កម្ពុជាព្រមានពីការធ្លាក់ចុះនៃតម្លៃ និងភាពជឿជាក់លើ UN ដោយសារការអនុវត្តធម្មនុញ្ញមិនស្មើភាពគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាព្រមានពីការធ្លាក់ចុះនៃតម្លៃ និងភាពជឿជាក់លើ UN ដោយសារការអនុវត្តធម្មនុញ្ញមិនស្មើភាពគ្នា

កម្ពុជាព្រមានពីការធ្លាក់ចុះនៃតម្លៃ និងភាពជឿជាក់លើ UN ដោយសារការអនុវត្តធម្មនុញ្ញមិនស្មើភាពគ្នា

កម្ពុជាបានបញ្ជាក់ជាថ្មីថា ការពង្រឹងប្រសិទ្ធភាព និងភាពជឿជាក់របស់អង្គការសហប្រជាជាតិ អាស្រ័យលើការគោរព និងអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិដោយស្មើភាព ស្មោះត្រង់ និងគ្មានស្តង់ដារពីរ។ ការធ្វើបែបនេះ គឺដើម្បីធានាថា អង្គការសហប្រជាជាតិនៅតែជាស្ថាប័នស្នូលក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសម្រាប់មនុស្សជាតិទាំងមូល។

Advertisement

ក្នុងឱកាសនៃកិច្ចប្រជុំរំលឹកខួបក្រៅផ្លូវការនៃទិវាធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាដើម្បីភាពប្រសើរឡើង៖ ធម្មនុញ្ញមួយ អនាគតមួយ» នៅទីក្រុងញូវយ៉ក នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋសមាជិកទាំងអស់គោរព និងតម្កល់យ៉ាងម៉ឺងម៉ាត់នូវគោលបំណង និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងសុន្ទរកថារបស់ខ្លួន ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិដោយមិនស្មើភាពគ្នា ការអនុវត្តតាមស្តង់ដារពីរ ឬការងាកទៅប្រើការគំរាមកំហែង និងការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយវិវាទ អាចនាំឱ្យតម្លៃ និងភាពជឿជាក់លើធម្មនុញ្ញអង្គការសហប្រជាជាតិធ្លាក់ចុះ ហើយបង្កគ្រោះថ្នាក់ដល់សន្តិភាពអន្តរជាតិ សន្តិសុខ និងការអភិវឌ្ឍ។

ការព្រមានរបស់តំណាងកម្ពុជាបែបនេះ ធ្វើឡើងស្របពេលដែលប្រទេសថៃបានលើកទ័ពមកឈ្លានពានទឹកដីកម្ពុជា ដោយរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិទាំងឡាយពាក់ព័ន្ធនឹងទំនាក់ទំនងរវាងរដ្ឋ និងការដោះស្រាយបញ្ហាដោយសន្តិវិធី។

ធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលគ្រប់ប្រទេសទាំងអស់ត្រូវគោរពដោយស្មើភាពគ្នា ដោយមិនគួរមានការជ្រើសរើសអនុវត្តតាមផលប្រយោជន៍នយោបាយ ឬភូមិសាស្ត្រនយោបាយនោះឡើយ។ ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយវិវាទដោយសន្តិវិធី គឺជាគោលការណ៍ស្នូលដែលត្រូវតែរក្សាឱ្យបានខ្ជាប់ខ្ជួន។

ក្នុងឱកាសនោះដែរ ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏បានលើកឡើងពីការរួមចំណែកដ៏សំខាន់របស់កម្ពុជាចំពោះបេសកកម្ម និងសកម្មភាពរបស់អង្គការសហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពជាង ១ម៉ឺននាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន ១២ នៅតាមតំបន់ផ្សេងៗជុំវិញពិភពលោក។ កាយវិការនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

លើសពីនេះ កម្ពុជាក៏បានធ្វើសមាហរណកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងបានចូលរួមយ៉ាងសកម្មជាមួយយន្តការសិទ្ធិមនុស្សទាំងអស់របស់អង្គការសហប្រជាជាតិ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពហុភាគីនិយម និងការលើកកម្ពស់តម្លៃជាសកល៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា