កម្ពុជា-អាមេរិកពិភាក្សាគ្នាពីការរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញនៅឆ្នាំ២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-អាមេរិកពិភាក្សាគ្នាពីការរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញនៅឆ្នាំ២០២៧

កម្ពុជា-អាមេរិកពិភាក្សាគ្នាពីការរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញនៅឆ្នាំ២០២៧

តំណាងបញ្ជាការដ្ឋានកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងកងឆ្មាំជាតិរដ្ឋអៃដាហូ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីរៀបចំសមយុទ្ធ «ឆ្មាំអង្គរ ២០២៧ »។ សមយុទ្ធយោធាទ្វេភាគីនេះត្រូវបានផ្អាកតាំងពីឆ្នាំ២០១៧មកម៉្លេះ ដោយសារកាលនោះ ប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន។
 
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ការស្តារកិច្ចសហប្រតិបត្តិការយោធានេះឡើងវិញបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងអាមេរិក និងកម្ពុជា ក្នុងការរឹតចំណងមិត្តភាពយោធា ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការត្រៀមលក្ខណៈជាស្រេចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
 
កាលពីខែកុម្ភៈ ក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក ភាគីទាំងពីរបានជជែកពិភាក្សារិះរកមធ្យោបាយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញនៅចុងឆ្នាំ២០២៦ នេះ ឬដើមឆ្នាំ២០២៧។  
 
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃនេះថា ការចាប់ផ្តើមសមយុទ្ធរួមគ្នាឡើងវិញនេះ គឺជាសញ្ញាវិជ្ជមានមួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ព្រមទាំងបង្ហាញពីការបោះជំហានទៅមុខរួមគ្នារបស់ប្រទេសទាំងពីរផងដែរ។
 
ក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-អាមេរិក បានបង្ហាញពីការវិវឌ្ឍយ៉ាងវិជ្ជមាន ជាមួយការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមទាំងវិស័យការពារជាតិផងដែរ ដែលស្តែងឡើងតាមរយៈដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ការចូលចតរបស់នាវាជើងទឹកអាមេរិកនៅក្រុងព្រះសីហនុ ហើយជាពិសេស គឺការសម្រេចដកបម្រាមលើការទិញអាវុធរបស់អាមេរិក។​
 
សូមរំលឹកថា សហរដ្ឋអាមេរិក និងកម្ពុជា បានចាប់ដៃគ្នារៀបចំសមយុទ្ធ «ឆ្មាំអង្គរ» ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃវិស័យការពារជាតិទ្វេភាគី កាលពីឆ្នាំ២០១០ ​ចំពេលដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឈានដល់ខួប៦០ឆ្នាំ។
 
បន្ទាប់ពីការចាប់ផ្តើមដ៏ជោគជ័យនោះ ភាគីទាំងពីរបានបន្តធ្វើសមយុទ្ធរួមគ្នានេះជារៀងរាល់ឆ្នាំបានចំនួន៧លើកជាប់ៗគ្នា ដោយផ្តោតសំខាន់លើប្រធានបទប្រតិបត្តិការរក្សាសន្តិភាព ជំនួយមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយ៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា