កម្ពុជាបន្តតវ៉ាភាគីថៃ រំលោភបំពានបូរណភាពទឹកដីខ្មែរ នៅព្រំដែនបន្ទាយមានជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបន្តតវ៉ាភាគីថៃ រំលោភបំពានបូរណភាពទឹកដីខ្មែរ នៅព្រំដែនបន្ទាយមានជ័យ

កម្ពុជាបន្តតវ៉ាភាគីថៃ រំលោភបំពានបូរណភាពទឹកដីខ្មែរ នៅព្រំដែនបន្ទាយមានជ័យ

(ភ្នំពេញ)៖រាជរដ្ឋាភិបាលកម្ពុជាបានបន្តធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃ លើ​អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ខណៈសកម្មភាពបំពារបំពាននេះបានបង្កឡើងម្តងហើយម្តងទៀតដោយភាគីថៃ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីយប់ថ្ងៃពុធទី២៤ ខែមិថុនា បានចេញប្រកាសតវ៉ាជំទាស់ជាផ្លូវការ ចំពោះសកម្មភាពរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

ប្រតិកម្មខ្លាំងៗពីភាគីកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃបានចូលកាន់កាប់តំបន់ព្រំដែនដោយខុសច្បាប់ ហើយនៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារវាស់វែងដីធ្លីថៃ រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ ២៥ នាក់ និងយានយន្តចំនួន៩គ្រឿង បានរំលោភចូលមកធ្វើសកម្មភាពវាស់វែងដីធ្លី និងបោះបង្គោលព្រំដីជាឯកតោភាគីនៅ​ក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅតាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤៦ និង ៤៧។

សកម្មភាពបំពាននេះ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការរំលោភបំពានយ៉ាងច្បាស់លើមាត្រា ៥ នៃអនុស្សរណៈនៃការ​យោគយល់​គ្នាឆ្នាំ២០០០ (MoU-2000) ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងបែបបទបច្ចេកទេសឆ្នាំ២០០៣ ព្រមទាំងកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសថៃ។

ក្រសួងការបរទេសកម្ពុជាបានចាត់ទុក សកម្មភាពនេះ បានដើរផ្ទុយទាំងស្រុងពីស្មារតីនៃសេចក្តីប្រកាសរួម​នៃកិច្ចប្រជុំពិសេស​លើក​ទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីចុងឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាប្រគល់​ភារកិច្ចជូនយន្តការ JBC ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនដោយសន្តិវិធី។

ចំពោះមុខសកម្មភាពរំកិលព្រំដែននេះ កម្ពុជាបានប្រកាសជំហរថា មិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារ​ទឹកដី​ជាឯកតោភាគីណាមួយរបស់ថៃឡើយ ហើយសកម្មភាពខុសច្បាប់ចុងក្រោយនេះ នឹងមិនអាចមកប៉ះពាល់ដល់សិទ្ធិស្របច្បាប់នៃ​ខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់កម្ពុជាបានទេ។

រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ និងទង្វើឯកតោភាគីទាំងនេះ ដោយ​ត្រូវងាកមកអនុវត្តវិធានការបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជា​អ្នកជិតខាងល្អតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជា​ប្រទេសជិតខាងទាំងអស់តាមមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយ​ប្រកាន់​ខ្ជាប់នូវគោលការណ៍ថា បន្ទាត់ព្រំដែនដាច់ខាតមិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងយោធានោះឡើយ៕
ដោយ៖ទួន សុផល

Advertisement

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា