ត្មាតផេះវិលមកដែនជម្រកសត្វព្រៃលំផាត់វិញ ក្រោយអវត្តមាន១០ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្មាតផេះវិលមកដែនជម្រកសត្វព្រៃលំផាត់វិញ ក្រោយអវត្តមាន១០ឆ្នាំ

ត្មាតផេះវិលមកដែនជម្រកសត្វព្រៃលំផាត់វិញ ក្រោយអវត្តមាន១០ឆ្នាំ

ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ សត្វត្មាតផេះ ដែលជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជបំផុតលើលោក ត្រូវបានកត់ត្រាវត្តមានសាជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ដំណឹងល្អនេះ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា ដែលទើបបញ្ចប់ការធ្វើជំរឿនសត្វត្មាតនៅអាហារដ្ឋានត្មាត​ក្នុងដែនជម្រកសត្វព្រៃលំផាត់។
 
អង្គការបានបញ្ជាក់ថា ការកត់ត្រាវត្តមានសត្វត្មាតផេះលើកចុងក្រោយនៅក្នុងតំបន់ទេសភាពនេះ គឺនៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីមានករណីបំពុលសត្វយ៉ាងធ្ងន់ធ្ងរចំនួនពីរលើក។ លើកទីមួយ បានកើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៤ ដែលបណ្តាលឱ្យសត្វត្មាតយ៉ាងហោចណាស់ ១៦ក្បាលងាប់ ខណៈលើកទីពីរបានកើតឡើងនៅខែកញ្ញា ឆ្នាំ២០១៦ ដែលបានសម្លាប់សត្វត្មាតយ៉ាងតិច ៣ក្បាលបន្ថែមទៀត។ ចាប់តាំងពីពេលនោះមក មិនមានការកត់ត្រាវត្តមានសត្វត្មាតផេះនៅក្នុងតំបន់នេះទៀតឡើយ រហូតដល់មានការរកឃើញជាថ្មីនៅឆ្នាំ២០២៦នេះ។
 
អង្គការជីវិតធម្មជាតិនៅកម្ពុជាចាត់ទុកការវិលត្រឡប់របស់សត្វត្មាតផេះថា ជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ការងារអភិរក្សសត្វត្មាតនៅក្នុងតំបន់ទេសភាពលំផាត់ និងជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់ការស្តារប្រភេទសត្វដ៏កម្រនេះឡើងវិញ។
 
ក្រៅពីនេះ ការធ្វើជំរឿននៅខែមិថុនាក៏បានកត់ត្រាវត្តមានសត្វត្មាតភ្លើងចំនួន ៥ក្បាល ក្នុងនោះមានកូនត្មាតចំនួន ២ក្បាលផងដែរ។ ការរកឃើញនេះបង្ហាញពីភាពជោគជ័យនៃការបន្តពូជរបស់សត្វត្មាតភ្លើងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។
 
អង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា ការវិលត្រឡប់របស់សត្វត្មាតផេះ រួមជាមួយនឹងវត្តមានជាបន្តបន្ទាប់របស់សត្វត្មាតភ្លើង គឺជាសញ្ញាបង្ហាញថា កិច្ចខិតខំប្រឹងប្រែងអភិរក្សនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ កំពុងផ្តល់លទ្ធផលវិជ្ជមាន។
 
ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងរេដបូក (REDD+) អង្គការជីវិតធម្មជាតិនៅកម្ពុជាកំពុងរៀបចំអាហារដ្ឋានសម្រាប់សត្វត្មាតយ៉ាងហោចណាស់មួយលើកក្នុងមួយខែ ដើម្បីផ្តល់អាហារបន្ថែមដល់សត្វត្មាតដែលរស់នៅក្នុងតំបន់ទេសភាពលំផាត់ ជាពិសេសសត្វត្មាតភ្លើង ដែលកំពុងស្ថិតក្នុងស្ថានភាពរងគ្រោះថ្នាក់ខ្ពស់។
 
​សូមបញ្ជាក់ថា នៅកម្ពុជាមានសត្វត្មាតចំនួន ៣ប្រភេទ កំពុងរស់នៅ និងទទួលបានការអភិរក្ស រួមមាន សត្វត្មាតផេះ សត្វត្មាតត្នោត និងសត្វត្មាតភ្លើង។ សត្វត្មាតទាំងបីប្រភេទនេះ សុទ្ធតែជាប្រភេទសត្វស្លាបកម្រ និងកំពុងប្រឈមនឹងការផុតពូជយ៉ាងធ្ងន់ធ្ងរនៅលើពិភពលោក៕
 
ដោយ៖ ម៉ាដេប៉ូ

Advertisement
ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា