នាយករដ្ឋមន្រ្តីក្រើនរម្លឹកពីបញ្ហាឆបោកអនឡាញ ទំនិញគេចពន្ធ និងគ្រោះធម្មជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្រ្តីក្រើនរម្លឹកពីបញ្ហាឆបោកអនឡាញ ទំនិញគេចពន្ធ និងគ្រោះធម្មជាតិ

នាយករដ្ឋមន្រ្តីក្រើនរម្លឹកពីបញ្ហាឆបោកអនឡាញ ទំនិញគេចពន្ធ និងគ្រោះធម្មជាតិ

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ ទី២៦មិថុនា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ។

Advertisement

បើទោះបីជាសម្តេចនាយករដ្ឋមន្រ្តីបានកត់សម្គាល់ពីលទ្ធផលគួរឱ្យពេញចិត្តចំពោះប្រតិបត្តិការនេះ ដែលធ្វើឱ្យអន្តរជាតិទទួលស្គាល់ថា កម្ពុជាបាននិងកំពុងបង្ក្រាប Scam Online យ៉ាងសកម្មក៏ដោយ ក៏សម្តេចនៅតែចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យបន្តបេសកកម្មនេះជានិច្ច ដោយដាច់ខាតមិនអនុញ្ញាតឱ្យបញ្ហានេះកើតមាននៅលើទឹកដីកម្ពុជាទៀតឡើយ។

ពាក់ព័ន្ធទំនិញគេចពន្ធគេចពន្ធនិងទំនិញខូចគុណភាពវិញ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យនិងគ្រប់គ្រងឱ្យបានចំពោះទាំងនេះ ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាព និងតម្លាភាព ជាពិសេសដោយផ្តោតលើដើមខ្សែ ពោលគឺអ្នកដែលនាំចូល និងចែកចាយ។

វិធានការនេះត្រូវធ្វើឡើងទាំងមុខទំនិញជាគ្រឿងឧបភោគបរិភោគ ពីព្រោះវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងទាំងទំនិញដែលមានតម្លៃខ្ពស់ ពីព្រោះវាប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មើភាព។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ជូនប្រជាពលរដ្ឋឱ្យបានជ្រាប និងបានលឿនរហ័ស អំពីវិធានការរបស់ខ្លួន ដើម្បីចៀសវាងការយល់ច្រឡំ និងមានការបកស្រាយខុសពីគោលបំណងពិត។

ក្រៅពីនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អិល នីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ សម្តេចបានប្រាប់ឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ត្រៀមមធ្យោបាយចាំបាច់ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបំរុង ស្បៀងនិងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា