អាជ្ញាធរជាតិអប្សរាចែករំលែកអាថ៌កំបាំងនៃការជួសជុលប្រាសាទបុរាណដល់សិក្ខាកាម៥០នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរាចែករំលែកអាថ៌កំបាំងនៃការជួសជុលប្រាសាទបុរាណដល់សិក្ខាកាម៥០នាក់

អាជ្ញាធរជាតិអប្សរាចែករំលែកអាថ៌កំបាំងនៃការជួសជុលប្រាសាទបុរាណដល់សិក្ខាកាម៥០នាក់

​អាជ្ញាធរជាតិអប្សរាទើបបានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីប្រវត្តិសាស្ត្រ និងកិច្ចអភិរក្សទីក្រុងហរិហរល័យ ដោយបាននាំយកសិស្សានុសិស្សចំនួន ៥០នាក់ មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង មកក្រេបជញ្ជក់ចំណេះដឹងផ្ទាល់ពីអ្នកជំនាញ។

Advertisement

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងជំរុញស្មារតីយុវជនឱ្យចេះស្រឡាញ់ លើកតម្លៃមតកវប្បធម៌ និងចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌនៅក្នុងសហគមន៍របស់ខ្លួន។

លោក សារ៉ាយ គឹមហួល ដែលជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រលួស បានបើកកកាយនូវរូបមន្តបុរាណដ៏អស្ចារ្យនៃការលាយកំបោរបាយអ ដែលជាបច្ចេកទេសតាំងពីបរមបុរាណសម្រាប់ជួសជុលប្រាសាទឥដ្ឋ។

អ្នកជំនាញរូបនេះបានពន្យល់ថា ការជួសជុលប្រាសាទបុរាណមិនអាចប្រើប្រាស់ស៊ីម៉ង់ត៍ទំនើបបានឡើយ ដើម្បីចៀសវាងប្រតិកម្មគីមីបំផ្លាញតួប្រាសាទ។ ផ្ទុយទៅវិញ កូនខ្មែរជំនាន់នេះនៅតែអាចរក្សាស្មារតីផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអបន្តវេនពីបុព្វបុរស ដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិរួមមាន កំបោរលៀស កម្ទេចឥដ្ឋ ស្ករត្នោត ធ្យូង និងកាវស្បែកគោ។ គ្រឿងផ្សំទាំងនេះត្រូវលាយតាមរង្វាស់រង្វាល់កំណត់ច្បាស់លាស់ ដើម្បីទទួលបានបាយអដែលមានគុណភាពរឹងមាំ និងអាចជួយការពារការជ្រាបទឹកបានយ៉ាងប្រសើរ។

ទន្ទឹមនឹងនេះ លោក សារ៉ាយ គឹមហួល បានសង្កត់ធ្ងន់ថា ការងារជួសជុល និងអភិរក្សប្រាសាទបុរាណ ទាមទារឱ្យមានការអត់ធ្មត់ខ្ពស់ និងក្ដីស្រឡាញ់ជាចម្បង។ រាល់កិច្ចការបច្ចេកទេសទាំងអស់ គឺត្រូវតែគោរពតាមគោលការណ៍នៃធម្មនុញ្ញអង្គរ និងគណៈកម្មការអាយស៊ីស៊ី-អង្គរ (ICC-Angkor) យ៉ាងម៉ឺងម៉ាត់។

ជាក់ស្តែង រាល់ឥដ្ឋចាស់ៗដែលធ្លុះធ្លាក់ ត្រូវប្រមូលយកមកប្រើប្រាស់ឡើងវិញឱ្យអស់ពីលទ្ធភាព ជាពិសេសរៀបនៅផ្នែកខាងក្រៅដើម្បីឱ្យពណ៌ស៊ីគ្នានឹងឥដ្ឋបុរាណ។ ចំណែកឯឥដ្ឋថ្មីដែលយកមកជំនួស ត្រូវតែមានទំហំប៉ុនទំហំដើម និងដុតក្នុងសីតុណ្ហភាពខ្ពស់បំផុតដើម្បីធានាគុណភាព។

បច្ចុប្បន្ននេះ ប្រាសាទជាច្រើននៅក្នុងតំបន់រលួស រួមទាំងប្រាសាទព្រះគោផង ត្រូវបានអាជ្ញាធរជាតិអប្សរាជួសជុលសង្គ្រោះឱ្យរួចផុតពីហានិភ័យហើយ។ លើសពីនេះ អាជ្ញាធរក៏មានផែនការបន្តជួសជុលផ្នែកផ្សេងៗទៀតដែលប្រឈមនឹងការខូចខាតឱ្យបានទាន់ពេលវេលា ដើម្បីឱ្យប្រាង្គប្រាសាទទាំងនោះនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

អាជ្ញាធរអប្សរា បានគូសបញ្ជាក់ថា កិច្ចការអភិរក្ស និងជួសជុលប្រាសាទ គឺប្រៀបដូចជាស្ពានតភ្ជាប់អតីតកាល និងបច្ចុប្បន្ន។ វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែជួយពង្រឹងអត្តសញ្ញាណវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដូចជាផ្នែកបុរាណវិទ្យា និងស្ថាបត្យកម្ម ដើម្បីក្លាយជាអ្នកបន្តវេនថែរក្សា និងលើកកម្ពស់មតកដូនតា ក្រោមស្នាមញញឹមដ៏មានមោទនភាពនៅលើឆាកអន្តរជាតិ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា