ប្រធាននាយកប្រតិបត្តិនៃ អ៊ែរអេស៊ា ខេមបូឌា​ ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធាននាយកប្រតិបត្តិនៃ អ៊ែរអេស៊ា ខេមបូឌា​ ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២៦

ប្រធាននាយកប្រតិបត្តិនៃ អ៊ែរអេស៊ា ខេមបូឌា​ ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២៦

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងជាសមាជិកនៃអ្នកដឹកនាំវ័យក្មេងពិភពលោកឆ្នាំ២០២៦ របស់វេទិកា​សេដ្ឋកិច្ច​ពិភពលោក បានអញ្ជើញចូលរួមក្នុង​កម្មវិធីជួបជុំប្រចាំឆ្នាំលើកទី១៧ «Summer Davos» នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន។

Advertisement

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធាន «ការជំរុញនវានុវត្តន៍ឱ្យកាន់តែទូលំទូលាយ» (“Innovating at Scale”) ដោយកម្មវិធីនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ប្រមាណ ១,៧០០នាក់ មកពីវិស័យធុរកិច្ច រដ្ឋាភិបាល ស្ថាប័នអប់រំ និងអង្គការសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរទស្សនៈអំពីអនាគតនៃកំណើនសេដ្ឋកិច្ចពិភពលោក។ កាន់តែពិសេសទៀតនោះ កម្មវិធីនេះត្រូវបានផ្តល់កិត្តិយសក្រោមអធិបតីភាពរបស់ ឯកឧត្តម លី ឈាង (H.E. Li Qiang) នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់អនុសាសន៍ជាទស្សនទាន​សំខាន់​​​ៗ​​ ស្តីពីអាទិភាពសេដ្ឋកិច្ច និងតួនាទីយ៉ាងសំខាន់របស់ប្រទេសចិនក្នុងសេដ្ឋកិច្ចសកលលោក ។

តំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ដោយធ្វើបទបង្ហាញអំពីវិស័យអាកាសចរណ៍របស់កម្ពុជា លោក ណម វិស្សុត ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិន ដើម្បីចែករំលែកទស្សនៈ និងបទពិសោធន៍របស់
លោកនៅក្នុងវេទិកាក្រោមប្រធានបទ «វិធីសាស្រ្តផ្តត់ផ្គង់ផលិតផលនិងសេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច» (Experiences​ as an Industry)។ នៅក្នុងឱកាសនោះ លោកបានលើកឡើងនូវទស្សនៈវិស័យពីប្រទេស កម្ពុជាស្តីពី «បទពិសោធន៍ផ្តល់សេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច» (Economy of Experience) ដែលជា ប្រព័ន្ធអេកូឡូស៊ីមួយ ដែលវិស័យអាកាសចរណ៍ ទេសចរណ៍ បដិសណ្ឋារកិច្ច បច្ចេកវិទ្យា និងសេវាសាធារណៈ ត្រូវបានរួមបញ្ចូលគ្នា ដើម្បីលើកតម្កើនតម្លៃសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន ជាជាងការអភិវឌ្ឍវិស័យទោលណាមួយដាច់ដោយឡែកពីគ្នា។

ដោយផ្អែកលើដំណើរនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា លោកបានគូសបញ្ជាក់ថា ការពង្រឹងការផ្សារភ្ជាប់ ទំនាក់ទំនងឱ្យកាន់តែរឹងមាំ ការជំរុញនវានុវត្តន៍ និងកិច្ចសហការរវាងវិស័យផ្សេងៗ អាចផ្លាស់ប្តូរឧស្សាហកម្មនានាឱ្យទទួលយកនូវបទពិសោធន៍ក្នុងការផ្តល់សេវាកម្មកាន់តែរលូន ដែលមានសក្តានុពលខ្ពស់ក្នុងការទាក់ ទាញលំហូរវិនិយោគ ពង្រឹងវិស័យទេសចរណ៍ និងពន្លឿនកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះផងដែរ លោកក៏បានបញ្ជាក់ថា បច្ចេកវិទ្យាទំនើបៗដូចជា បញ្ញាសិប្បនិម្មិត (AI) មិនមែនជា គោលដៅចុងក្រោយនៃការអភិវឌ្ឍនោះទេ ប៉ុន្តែនេះគឺជាឧបករណ៍ជំនួយ និងជាកាតាលីករដ៏សំខាន់ ក្នុងការជួយកាត់បន្ថយភាពរអាក់រអួលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះ ព្រមទាំងជួយសម្របសម្រួលកិច្ចសហប្រតិបតិ្តការឱ្យកាន់ តែរលូន ធ្វើសេចក្តីសម្រេចចិត្តកាន់តែមានប្រសិទ្ធភាព និងលើកតម្កើនតម្លៃសេដ្ឋកិច្ចឱ្យបានល្អប្រសើរ។

«យុគសម័យសេដ្ឋកិច្ចជំនាន់ក្រោយ នឹងមិនប្រណាំងប្រជែងលើគុណភាពផលិតផលឧស្សាហកម្មតែមួយមុខទៀត​នោះ​ទេ ប៉ុន្តែនឹងប្រណាំងប្រជែងលើបទពិសោធន៍ផ្តត់ផ្គង់ផលិតផលនិងសេវាកម្មជំនួសវិញ។ នៅពេល​ដែល​យើង​ផ្សារភ្ជាប់ វិស័យអាកាសចរណ៍ ទេសចរណ៍ បច្ចេកវិទ្យា និងសេវាសាធារណៈឱ្យ​ទៅជា​ប្រព័ន្ធអេកូឡូស៊ី​តែមួយ នោះយើងនឹង អាចបង្កើតឱកាសបានកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ពន្លឿន​ចរន្ត​សេដ្ឋកិច្ចឱ្យដើរកាន់​តែ​លឿន និងនាំមកនូវការរីកចម្រើនមួយដ៏គង់វង្សឋិតថេរចីរកាលថែមទៀតផង» ។

ក្រៅពីការអញ្ជើញចូលរួមជាវាគ្មិន លោក ណម វិស្សុត  ក៏បានអញ្ជើញចូលរួមក្នុងពិធីពិសារអាហារពេលល្ងាច ជាលក្ខណៈពិសេសសម្រាប់ថ្នាក់ដឹកនាំ ដែលរៀបចំដោយក្រុមហ៊ុន Boston Consulting Group (BCG) ដោយមានការចូលរួមពីបណ្តាប្រធាននាយកប្រតិបត្តិសំខាន់ៗ មកពីស្ថាប័នធំៗជាច្រើន និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពី ជុំវិញពិភពលោក។ ជាពិសេសជាងនេះទៅទៀត ជារបៀបវារៈនៃកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់អ្នកដឹកនាំ​វ័យក្មេង​ពិភពលោកនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក ណម វិស្សុត ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាចង្អៀតក្រោមវត្តមានរបស់ ឯកឧត្តម Nyam-Osor Uchral នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គោលី និងសមាជិកអ្នកដឹកនាំវ័យក្មេងពិភពលោក​ដទៃទៀត ដើម្បីផ្លាស់ប្តូរទស្សនៈទៅវិញទៅមកអំពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត។

ការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា នាពេលនេះ បានឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការតភ្ជាប់ក្នុងតំបន់ ព្រមទាំងរួមចំណែកគាំទ្រដល់ចក្ខុវិស័យរយៈពេលវែង របស់កម្ពុជា ក្នុងការកសាងបទពិសោធន៍ផ្តល់សេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច។ ដែលការតភ្ជាប់នេះ​នឹងបង្កើតជាចលករតែមួយរួមគ្នារវាងមនុស្សជាតិ វិស័យឧស្សាហកម្ម និងឱកាសថ្មីៗ ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច​ប្រកប​ដោយនិរន្តរភាព ។

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា