កម្ពុជាត្រៀមដាក់ក្រុងកំពតចូលក្នុងបណ្តាញទីក្រុង ដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាត្រៀមដាក់ក្រុងកំពតចូលក្នុងបណ្តាញទីក្រុង ដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ

កម្ពុជាត្រៀមដាក់ក្រុងកំពតចូលក្នុងបណ្តាញទីក្រុង ដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ

សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពីការរៀបចំឯកសារដាក់បេក្ខភាពទីក្រុងកំពត ចូលក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) ត្រូវបានរៀបចំកាលពីថ្ងៃទី២៤មិថុនា នៅខេត្តកំពត។

Advertisement

ឯកឧត្តម ហួត ហាត់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា សិក្ខាសាលានេះមិនត្រឹមតែជាវេទិកាពិគ្រោះយោបល់បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ ភាពច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋានឱ្យទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូប្រចាំកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តកំពត ក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំឯកសារបេក្ខភាពនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះប្រជាពលរដ្ឋ សិប្បករ សហគ្រិន ផលិតករ និងចុងភៅក្នុងខេត្តកំពត ដែលបានរួមចំណែកថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌ និងម្ហូបអាហារប្រចាំតំបន់ឱ្យមានភាពលេចធ្លោ។

ខេត្តកំពតមានសក្តានុពលដ៏សម្បូរបែប ទាំងផ្នែកធនធានធម្មជាតិ ទេសភាពស្រស់ស្អាត បេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង និងផលិតផលកសិទេសចរណ៍ ដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ ផលិតផលទាំងនោះមានភាពល្បីល្បាញលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត អំបិលនិងផ្កាអំបិលកំពត ទឹកត្រីកំពត ព្រមទាំងធុរេនកំពត និងគ្រឿងសមុទ្រស្រស់ៗ ដែលសុទ្ធសឹងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ។

ទេសចរណ៍សម័យថ្មីមិនត្រឹមតែផ្តោតលើការទស្សនាទេសភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរចង់ទទួលបានបទពិសោធន៍ពិតប្រាកដ តាមរយៈវប្បធម៌ ម្ហូបអាហារ សិល្បៈ តន្ត្រី។ល។ ដូច្នេះ ការចូលរួមក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់យូណេស្កូ ផ្នែកម្ហូប អាហារ នឹងក្លាយជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើនការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្ត និងជំរុញដល់រាជធានី និងខេត្តផ្សេងៗក្នុងការចុះសិក្សា ស្វែងរក ជីកកកាយ និងបង្ហាញសក្តានុពលវប្បធម៌ អាហារ និងភាពច្នៃប្រឌិត ដែលលាក់កំបាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមខ្លួនចូលរួមក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូនាពេលអនាគត។

ឯកឧត្តមជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ ទីក្រុងកំពតនឹងអាចលើកកម្ពស់កិត្យានុភាពរបស់ខ្លួន និងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌ ភាពច្នៃប្រឌិតផ្នែក ម្ហូបអាហារ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ទីក្រុងបាត់ដំបងត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ កាលពីឆ្នាំ២០២៣ ដែលបានបង្ហាញយ៉ាងច្បាស់ពីសក្តានុពលវប្បធម៌ និងភាពច្នៃប្រឌិតរបស់កម្ពុជាទៅកាន់ពិភពលោក ៕

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា