ទោះបីស្ថានភាពពិភពលោកប្រែប្រួល កម្ពុជានៅតែបន្តពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទោះបីស្ថានភាពពិភពលោកប្រែប្រួល កម្ពុជានៅតែបន្តពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម​

ទោះបីស្ថានភាពពិភពលោកប្រែប្រួល កម្ពុជានៅតែបន្តពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម​

​ក្នុងជំនួបទ្វេភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថា កម្ពុជាគឺជាមិត្ត និងដៃគូដ៏យូរអង្វែងរបស់រុស្ស៊ី។ លោកបានរំលឹកពីការគាំទ្ររបស់អតីតសហភាពសូវៀតក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការសាងសង់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលមួយចំនួននៅតែបន្តដំណើរការរហូតដល់បច្ចុប្បន្ន។
 
លោកប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា ថ្វីត្បិតតែទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅមានកម្រិតតិចតួច ប៉ុន្តែនៅមានសក្តានុពលធំធេងសម្រាប់ការពង្រីកបន្ថែមទៀត ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងន័យនេះ លោកប្រធានាធិបតីបានអញ្ជើញក្រុមហ៊ុនកម្ពុជាចូលរួមវេទិកាសេដ្ឋកិច្ចភាគខាងកើតនៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក (Vladivostok) នាដើមខែកញ្ញា និងសប្តាហ៍ថាមពលរុស្ស៊ី នៅទីក្រុងមូស្គូ នាខែតុលា ឆ្នាំ២០២៦ ខាងមុខ។
 
ចំពោះវិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្សវិញ លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ថា ពលរដ្ឋកម្ពុជាជាង ៨ ០០០នាក់ បានបញ្ចប់ថ្នាក់ឧត្តមសិក្សានៅប្រទេសរុស្ស៊ី ហើយបច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ ១៦០នាក់ កំពុងបន្តការសិក្សានៅទីនោះ។ សម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន រុស្ស៊ីក៏បានផ្តល់អាហារូបករណ៍ថ្មីចំនួន ៦៣កន្លែងបន្ថែមទៀតដល់និស្សិតកម្ពុជា។
 
ជាការឆ្លើយតប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរប្រទេសរុស្ស៊ីចំពោះការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានប្រកបដោយជោគជ័យ ហើយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះលោកប្រធានាធិបតី​ និងថ្នាក់ដឹកនាំរុស្ស៊ី។
 
សម្តេចធិបតីបានបញ្ជាក់ថា ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងទៅនេះ កម្ពុជាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយសហព័ន្ធរុស្ស៊ី ហើយមិនភ្លេចទេនូវការគាំទ្រ និងជំនួយដែលអតីតសហភាពសូវៀតបានផ្តល់ឱ្យកម្ពុជាក្នុងអំឡុងពេលដ៏លំបាកបំផុតនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ សម្តេចធិបតីបានថ្លែងអំណរគុណជាពិសេសចំពោះការចូលរួមចំណែករបស់រុស្ស៊ី ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្រោយការដួលរលំរបបខ្មែរក្រហម។
 
ក្នុងជំនួបនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទោះបីស្ថានភាពពិភពលោកមានការប្រែប្រួលក៏ដោយ ក៏កម្ពុជានៅតែបន្តពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម។ សម្តេចបញ្ជាក់ថា រុស្ស៊ីនៅតែជាដៃគូសំខាន់ និងគួរឱ្យទុកចិត្តសម្រាប់ប្រទេសកម្ពុជា។ ជាងនេះទៅទៀត សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រុស្ស៊ីក្នុងកិច្ចការតំបន់ និងពិភពលោក ជាពិសេសនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងការលើកកម្ពស់សំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា