សម្តេច យ៉ន សេងយៀត ជំរុញឱ្យមេដឹកនាំសាសនាពិភពលោកបង្កើនតួនាទីសកម្មក្នុងការជួយសង្គមមនុស្សជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេច យ៉ន សេងយៀត ជំរុញឱ្យមេដឹកនាំសាសនាពិភពលោកបង្កើនតួនាទីសកម្មក្នុងការជួយសង្គមមនុស្សជាតិ

សម្តេច យ៉ន សេងយៀត ជំរុញឱ្យមេដឹកនាំសាសនាពិភពលោកបង្កើនតួនាទីសកម្មក្នុងការជួយសង្គមមនុស្សជាតិ

ភ្នំពេញ៖សម្តេចព្រះមហាអរិយវង្ស អគ្គលេខាធិការនៃក្រុមប្រឹក្សាអន្តរសាសនាកម្ពុជាបាននិមន្តតំណាងឱ្យកម្ពុជាថ្លែងសុន្ទរកថា​នៅក្នុងមហាសន្និបាតអន្តរសាសនាដើម្បីសន្តិភាពអន្តរជាតិដ៏ធំមួយ ដែលកំពុងប្រារព្ធនៅសាធារណរដ្ឋម៉ូរីស (Mauritius) នៃទ្វីបអាហ្វ្រិក។

ក្នុងមហាសន្និបាតអន្តរសាសនាដើម្បីសន្តិភាពអន្តរជាតិ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត អគ្គលេខាធិការនៃ ក្រុមប្រឹក្សា​អន្តរសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តឧណ្ណាលោម និងជាតំណាងឱ្យកម្ពុជា បានអំពាវនាវដល់មេដឹកនាំ សាសនាទាំងអស់ ត្រូវតែចូលរួមជួយសង្គមមនុស្សដែលកំពុងប្រឈមមុខនឹងការ​បែងចែកគ្នា​ដោយ​ហេតុផលនានា។ សម្ដេចបាន ចង្អុលទៅរកគោលបំណងសំខាន់នៃវត្តមានរបស់សាសនាទាំងអស់ ដែលកំពុងស្ថិតនៅលើភព​ផែនដីនាពេលនេះថា គឺដើម្បីជួយ សង្គមនៅពេលដែលសង្គមជួបនូវសេចក្ដីទុក្ខ គឺមិនមែនដើម្បីពួនសំងំនៅក្នុងអាស្រមសាសនា​របស់ខ្លួនដោយមិនធ្វើអ្វីឡើយ។

មហាសន្និបាតដែលប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយ អង្គការសាសនាដើម្បីសន្តិភាពអន្តរជាតិ (Religions for Peace International) ដែលមានទីស្នាក់ការនៅបុរីញូយ៉ក សហរដ្ឋ​អាម៉េរិក និងជាស្ថាប័នអន្តរសាសនាធំបំផុតក្នុងលោកដែលមានសមាជិករហូតដល់ ៩០ប្រទេស ដោយសហការជាមួយក្រុមប្រឹក្សា​សាសនា​នៃប្រទេសម៉ូរីស។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្រោមប្រធានបទ «ការស្វែងរកផ្លូវឆ្ពោះទៅរកការរីកចម្រើនរួមគ្នានៃសាសនាដ៏ពិសិដ្ឋ» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាសនាជាន់ខ្ពស់ អ្នកប្រកាសសាសនា និងប្រតិភូជាង ២០០អង្គនិងនាក់ មកពី ៤៥ប្រទេសជុំវិញពិភពលោក ក្រោមអធិបតីភាពរបស់លោក ដារ៉ាម ហ្គូហូល(Dharam Gokhool )ប្រធានាធិបតីនៃសាធារណ​រដ្ឋម៉ូរីស។

Advertisement

ថ្លែងក្នុងពិធីបើកមហាសន្និបាត លោកប្រធានាធិបតីម៉ូរីសបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព និងការលើក​កម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។

មេដឹកនាំសាសនាពិភពលោក រួមទាំងតំណាងមកពីកម្ពុជាផងដែរ បានរួមគ្នាពិភាក្សាដើម្បីជំរុញការយល់ដឹង ពង្រឹងសាមគ្គីភាព និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមបន្ទាន់ៗបំផុតដែលមនុស្សជាតិកំពុងជួបប្រទះនាពេលបច្ចុប្បន្ន រួមមាន​ វិបត្តិ​ជម្លោះ​ប្រដាប់អាវុធ និងសង្គ្រាម ការបំផ្លិចបំផ្លាញនៃបម្រែបម្រួលអាកាសធាតុ វិបត្តិបំណុលមិនស្ថិតស្ថេររបស់បណ្តាប្រទេសក្រីក្រ ផលប៉ះពាល់ និងបញ្ហាសីលធម៌នៃការរីកចម្រើននៃបញ្ញាសិប្បនិម្មិតជាដើម។

ការចូលរួម និងការឡើងថ្លែងបទអន្តរាគមន៍របស់ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត នាពេលនេះ ត្រូវបាន​គេមើលឃើញថា បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីតួនាទីយ៉ាងសកម្ម និងការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជា ក្នុងការកសាង​សន្តិភាព និងសាមគ្គីភាពអន្តរសាសនានៅលើឆាកអន្តរជាតិ៕
ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា