កម្ពុជាប្រាប់រដ្ឋភាគី UNCLOS អំពីមូលហេតុជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រាប់រដ្ឋភាគី UNCLOS អំពីមូលហេតុជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំ

កម្ពុជាប្រាប់រដ្ឋភាគី UNCLOS អំពីមូលហេតុជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំ

ថ្លែងក្នុងកិច្ចប្រជុំលើកទី ៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានពន្យល់ថា ដោយសារថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ កម្ពុជាមិនមានជម្រើសណា ក្រៅពីចាប់ផ្តើមដំណើរការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនោះឡើយ។ MoU 2001 គឺជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់ ដែលប្រទេសកម្ពុជា និងប្រទេសថៃ ប្រើជាមូលដ្ឋានសម្រាប់ការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្រនៃភាគីទាំង២។

Advertisement

ក្នុងការឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងថៃ ដែលថា កម្ពុជាមិនចាប់យកការចរចាទ្វេភាគី ហើយបែរជាធ្វើអន្តរជាតិវូបនីយកម្មនៃជម្លោះទ្វេភាគី ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងរបស់កម្ពុជា បានលើកឡើងថា ថៃមិនបានធ្វើនូវអ្វី ដូចដែលខ្លួនបានលើកឡើងនោះទេ។ ថៃបានប្រើលេសរាប់សិប ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា។

ផ្ទុយទៅវិញ ថៃបានលុបចោលអនុស្សរណៈឆ្នាំ ២០០១ ជាឯកតោភាគី ហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាតែម្តង។ ឯកឧត្តម យោង ចាន់សុភារ បានបញ្ជាក់បន្ថែមថា ខណៈកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់ កម្ពុជាជ្រើសរើសដំណើរការផ្សះផ្សារដោយបង្ខំនេះគឺដើម្បីធានាការការពារ និងការគោរព អធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា។

កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅពីថ្ងៃ ១៥ ដល់ ១៨ មិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ បុរីញូវយ៉ក ដោយមានការចូលរួមពី ១៧១ប្រទេស និងអង្គការតំបន់មួយ ដែលជាសមាជិកនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ UNCLOS ។

ក្នុងកិច្ចប្រជុំខាងលើនេះដែរ មានការបោះឆ្នោតជ្រើសរើសសមាជិកតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ។ ជាលទ្ធផល ប្រទេសហ្គាណា ទុយនេស៊ី វៀតណាម រុស្ស៊ី ហូឡង់ ឥណ្ឌា និងប្រេស៊ីល ត្រូវបានជាប់ឆ្នោតជាសមាជិកតុលាការនេះ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា