«ចរណៃ» ប្រកាសបិទទ្វារឆាប់ៗក្រោយបន្លំលក់ត្រីត្រោតជាត្រីសាល់ម៉ុន ទោះបីត្រីទាំងពីរប្រភេទនេះអាចបរិភោគឆៅបាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«ចរណៃ» ប្រកាសបិទទ្វារឆាប់ៗក្រោយបន្លំលក់ត្រីត្រោតជាត្រីសាល់ម៉ុន ទោះបីត្រីទាំងពីរប្រភេទនេះអាចបរិភោគឆៅបាន

«ចរណៃ» ប្រកាសបិទទ្វារឆាប់ៗក្រោយបន្លំលក់ត្រីត្រោតជាត្រីសាល់ម៉ុន ទោះបីត្រីទាំងពីរប្រភេទនេះអាចបរិភោគឆៅបាន

ហាងយីហោ«ចរណៃ» ដែលផ្គត់ផ្គង់ និងចែកចាយត្រីក្លាសេច្រើនប្រភេទ បានប្រកាសបិទទ្វារទាំងស្រុងនៅត្រឹមថ្ងៃទី២២ ខែសីហា ខាងមុខនេះ បន្ទាប់ពីទទួលការរិះគន់យ៉ាងខ្លាំងពីអតិថិជន ដោយសារការលក់ត្រីត្រោតបន្លំជាត្រីសាល់ម៉ុន ហើយរងការពិន័យពី១០លានទៅ២០លានរៀលពីអាជ្ញាធរជំនាញ។ រយៈពេលនៅសល់ជាងមួយខែនេះ ហាងចរណៃ​សុំលក់បង្ហើយស្តុកដែលមានស្រាប់ និងដើម្បីទុកពេលឱ្យបុគ្គលិកអាចមានពេលគ្រប់គ្រាន់សម្រាប់ស្វែងរកការងារថ្មី។
 
ហាងចរណៃ បានទទួលស្គាល់កំហុស ​និងសុំការអភ័យទោសចំពោះទង្វើខុសឆ្គងកន្លងមក។ ទោះបីយ៉ាងណា ហាងនេះបានអះអាងថា ខ្លួនលក់តែត្រីសាល់ម៉ុន និងត្រីត្រោត ដែលនាំចូលពីប្រទេសន័រវែសប៉ុណ្ណោះ ពោលគឺពុំបាននាំចូលពីបណ្តាប្រទេសដទៃដូចការសង្ស័យពីមហាជនមួយចំនួននោះឡើយ។
 
ក្នុងប្រទេសន័រវែស ​ត្រីត្រោត ត្រូវបានចិញ្ចឹមនៅក្នុងទឹកជ្រៅ ហើយអាចបរិភោគឆៅបានយ៉ាងមានសុវត្ថិភាព។ ន័រវែស ជាប្រទេសនាំចេញត្រីសាម៉ុន និងអាហារសមុទ្រដ៏ធំបំផុតមួយនៅលើពិភពលោក។
 
លោក ញិល រដ្ឋា អ្នកជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិ បាននិយាយថា ការលក់ក្លែងបន្លំនេះ មិនត្រឹមតែប៉ះពាល់ដល់ហាងចរណៃប៉ុណ្ណោះទេ តែបានជះឥទ្ធិពលដល់ហាងដទៃទៀត ធ្វើឲ្យបាត់បង់ទំនុកចិត្តពីអតិថិជនជាប្រព័ន្ធតែម្តង។
 
លោក ម៉ៅ វុត្ថា ម្ចាស់«ផ្ទះត្រីសាល់ម៉ុន» ដែលមាន​បទពិសោធន៍ក្នុងការនាំចូលត្រីសមុទ្រជាយូរឆ្នាំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS  ថា ត្រីសាល់ម៉ុន និងត្រីត្រោត នេះស្ថិតនៅក្នុងអម្បូរតែមួយហៅថា Salmonidae ដែលមានហ្សែន និងរចនាសម្ព័ន្ធរាងកាយ សាច់ស្រដៀងគ្នា ​និងមានតម្លៃប្រហាក់ប្រហែលគ្នា។ គេអាចសម្គាល់ត្រីសាលម៉ុន ត្រង់ថា មានសណ្ឋាន​សាច់ស្រាល ស្លេកជាងត្រីត្រោត ដែលមានសាច់ទឹកក្រូចដិតជាងត្រីសាល់ម៉ុន។
 
ត្រីសាល់ម៉ុន មានពីរប្រភេទ គឺត្រីសាល់ម៉ុនអាត្លង់ទិក និងត្រីសាល់ម៉ុនប៉ាស៊ីហ្វិក។ ដោយឡែក ប្រភេទត្រីត្រោត មាន២ប្រភេទផងដែរ គឺត្រីត្រោតទឹកកក ជាប្រភេទត្រីដែលអាចបរិភោគឆៅដូចគ្នានឹងត្រីសាល់ម៉ុនដែរ និងប្រភេទត្រីត្រោតទឹកសាប គឺមិនអាចទទួលទានឆៅបាននោះទេ ​ព្រោះវាសម្បូរទៅដោយបាក់តេរី និងបារ៉ាស៊ីត។
 
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានពន្យល់​ថា ត្រីសមុទ្រទាំងពីរប្រភេទនេះអាចបរិភោគឆៅបានដូចគ្នា ប្រសិនបើវាមកពីប្រភពដែលអាចទុកចិត្តបាន និងបានឆ្លងកាត់ការរក្សាទុក ការបង្កក និងការកែច្នៃតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារបានត្រឹមត្រូវ។ ត្រីទាំងពីរប្រភេទនេះ សម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ អូមេហ្គា-៣ វីតាមីន D វីតាមីន B12 និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀត ដែលមានប្រយោជន៍ចំពោះសុខភាពបេះដូង ខួរក្បាល និងសុខភាពទូទៅ។
 
ប៉ុន្តែត្រីសាលម៉ុនត្រូវបានគេនិយមទទួលទានឆៅច្រើនជាងត្រីត្រោតនៅទូទាំងពិភពលោក ជាពិសេសសម្រាប់ធ្វើជាស៊ូស៊ី និងសាស៊ីមី។ មូលហេតុដោយសារតែត្រីសាម៉ុនមានជាតិខ្លាញ់ខ្ពស់ជាង សាច់ទន់ និងមានរសជាតិឆ្ងាញ់ជាងសម្រាប់ការទទួលទានឆៅ។
 
បើតាម លោក ម៉ៅ វុត្ថា ពេលខ្លះត្រីសាល់ម៉ុនមានតម្លៃថ្លៃជាងត្រីត្រោត ពេលខ្លះទៀតត្រីត្រោតមានតម្លៃថ្លៃជាងត្រីសាល់ម៉ុន ហើយជួនកាលមានតម្លៃស្មើគ្នា​ ទៅតាមតម្រូវការ និងរដូវកាលប្រមូលផល។  លោកបានបន្ថែមថា ត្រីសាល់ម៉ុន ដែលមានលក់នៅទីផ្សារកម្ពុជា ភាគច្រើននាំចូលពីប្រទេសន័រវែស កាណាដា អូស្ត្រាលី ឈីលី និងអាមេរិក៕

Advertisement

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា