កម្ពុជាកំពុងស្រាវជ្រាវបន្សុទ្ធពូជកាហ្វេ ដើម្បីបង្កើត «ពូជកាហ្វេជាតិ» របស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាកំពុងស្រាវជ្រាវបន្សុទ្ធពូជកាហ្វេ ដើម្បីបង្កើត «ពូជកាហ្វេជាតិ» របស់ខ្លួន

កម្ពុជាកំពុងស្រាវជ្រាវបន្សុទ្ធពូជកាហ្វេ ដើម្បីបង្កើត «ពូជកាហ្វេជាតិ» របស់ខ្លួន

កម្ពុជាកំពុងពន្លឿនការសិក្សាស្រាវជ្រាវ និងបន្សុទ្ធពូជកាហ្វេនៅតំបន់ភូមិភាគឦសាន ជាពិសេសនៅខេត្តមណ្ឌលគិរី ដើម្បីលើកកម្ពស់គុណភាពផលិតកម្មឱ្យស្របតាមស្តង់ដារអន្តរជាតិ និងឈានទៅកំណត់អត្តសញ្ញាណពូជកាហ្វេដែលអាចក្លាយជាពូជកាហ្វេប្រចាំជាតិរបស់កម្ពុជា។

Advertisement

ការបន្សុទ្ធពូជកាហ្វេ មិនត្រឹមតែមានគោលបំណងបង្កើតអត្តសញ្ញាណជាតិសម្រាប់វិស័យកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការជ្រើសរើសពូជល្អ និងការរៀបចំគ្រាប់ពូជសុទ្ធពីដើមមេ ដើម្បីធានាថា កូនកាហ្វេដែលផលិតបានមានសុខភាពល្អ ធន់នឹងជំងឺ និងផ្តល់ទិន្នផលខ្ពស់ មុននឹងយកទៅដាំដុះជាលក្ខណៈពាណិជ្ជកម្ម។ គម្រោងសិក្សាស្រាវជ្រាវ និងបន្សុទ្ធពូជនេះ កំពុងអនុវត្តដោយសមាគមកាហ្វេកម្ពុជា ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។

លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា បច្ចុប្បន្ន ប្រភេទកាហ្វេដែលប្រជាកសិករនិយមដាំនៅកម្ពុជាមាន ៣ប្រភេទសំខាន់ៗ គឺ រ៉ូប៊ីស្តា (Robusta), អារ៉ាប៊ីកា (Arabica) និង អ៊ិចសែលសា (Excelsa) ដែលខ្លះត្រូវបានដាំតាំងពីសម័យអាណានិគមបារាំង ហើយខ្លះទៀតនៅមានដុះដោយធម្មជាតិនៅតាមព្រៃ។

លោកបានបញ្ជាក់ថា ការសិក្សាលើស្ថានភាពដាំដុះកាហ្វេរបស់ប្រជាកសិករនៅខេត្តមណ្ឌលគិរី ត្រូវបានបញ្ចប់រួចរាល់ហើយ។ ជំហានបន្ទាប់ គឺការអភិវឌ្ឍ និងបន្សុទ្ធពូជ ដើម្បីជ្រើសរើសពូជដែលមានគុណភាពល្អបំផុត ហើយស័ក្តិសមនឹងលក្ខខណ្ឌធម្មជាតិកម្ពុជា សម្រាប់អភិវឌ្ឍទៅជាពូជកាហ្វេប្រចាំជាតិ និងដាំដុះសម្រាប់ទីផ្សារនាពេលអនាគត។

ប្រធានសមាគមកាហ្វេកម្ពុជាបានបញ្ជាក់ថា សមាគមកាហ្វេសិក្សាវិធីសាស្ត្រផ្សេងៗ ដូចជា ការបង្កាត់ពូជ ឬការប្រើបច្ចេកទេសបាញ់កាំរស្មី។ បច្ចុប្បន្ន ក្រុមអ្នកជំនាញកំពុងពិភាក្សាដើម្បីជ្រើសរើសវិធីសាស្ត្រដែលមានប្រសិទ្ធភាពខ្ពស់បំផុត ដោយគិតគូរទាំងធនធានដែលមាន និងរយៈពេលអនុវត្ត។ គោលដៅសំខាន់ គឺដើម្បីបង្កើតពូជកាហ្វេដែលផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ និងសេដ្ឋកិច្ចជាតិ។

លោក ឌុក ពិសិដ្ឋ បានបញ្ជាក់ថា ការសិក្សាស្រាវជ្រាវ និងបន្សុទ្ធពូជកាហ្វេ គឺជាដំណើរការដែលត្រូវការពេលវេលាយូរ អាចចំណាយពេលពី ៥ ទៅ ១០ ឆ្នាំ។ ទោះបីជាយ៉ាងនេះក្តី ភាគីពាក់ព័ន្ធនឹងព្យាយាមពន្លឿនដំណើរការនេះ ដើម្បីឱ្យកម្ពុជាអាចមានកាហ្វេប្រចាំជាតិដ៏មានគុណភាពខ្ពស់ មិនខុសពីអង្ករកម្ពុជា ដែលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ការបន្សុទ្ធពូជកាហ្វេនេះ គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃសមាគមកាហ្វេកម្ពុជា ដែលចង់លើកកម្ពស់ជីវភាពប្រជាកសិករដាំកាហ្វេនៅខេត្តមណ្ឌលគិរី និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកាហ្វេខ្មែរ ឱ្យមានចីរភាព និងមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ ផ្ទៃដីដាំកាហ្វេនៅកម្ពុជាមានជិត ១ ០០០ ហិកតា ហើយនៅចុងឆ្នាំនេះ ផ្ទៃដីដាំដុះអាចកើនបន្ថែមពី ៥០០ ទៅ ៦០០ ហិកតាទៀត។ ការដាំកាហ្វេភាគច្រើនប្រមូលផ្តុំនៅខេត្តមណ្ឌលគិរី និងរតនគិរី ខណៈតំបន់ផ្សេងៗទៀត ដូចជា តំបន់អូរសោមនៃខេត្តពោធិ៍សាត់ ខេត្តកោះកុង ប៉ៃលិន ត្បូងឃ្មុំ និងកំពង់ចាម ក៏មានការដាំដុះផងដែរ ប៉ុន្តែមិនទាន់ទូលំទូលាយនៅឡើយ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បរិមាណផលិតកាហ្វេសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២៥ មានចំនួនជាង ១ ៣០០ តោន ខណៈទិន្នផលជាមធ្យមសម្រេចបានប្រមាណ ២,៥ តោនក្នុងមួយហិកតា៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា