អ្នកជំនាញជំរុញចាត់វិធានការបន្ទាន់លើការកេងបន្លំលើទីផ្សារ ដើម្បីការពារសេដ្ឋកិច្ចជាតិ និងស្តារទំនុកចិត្តពលរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញជំរុញចាត់វិធានការបន្ទាន់លើការកេងបន្លំលើទីផ្សារ ដើម្បីការពារសេដ្ឋកិច្ចជាតិ និងស្តារទំនុកចិត្តពលរដ្ឋ

អ្នកជំនាញជំរុញចាត់វិធានការបន្ទាន់លើការកេងបន្លំលើទីផ្សារ ដើម្បីការពារសេដ្ឋកិច្ចជាតិ និងស្តារទំនុកចិត្តពលរដ្ឋ

ប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបផ្ទួនៗគ្នារបស់អាជ្ញាធរពាក់ព័ន្ធ ពិសេសអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានលាតត្រដាងករណីធំៗមួយចំនួន ដែលធ្វើឱ្យសាធារណជនមានការព្រួយបារម្ភ។
 
ការយកទុរេននាំចូលពីប្រទេសជិតខាងមកបន្លំលក់ធ្វើជាទុរេនខ្មែរ ការក្លែងបន្លំសំបកវេចខ្ចប់ស្ករសនាំចូលពីថៃ ដែលត្រូវបានរកឃើញនៅខេត្តកំពត និងចុងក្រោយនេះ ការយកសាច់ «ត្រីត្រោត» មកបន្លំលក់ធ្វើជា «ត្រីសាលម៉ុន»  ​​​សុទ្ធសឹងតែជាបញ្ហា ដែលធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់ទំនុកចិត្ត។
 
ក្រោយផ្ទុះព័ត៌មានទាំងនេះ ប្រជាពលរដ្ឋជាច្រើនបានសម្ដែងការមិនពេញចិត្តចំពោះម្ចាស់អាជីវកម្ម ដែលគិតតែពីផលចំណេញផ្ទាល់ខ្លួន ដោយមិនខ្វល់ពីគ្មានគុណភាព និងហានិភ័យចំពោះសុខភាពសាធារណៈ។
  
លោកមេធាវី សុក សំអឿន ទីប្រឹក្សាច្បាប់នៃមេធាវី អមរិន្ទ បានពន្យល់ថា កម្ពុជាមានខែលការពារផ្លូវច្បាប់ចំនួន ២ យ៉ាងរឹងមាំរួចជាស្រេច ដើម្បីទប់ស្កាត់បទល្មើសចំណីអាហារ គឺ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលមានទម្ងន់ទោសពន្ធនាគាររហូតដល់ ៥ ឆ្នាំ និង ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដែលកំណត់ទោសពន្ធនាគារ ២ ឆ្នាំ បើរកឃើញថា ការប្រព្រឹត្តធ្ងន់ធ្ងរ។
 
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា វិបត្តិទំនុកចិត្តរបស់អ្នកប្រើប្រាស់កំពុងតែកើតមានឡើង ក្រោយពេលមានសកម្មភាពលក់កេងបន្លំផលិតផល និងទំនិញគ្មានគុណភាពលើទីផ្សារ។ សកម្មភាពទាំងនេះធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច លែងមានទំនុកចិត្ត និងជះឥទ្ធិពលអវិជ្ជមានដល់អារម្មណ៍សង្គមទូទៅ។
 
ស្របគ្នានេះដែរ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា ការធ្វើអាជីវកម្មដែលលួចកេងបន្លំភូតភរអតិថិជនបែបនេះ គឺត្រូវចាត់ទុកថាជា «អំពើបោកប្រាស់»។

Advertisement

ដោយឡែក លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានរិះគន់ចំៗថា ការធ្វើអាជីវកម្មកេងបន្លំ គឺជាអំពើអសីលធម៌ធ្ងន់ធ្ងរ ដែលកំពុងបំផ្លាញទាំងសុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិ។
 
អ្នកឃ្លាំមើលសង្គមរូបនេះបានកត់សម្គាល់ឃើញថា វិធានការរបស់អាជ្ញាធរកន្លងមកហាក់មានលក្ខណៈធ្វើមួយឆាវៗ ដែលជាហេតុធ្វើឱ្យក្រុមជនខិលខូចនៅតែមានឱកាសងើបមកបន្តរបរទុច្ចរិតដដែលៗ ក្រោយពេលរលកនៃការបង្ក្រាបបានស្ងប់ទៅវិញ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា