រាជរដ្ឋាភិបាលផ្តល់គោលកការលើកទឹកចិត្តពិសេសពី គម្រោងវិនិយោគចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនប្រមាណ ៨៣ លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលផ្តល់គោលកការលើកទឹកចិត្តពិសេសពី គម្រោងវិនិយោគចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនប្រមាណ ៨៣ លានដុល្លារ

រាជរដ្ឋាភិបាលផ្តល់គោលកការលើកទឹកចិត្តពិសេសពី គម្រោងវិនិយោគចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនប្រមាណ ៨៣ លានដុល្លារ

ភ្នំពេញ៖ រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង នៅពេលដំណើរ ។

Advertisement

នេះបើយោងតាម លទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យហ៊ានសាហ៊ីបទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តីនិងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (..ឦសាន) នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ។

គម្រោងទាំងនេះ រួមមាន ៖ ២ គម្រោង នៅខេត្តរតនគិរី, ២ គម្រោងនៅខេត្តមណ្ឌលគិរី, ១ គម្រោង នៅខេត្តស្ទឹងត្រែង និង ១ គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគរោងចក្រផលិតម្សៅដំឡូងមីស្រស់, រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី, គម្រោងដាំដុះដំណាំកៅស៊ូ និង រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងទេសចរណ៍ធម្មជាតិ, និង គម្រោងដំាដុះ និង រោងចក្រកែច្នៃកាហ្វេ ។

ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថាក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងនៅបន្តគាំទ្រសម្របសម្រួល និង ស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និង ត្រូវជំរុញបរិវត្តកម្ម ពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា ជាមួយនឹងការធ្លាក់ចុះជាបណ្តើរៗនៃតម្លៃប្រេង ដែលជាផ្នែកចម្បងនៃថ្លៃផលិតកម្មក្នុងវិស័យកសិកម្ម និងការកែច្នៃ, វិនិយោគិននឹងអាចមានស្ថិរភាពប្រតិបត្តិការឡើងវិញ ហើយមានចាប់អារម្មណ៍ពង្រីកអាជីវកម្មរបស់ខ្លួន ។

ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញសេចក្តីសោមនស្ស ជាមួយនឹងការកើនឡើងជាលំដាប់នូវសមត្ថភាពសម្របសម្រួល និង ចូលរួមគ្រប់គ្រងគម្រោង ពីសំណាក់អនុគណៈកម្មាធិការវិនិយោគរបស់ខេត្ត, ព្រមទាំងបានអបអរសាទរដល់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលសម្រេចបានការចុះបញ្ជី គ.ល.គ ដំបូង សម្រាប់គម្រោងដែលមានទុនវិនិយោគក្រោម ៥ លានដុល្លារ ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបង្ហាញក្តីសង្ឃឹមថា រដ្ឋបាលខេត្តទាំង ៤ នឹងខិតខំជំរុញបន្ថែមទៀតឱ្យមានការចុះបញ្ជី គ.ល.គ ជាបន្តបន្ទាប់ ដើម្បីជំរុញភាពផុសផុល និង លេចធ្លោរបស់តំបន់ភូមិភាគឦសាន ។

គួរបញ្ជាក់ជូនថា បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៥២០២៨» កាលពីថ្ងៃទី ៩ ខែ មេសាឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៦៦គម្រោង ក្រោមទុនវិនិយោគសរុប ២៤៧៨,៦លានដុល្លារអាម៉េរិក និង បានឯកភាពផ្តល់គោលការណ៍ជូនគម្រោងវិនិយោគចំនួន ៤៥គម្រោង ក្រោមទុនវិនិយោគជាង ២០០០លានដុល្លារអាម៉េរិក។ ក្នុងនោះ, សំណើគម្រោងវិនិយោគតាមបណ្តាខេត្តនីមួយៗ មានដូចខាងក្រោម៖
• ខេត្តក្រចេះ ទទួលបានសំណើគម្រោងចំនួន ១៦ គម្រោងក្រោមទុនវិនិយោគ ១ ០៧១ លានដុល្លារអាម៉េរិក និង បង្កើតការងារ ២៥២៣១ កន្លែង,
• ខេត្តស្ទឹងត្រែង ទទួលបានសំណើគម្រោងចំនួន ១៩ គម្រោងក្រោមទុនវិនិយោគ ១៣៧,៩ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៣៣១០ កន្លែង,
• ខេត្តមណ្ឌលគិរី ទទួលបានសំណើគម្រោងចំនួន ២០ គម្រោងក្រោមទុនវិនិយោគ ៤០៦,៥ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤៧៧៣ កន្លែង និង
• ខេត្តរតនគិរី ទទួលបានសំណើគម្រោងចំនួន ១១ គម្រោងក្រោមទុនវិនិយោគ ៨៦៣,២ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤២៩៥១ កន្លែង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តនីមួយៗឱ្យខិតខំចូលរួមទាក់ទាញវិនិយោគិន តាមដែលអាចធ្វើទៅបាន,ជាពិសេស ការខិតខំបង្ហាញអំពីសក្តានុពលវិនិយោគរបស់ខេត្ត ដើម្បីទាក់ទាញ និង ទទួលវិនិយោគិន ព្រមទាំងបានស្នើឱ្យរដ្ឋបាលខេត្តនីមួយៗរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការ វិនិយោគ ឱ្យបានជាប្រចាំ ដើម្បីដាក់ចេញយុទ្ធសាស្ត្រ និង ផែនការទាក់ទាញ និង ជំរុញវិនិយោគឱ្យបានច្បាស់លាស់ ដោយមិនត្រូវរង់ចាំតែទទួលគម្រោង ដែលវិនិយោគិនបានដាក់ស្នើឡើយ ។

ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យបានណែនាំឱ្យក្រុមការងារខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈយន្តការ “ច្រកចេញចូលតែមួយ” និង អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងគោរពគោលការណ៍ចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព និង ត្រូវខិតខំជួយសម្របសម្រួលដល់វិនិយោគិន ក្នុងការដោះស្រាយបញ្ហាប្រឈម និង ផ្តល់ការគាំទ្រចាំបាច់នានា តាមដែនសមត្ថកិច្ចរៀងៗខ្លួន ក្នុងគោលដៅរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច បង្កើនការងារ និង បង្កើនជំនាញ សម្រាប់តំបន់ភូមិភាគឦសានទាំងមូល ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា