឧត្តម វន សុវណ្ណារី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ក្នុងពិធី សំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្មបញ្ជាក់ថា អ្នកដាក់ពាក្យសង្កេតការណ៍ទាំងអស់មានសមាសភាពមកពីមជ្ឈដ្ឋានសំខាន់ៗចំនួន ៣ រួមមាន សាធារណជនទូទៅ តំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថាន និងតំណាងយុវជន ស.ស.យ.ក.។ ក្នុងចំណោមអ្នកដាក់ពាក្យ មាននិស្សិតប្រមាណ ៧០ភាគរយ, មន្ត្រីរាជការ និងគ្រូបង្រៀនជាង ១៥ភាគរយ, បុគ្គលិកក្រុមហ៊ុនឯកជន ៩ភាគរយ, សាធារណជនទូទៅ ៤ភាគរយ និងព្រះសង្ឃ ១,៥ភាគរយ។ អ្នកចុះឈ្មោះ ៦១ភាគរយ មកពីរាជធានីភ្នំពេញ និង ៣៩ភាគរយ មកពីបណ្តាខេត្តនានា។

ឯកឧត្តម វន សុវណ្ណារី បានគូសបញ្ជាក់ថា ការចូលរួមរបស់អ្នកសង្កេតការណ៍ គឺជាសក្ខីភាពមួយនៃការបើកចំហរបស់ក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តវិធានការកែទម្រង់រដ្ឋបាលសាធារណៈ ដែលផ្តោតលើការជ្រើសរើសមន្ត្រីតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

ក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តបន្តអនុវត្តប្រព័ន្ធប្រឡងប្រជែងដែលមានតម្លាភាពខ្ពស់ ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ក្រោមទិសស្លោក «អ្នកចេះគឺជាប់ អ្នកធ្លាក់ដោយអស់ចិត្ត» ។ ឯកឧត្តមបានលើកឡើងថា អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត គឺជាកម្លាំងដ៏សំខាន់ក្នុងការធានាថា ដំណើរការប្រឡងប្រជែងទាំងមូលប្រព្រឹត្តទៅដោយយុត្តិធម៌ និងអាចផ្ទៀងផ្ទាត់បាន៕

អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា