សំណុំរឿងដែនសមុទ្រធ្លាក់ដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍នៅទីក្រុងឡាអេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សំណុំរឿងដែនសមុទ្រធ្លាក់ដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍នៅទីក្រុងឡាអេ

សំណុំរឿងដែនសមុទ្រធ្លាក់ដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍នៅទីក្រុងឡាអេ

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្រឡាបញ្ជីនៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (Permanent Court of Arbitration) នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានទទួលយកសំណុំរឿងដែនសមុទ្ររវាងកម្ពុជា និងថៃ សម្រាប់ចាប់ផ្តើមដំណើរការតាមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS។

Advertisement

ឯកឧត្តមបានថ្លែងប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃព្រហស្បតិ៍នេះថា ក្រឡាបញ្ជីនៃតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ បានផ្ញើលិខិតមកកម្ពុជាផង និងថៃផង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រឡាបញ្ជីបានចាប់ផ្តើមទទួលយកសំណុំរឿងជាផ្លូវការ ក្រោយពីថៃបានយល់ព្រមដោះស្រាយបញ្ហាដែនសមុទ្រជាមួយកម្ពុជាតាមយន្តការផ្សះផ្សានេះ។ សំណុំរឿងនេះត្រូវបានចុះបញ្ជីដោយមានលេខកូដ៣៥ សម្រាប់សម្គាល់។

បើតាមឯកឧត្តម ចាន់ រតនា ក្រឡាបញ្ជីនឹងជួបសមាជិកនៃគណៈកម្មាការផ្សះផ្សាចំនួន៤រូបនៃប្រទេសទាំងពីរ ដើម្បីជ្រើសរើសគណៈកម្មាការផ្សះផ្សាទី៥ ធ្វើជាប្រធាន។

ការជ្រើសរើសប្រធានគណៈកម្មាការផ្សះផ្សានេះ ត្រូវធ្វើឡើងក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ គិតចាប់ពីថ្ងៃទី១៩ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ប្រសិនជាការជ្រើសរើសប្រធានគណៈកម្មាការផ្សះផ្សាបរាជ័យ ដោយប្រទេសទាំងពីរមិនឯកភាពគ្នា ប្រទេសទាំងពីរអាចស្នើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិជាអ្នករើសប្រធានគណៈកម្មាការផ្សះផ្សាជំនួសវិញ។

ប្រធានគណៈកម្មាការផ្សះផ្សា មានតួនាទីជួយដោះស្រាយ ផ្តល់យោបល់ និងអនុសាសន៍ និងការកសាងការឯកភាពគ្នារវាងប្រទេសទាំងពីរ ប្រកបដោយសន្តិវិធី អព្យាក្រឹត ដោយផ្នែកទៅលើច្បាប់។

វិវាទដែនសមុទ្ររវាងកម្ពុជា និងថៃនេះ គឺជាករណីផ្សះផ្សារទី២ បន្ទាប់ពីវិវាទរវាងប្រទេសទីម័រឡេស្តេ និងប្រទេសអូស្ត្រាលី ត្រូវបានដោះស្រាយដោយសន្តិវិធីស្របតាមយន្តការ UNCLOS កាលពីឆ្នាំ២០១៨ បន្ទាប់ពីជម្លោះបានអូសបន្លាយរយៈ១០ឆ្នាំ៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា