កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិពេញលេញដើម្បី​ការពារកុមារក្នុងជម្លោះប្រដាប់អាវុធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិពេញលេញដើម្បី​ការពារកុមារក្នុងជម្លោះប្រដាប់អាវុធ

កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិពេញលេញដើម្បី​ការពារកុមារក្នុងជម្លោះប្រដាប់អាវុធ

ភ្នំពេញ៖នៅអង្គការសហប្រជាជាតិ (អ.ស.ប.)តំណាងអចិន្ត្រៃយ៍​កម្ពុជា​ប្រចាំអ.ស.ប.បានអំពាវនាវឱ្យមានការ​អនុវត្តច្បាប់​អន្តរជាតិ​​ពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ និងបង្ហាញពី​ផលប៉ះពាល់នៃសង្គ្រាមឈ្លានពាន។

ក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីកុមារ​និង​ជម្លោះប្រដាប់អាវុធក្នុងសប្ដាហ៍នេះ ឯកឧត្ដម កែវ ឈា តំណាង​អចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំង​របស់កម្ពុជា ចំពោះការកើន​ឡើងគួរឱ្យតក់ស្លុត​នៃការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរទៅលើកុមារក្នុងជម្លោះប្រដាប់អាវុធ ព្រមទាំងបាន​អំពាវនាវ​​ឱ្យមានការ​អនុវត្តឱ្យ​បានពេញលេញ​នៃកាតព្វកិច្ចផ្លូវច្បាប់​អន្តរជាតិដើម្បីការពារកុមារ។

តំណាងអចិន្ត្រៃយ៍កម្ពុជាបានប្រាប់កិច្ចពិភាក្សាថា គិតត្រឹមពេលនេះ​កុមារកម្ពុជាជាង ៦,៤០០ នាក់នៅតែបន្តរងគ្រោះដោយ​ការភៀស​សឹក។

ជុំវិញការលើកឡើងនេះ អ្នកតាមដានសង្គមយល់ឃើញថា ការ​អំពាវនាវ និងការលើកឡើងពីបញ្ហាកុមារភៀសសឹកកម្ពុជា បាន​ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវិបត្តិមនុស្សធម៌ដែលបន្សល់ទុកពីសង្គ្រាម។

Advertisement

សូមរម្លឹកថា នៅក្នុងសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើ​អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥ កន្លងទៅ បានបណ្តាលឱ្យមានប្រជាពលរដ្ឋកម្ពុជាភៀសសឹកសរុបរហូតដល់ប្រមាណ ៦៤ម៉ឺននាក់។គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ទោះបីជា​ស្ថានភាពបានកន្លងផុតទៅមួយរយៈពេលក៏ដោយ ក៏នៅមានប្រជា​ពល​រដ្ឋខ្មែរប្រមាណជាង ២១.០០០នាក់ផ្សេងទៀត ដែលភាគច្រើន​ជាស្ត្រី និងកុមារ នៅមិនទាន់អាចវិលត្រលប់ទៅកាន់លំនៅ​ឋានវិញ​បាននៅឡើយ។ មូលហេតុគឺដោយសារ​ភូមិឋាន និងផ្ទះសម្បែង​របស់ពួកគាត់ ត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ និងរងការ​បំផ្លិចបំផ្លាញខ្ទេចខ្ទី។

ក្នុងស្ថានភាពនេះឯកឧត្តម កែវ ឈា បានបញ្ជាក់ថា កម្ពុជានៅតែ​បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការងារជិតស្និទ្ធជា​មួយ​ដៃគូ​អន្តរជាតិ​ទាំងអស់ ដើម្បីធានាថា កុមារគ្រប់រូបអាចរស់នៅ ទទួល​បានការសិក្សារៀនសូត្រ និងរីកចម្រើនទៅមុខ ដោយគ្មាន​អំពើហិង្សា និងការភ័យខ្លាចពីសង្គ្រាមឡើយ៕
ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា