អាជ្ញាធរជាតិអប្សរាបណ្ដុះយុវជនឱ្យស្គាល់សិលាចារឹក ជាភស្តុតាងអត្តសញ្ញាណជាតិខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរាបណ្ដុះយុវជនឱ្យស្គាល់សិលាចារឹក ជាភស្តុតាងអត្តសញ្ញាណជាតិខ្មែរ

អាជ្ញាធរជាតិអប្សរាបណ្ដុះយុវជនឱ្យស្គាល់សិលាចារឹក ជាភស្តុតាងអត្តសញ្ញាណជាតិខ្មែរ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា កំពុងជំរុញការផ្ទេរចំណេះដឹងផ្នែកសិលាចារឹកទៅកាន់យុវជនជំនាន់ក្រោយ តាមរយៈកម្មវិធីអប់រំ បេតិកភណ្ឌដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរដែលបានបន្សល់ទុកនៅលើ ជញ្ជាំងប្រាសាទបុរាណរាប់ពាន់ឆ្នាំ។

Advertisement

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា សិលាចារឹកដែលបុព្វបុរសខ្មែរបានចារទុកនៅតាមប្រាសាទនានា មិនត្រឹមតែជាឯកសារ​ប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់ការសិក្សាអក្សរ និងភាសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភស្តុតាងវិទ្យាសាស្ត្រដ៏រឹងមាំ ដែលបញ្ជាក់ពី​អារ្យធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់របស់ជាតិខ្មែរ។

ក្នុងគោលបំណងបណ្តុះស្មារតីស្រឡាញ់ជាតិ និងការពារមរតកវប្បធម៌ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌​ខ្មែរ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំបេតិកភណ្ឌ» ជូនសិស្សានុសិស្សវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ចំនួន ៥០នាក់ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក វង្ស សាវុទ្ធី អ្នកជំនាញផ្នែកអក្សរចារឹកនៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញអំពី «អក្សរ​ចារឹកនៅប្រាសាទព្រះគោ» ដោយណែនាំសិស្សឱ្យសិក្សាពីប្រវត្តិអក្ខរក្រមខ្មែរ ការអនុវត្តសរសេរអក្សរខ្មែរបុរាណ ការចុះសិក្សា​ផ្ទាល់នៅប្រាសាទព្រះគោ និងការអានប្រៀបធៀបសិលាចារឹកបុរាណជាមួយភាសាខ្មែរសម័យបច្ចុប្បន្ន។

លោក វង្ស សាវុទ្ធី បានឱ្យដឹងថា គោលដៅសំខាន់នៃកម្មវិធីនេះ គឺជំរុញឱ្យសិស្សានុសិស្សស្គាល់ និងយល់ពីតម្លៃអក្សរខ្មែរបុរាណ ព្រមទាំងបង្កើនចំណាប់អារម្មណ៍ឱ្យពួកគេបន្តសិក្សាជំនាញសិលាចារឹកនៅកម្រិតឧត្តមសិក្សានាពេលអនាគត។

សិលាចារឹកគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងអារ្យធម៌ខ្មែរ រាប់ពាន់ឆ្នាំមក​ហើយ។ ដូច្នេះ ការសិក្សា និងការថែរក្សា​សិលាចារឹក គឺជាការចូលរួមការពារព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ឱ្យគង់វង្សសម្រាប់​មនុស្សជំនាន់ក្រោយ។នេះបើការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា៕

ដោយ៖ទួន សុផល
រូបភាព៖អាជ្ញាធរជាតិអប្សរា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា