ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាបានរួម ចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង និងពង្រីកឱកាសសិក្សាកម្រិតឧត្ដមសិក្សាដល់យុវជនកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាបានរួម ចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង និងពង្រីកឱកាសសិក្សាកម្រិតឧត្ដមសិក្សាដល់យុវជនកម្ពុជា
នយោបាយ 27/06/2026

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាបានរួម ចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង និងពង្រីកឱកាសសិក្សាកម្រិតឧត្ដមសិក្សាដល់យុវជនកម្ពុជា

ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និង ពង្រីកឱកាសសិក្សាកម្រិតឧត្ដមសិក្សាដល់យុវជនកម្ពុជាជាច្រើននាក់ តាមរយៈកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ ដែល មានការទទួលស្គាល់កម្រិតពិភពលោក។

Advertisement

ការថ្លែងនេះធ្វើឡើងនៅក្នុងកម្មវិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្តរជាតិ ដែលសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រៀបចំឡើងនៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែ មិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀរ សេនធ័រ សែនសុខ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ។
ជាកិច្ចស្វាគមន៍ ឯកឧត្ដមឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាលសាលា អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ ដែលបានចំណាយពេល វេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីចំនួន ២៨១ នាក់។

ឯកឧត្ដមឧកញ៉ាបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល ក៏បានគូសបញ្ជាក់ជូនថាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានសម្រិតសម្រាំងកម្មវិធីសិក្សាប្រកបដោយគុណវុឌ្ឍិចំនួន ៣ នោះគឺកម្មវិធីអន្តរជាតិ កម្មវិធីចំណេះ ទូទៅខ្មែរ និងកម្មវិធីវប្បធម៌ និងភាសាខ្មែរ ដោយក្នុងនោះ សាលាបានបញ្ចូលកិច្ចការស្រាវជ្រាវនៅគ្រប់ភូមិសិក្សា ទាំងអស់ ហើយក៏បានផ្ដល់ជូននូវមុខវិជ្ជាត្រៀមមហាវិទ្យាល័យ AP និង AP Capstone Diploma ជាច្រើនមុខវិជ្ជា ដែលអនុញ្ញាតឱ្យសិស្សបានទទួលបទពិសោធន៍សិក្សានៅមហាវិទ្យាល័យ និងអាចជួយសម្រួលដល់ការដាក់ពាក្យ ចូលរៀនក្នុងមហាវិទ្យាល័យល្បីៗក្នុងពិភពលោក ដោយមិនខាតពេលរៀនត្រៀម១ឆ្នាំសិក្សា។

ជាលទ្ធផល សិស្សានុសិស្សបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សានេះ ចំនួន ៨នាក់ បានទទួលអាហារូបករណ៍ ពេញលេញទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យល្បីៗ នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ហូឡង់ និងប្រទេសចិន។

ជាងនេះទៅទៀត សិស្សានុសិស្សរបស់យើងទទួលបានឱកាសសិក្សាពីបណ្ដាសាកលវិទ្យាល័យនានាជុំវិញ ពិភពលោក ចំនួនជាង ១៥០ កន្លែង រួមមាន៖ សាកលវិទ្យាល័យ Harvard, Yale, Princeton, Vanderbilt, Monash, និងសាកលវិទ្យាល័យល្បីៗជាច្រើនទៀត ក្នុងប្រទេសកាណាដា ចិន អូស្ត្រាលី ចក្រភពអង់គ្លេស អឺរ៉ុប ជប៉ុន និងនៅក្នុងរាជធានីភ្នំពេញ ដែលអាហារូបករណ៍នេះគិតជាទឹកប្រាក់សរុបរហូតដល់មួយលានប្រាំសែន ប្រាំ បួនម៉ឺនដុល្លារអាមេរិក (1.590.000US$)។

ក្នុងថ្ងៃនេះទៀតសោត ក្នុងពេលកំពុងប្រារព្ធពិធី ដំណឹងល្អបានធ្លាក់មកដល់ គឺសិស្សានុសិស្សសាលាអន្តរ ជាតិ ស៊ី អាយ អេ ហ្វឺសត៍ចំនួន ៦ នាក់ ដែលចេញទៅប្រកួតកម្មវិធី Young Master Challenge Global 2026 នៅទីក្រុងឡុង ចក្រភពអង់គ្លេស ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ បានទទួលពានមួយតែ១ក្រុមសិស្ស ស៊ី អាយ អេ ហ្វឺសត៍ ហើយទន្ទឹមគ្នានេះ ពួកគេក៏ទទួលបានមេដាយមាស ២ មេដាយប្រាក់ ២ និងមេដាយសំរិទ្ធ ១៤ គ្រឿង។

ស្របតាមគុណតម្លៃរួមដែលជាចក្ខុវិស័យដ៏វែងឆ្ងាយ និងច្បាស់លាស់របស់សាលា «គ្រឹះអប់រំក្នុងស្រុកដ៏ ប្រសើរ ផ្ដល់ផ្លែផ្កាជាសកល – Local Excellence, Global Impact.” ឯកឧត្ដមឧកញ៉ាបណ្ឌិតបានគូសបញ្ជាក់ជូន មាតាបិតា និងប្អូនៗសិស្សានុសិស្សថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ផ្ដល់ការអប់រំដែលមានគុណភាពដល់ សិស្សានុសិស្សកម្ពុជាបន្តទៀត ដើម្បីរួមចំណែកកសាងធនធានមនុស្ស ដែលមានទាំងវិជ្ជា សម្បទា បំណិនសម្បទា និងចរិយាសម្បទាគ្រប់ជ្រុងជ្រោយ។

ក្រៅអំពីការគូសបញ្ជាក់លើការរួមចំណែករបស់ ស៊ី អាយ អេ ហ្វឺសត៍ ក្នុងវិស័យអប់រំកម្ពុជា ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានមានប្រសាសន៍អបអរសាទរប្អូនៗសិស្សានុសិស្សជ័យលាភីទាំងអស់ ដែល បានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិអន្តរជាតិដោយជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្ដមបណ្ឌិតសភា ចារ្យ បានថ្លែងការកោតសរសើរដល់ប្អូនៗសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្នុងរយៈពេល ១២ឆ្នាំរហូតទទួលបានជោគជ័យនៅថ្ងៃនេះ។

ដើម្បីបន្តភាពជោគជ័យនៅលើវិថីអប់រំដ៏វែងឆ្ងាយនេះ ឯកឧត្ដម បណ្ឌិតសភាចារ្យ បានផ្ដាំផ្ញើដល់សិស្សានុសិស្សជ័យលាភីទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងរៀន សូត្របន្ថែមទៀតក្នុង កម្រិតឧត្ដមសិក្សា ហើយត្រូវជ្រើសរើសមុខវិជ្ជាសិក្សាតាមចំណង់ចំណូលចិត្តរបស់ខ្លួន និង ព្យាយាមកសាងចំណេះ ដឹង និងជំនាញសំខាន់ៗដូចជា ជំនាញដោះស្រាយបញ្ហា ជំនាញបច្ចេកវិទ្យា ជំនាញគិតស៊ីជម្រៅ ភាពជាអ្នកដឹកនាំ និងជំនាញធ្វើការជាក្រុមជាដើម។

យុវសិស្ស សេង សិទ្ធត្ថ សិស្សបញ្ចប់ការសិក្សាទទួលបានពិន្ទុខ្ពស់ជាងគេនៅសាខាសែនសុខបានសង្កត់ ធ្ងន់លើឃ្លាដ៏ខ្លីប្រកបដោយអត្ថន័យថា “ការទទួលសញ្ញាបត្រមិនមែនមានន័យថា យើងត្រូវបញ្ឈប់ការសិក្សារៀន សូត្ររបស់យើងឡើយ ប៉ុន្តែគឺជាការបើកទ្វារឱ្យយើងបោះជំហានទៅកាន់ការធ្វើស្វ័យសិក្សា និងរីកដុះដាលដោយ ខ្លួនឯង”៕

Kien Sereyvuth

IT Technical Support

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា