រយៈពេល៥ខែឆ្នាំនេះ អ្នកដំណើរតាមផ្លូវអាកាសថយចុះ៦ភាគរយ ខណៈការដឹកទំនិញកើនឡើង៣៤ភាគរយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល៥ខែឆ្នាំនេះ អ្នកដំណើរតាមផ្លូវអាកាសថយចុះ៦ភាគរយ ខណៈការដឹកទំនិញកើនឡើង៣៤ភាគរយ

រយៈពេល៥ខែឆ្នាំនេះ អ្នកដំណើរតាមផ្លូវអាកាសថយចុះ៦ភាគរយ ខណៈការដឹកទំនិញកើនឡើង៣៤ភាគរយ

 ភ្នំពេញ៖ សន្ទស្សន៍ដើរបញ្ច្រាស់គ្នាបានកើតឡើងក្នុងរយៈពេល​៥ខែនៃដើមឆ្នាំ២០២៦នេះ ខណៈចំនួនអ្នកដំណើរ​ចេញចូល​តាម​​ផ្លូវអាកាសមានការថយចុះ ៦% បើប្រៀបធៀបទៅនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំទៅមិញ ប៉ុន្តែចំនួនដឹកជញ្ជូន​តាមអាកាស​មានការកើនឡើងយ៉ាងខ្លាំង។

ចលនាជើងហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិទាំងបី​របស់​កម្ពុជា ក្នុងរយៈពេល ៥ខែ គិតចាប់ពី​ខែមករា ដល់ខែ​ឧសភា​មានចំនួនជិត ២ម៉ឺនជើង ដោយមានការកើនឡើងបន្តិចបន្តួច។ ដោយឡែកចំនួនអ្នកដំណើរមានប្រមាណ ២លាន ៨សែននាក់ ពោលគឺមានការថយចុះ ៦ភាគររបើធៀបនឹងរយៈពេលដូចគ្នាកាល​ពីឆ្នាំមុន។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានពន្យល់ប្រាប់បណ្ដាញព័ត៌មាន AMS ពីមូលហេតុចម្បងៗ​ដែលនាំឱ្យចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះ គឺដោយសារជម្លោះរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ខំឱ្យមានការបិទដែនអាកាស និងការប្តូរ​ផ្លូវហោះហើរនៅចំណុចផ្ទេរធំៗដូចជា ឌូបៃ ដូហា និង​អាប៊ូដាប៊ី។ លោកបញ្ជាក់ថា បើទោះបីជាកម្ពុជាអាចបង្វែរជើងហោះ​ហើរមកតាម បាងកក សិង្ហបុរី កូឡាឡាំពួរ និងអ៊ីស្តង់ប៊ុល ក៏ដោយ ប៉ុន្តែការប្តូរ​ទិសដៅនេះបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ចំណាយកាន់តែច្រើន ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់​ចំនួន​ភ្ញៀវទេសចរមកពី​បស្ចិមប្រទេស ជាពិសេសតំបន់អឺរ៉ុប និងអាម៉េរិក។

បើតាមអ្នកនាំពាក្យដដែល ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Korean Air និង Asiana Airlinesដែលគ្រោងនឹងបញ្ចប់​នៅចុង​ឆ្នាំ២០២៦ នេះ បានធ្វើឱ្យមានការកាត់ផ្តាច់ជើងហោះហើររបស់ Star Alliance ពីទីក្រុងសេអ៊ូលមកកាន់កម្ពុជា។ ស្របពេល​ជាមួយគ្នានេះ ក្រុមហ៊ុន​អាកាសចរណ៍មួយចំនួនបានសម្រេចផ្អាកខ្សែផ្លូវហោះហើរដែលមិនសូវចំណេញផងដែរ។ ជាក់ស្តែង​ដូចជាក្រុមហ៊ុន Firefly បានផ្អាក​ជើងហោះ​ហើររវាងកូឡាឡាំពួរ និងសៀមរាប ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៦មក ដែលធ្វើឱ្យ​បាត់បង់ជើងហោះហើរចំនួន ៦ ជើងក្នុងមួយសប្តាហ៍។

បន្ថែមលើនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា ទីក្រុងតៃប៉ិគឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងអ្នកដំណើរដ៏ធំមួយ ជាពិសេសសម្រាប់ភ្ញៀវមកពីអាម៉េរិកខាងជើង។ ប៉ុន្តែបច្ចុប្បន្ន មានត្រឹមតែជើងហោះហើរត្រង់មកភ្នំពេញប៉ុណ្ណោះ ដោយមិនទាន់​មានជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាបឡើយ ដែលនេះជាការ​បាត់បង់ឱកាសដ៏ធំមួយសម្រាប់វិស័យទេសចរណ៍នៅក្នុង​ខេត្តសៀមរាប។

ទោះយ៉ាងណា របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិលបានឱ្យដឹងថា បរិមាណទំនិញចេញចូលតាម​ផ្លូវអាកាស​សម្រេច​បានចំនួនជិត ៤ម៉ឺនតោន ពោលគឺមានការកើនឡើង ៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្នុងនោះ អាកាស​យានដ្ឋាន​អន្តរជាតិតេជោ បានដើរតួនាទីជាបេះដូងសេដ្ឋកិច្ច​យ៉ាង​សំខាន់ ដោយគ្រប់គ្រងលើការដឹកជញ្ជូនទំនិញ​អន្តរជាតិតាមផ្លូវ​អាកាសរហូតដល់ជិត ៩៨ភាគរយ នៃទំហំទំនិញសរុបទូទាំងប្រទេស។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ បណ្ដាញអាកាសចរណ៍អន្តរជាតិ​របស់កម្ពុជា បានពង្រីកការគ្របដណ្ដប់រហូតដល់ ១៨ ប្រទេស និង ៤៦ ទីក្រុង។ បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ កំពុងដំណើរ​ការជើងហោះហើរសរុប ១,០២៤ ជើងក្នុងមួយ​សប្ដាហ៍ តាមរយៈ​អាកាស​យានដ្ឋានអន្តរជាតិទាំង៣ រួមមាន ៖អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ អាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។

Advertisement

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០២៥ កន្លងទៅ កម្ពុជាទទួលបានអ្នក​ដំណើរតាមផ្លូវអាកាសចេញ-ចូលសរុបជិត ៧ លាននាក់ ដែលមាន​កំណើន ១២ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤៕
ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា