អ្នកនាំពាក្យ៖ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន៩លើកហើយ ទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន៩លើកហើយ ទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង

អ្នកនាំពាក្យ៖ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន៩លើកហើយ ទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមាន កាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន៩លើកហើយ ទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។ ក្រៅពីនោះ គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានធ្វើកំណត់ទូតតវ៉ាចំនួន៣២លើក ចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលខ្លួនកាន់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។ បើគិតចាប់ពីបទឈប់បាញ់លើកទី១ ដែលចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន កំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជា ប្រឆាំងការរំលោភបំពានរបស់ភាគីថៃមានរហូតដល់ ៤២លើក។

Advertisement

ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់ចាំបាច់ ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះ គឺជាឯកសារដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ ដែលភាគីថៃបានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយ ពីព្រោះការតវ៉ានេះគឺជាភស្តុតាងផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់។

រីឯសំណើរបស់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជូនឡើងវិញនូវខ្លឹមសារចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា៖«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរ ឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវស្ថិរភាព និងសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។

នេះជាចំណុចដ៏សំខាន់ដែលភាគីទាំងពីរបានឯកភាពគ្នា ដែលមានចែងច្បាស់ក្នុងសេចក្តីប្រកាសរួមស្តីពីវិធានការកាត់បន្ថយភាពតាមតឹង ហើយដែលភាគីកម្ពុជាតែងតែជំរុញឱ្យអនុវត្តជាបន្តបន្ទាប់។ ប៉ុន្តែរហូតមកទល់ពេលនេះ ភាគីថៃស្នើសុំពន្យារពេលរហូតក្រោមហេតុផលបញ្ហាផ្ទៃក្នុងរបស់ខ្លួន ខណៈដែលសកម្មភាពនានាត្រូវបានធ្វើជាបន្តបន្ទាប់នៅលើទីតាំងជាក់ស្តែងដែលខ្លួនកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។ ទោះយ៉ាងណា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (fait accompli) ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង និងការទាមទារជាឯកតោភាគីរបស់ភាគីថៃនោះឡើយ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា