អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា គិតមកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកជាង២ម៉ឺន២ពាន់នាក់ទៀតនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែស្ថានភាពមិនទាន់អំណោយផល ឬដោយសារមានការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូរកុងតឺន័រ និងរាយបន្លាលួសដើម្បីបិទផ្លូវ។ រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ក្នុងការជួយស្តារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំងពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ សុទ្ធសឹងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញ។

Advertisement

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលយកចិត្តទុកដាក់មើលការខុសត្រូវ និងដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះសំដៅជួយសម្រួល និងរក្សាលំនឹងជីវភាពរបស់ពួកគេ។ ចំណែកពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្តោះអាសន្ននៅ «ភូមិរង់ចាំ» ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ ដែលអនុញ្ញាតឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាន។

អ្នកនាំពាក្យលើកឡើងថា ក្នុងអំឡុងពេលស្នាក់នៅបណ្តោះអាសន្ន បងប្អូនពលរដ្ឋភៀសសឹកបានទទួលការយកចិត្តទុកដាក់មើលថែទាំពីសំណាក់រាជរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ រួមទាំងមហាជន និងសប្បុរសជនគ្រប់ទិសទី ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងក្រោមស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដោយគ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ឱ្យនៅឯកាឡើយ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ នេះជាភាពកក់ក្តៅដែលប្រជាពលរដ្ឋភៀសសឹកទទួលបានពីរាជរដ្ឋាភិបាល អាជ្ញាធរ និងជនរួមជាតិគ្រប់ទិសទី។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា ក្រៅពីជនភៀសសឹក រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាក៏ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើក្រុមគ្រួសារវីរយុទ្ធជនពលី។ ជាក់ស្តែង កន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែអញ្ជើញប្រគល់ផ្ទះថ្មីជូនគ្រួសារយុទ្ធជនពលីជាបន្តបន្ទាប់ ដោយភ្ជាប់ជាមួយនូវអំណោយជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ បន្ថែមពីលើនេះ និងជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយគាំពារដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសាជាថ្មី និងការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា