កង្វះកម្លាំងពលករខ្មែរធ្វើឲ្យវិស័យឯកជនថៃព្រួយបារម្ភកាន់តែខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កង្វះកម្លាំងពលករខ្មែរធ្វើឲ្យវិស័យឯកជនថៃព្រួយបារម្ភកាន់តែខ្លាំង

កង្វះកម្លាំងពលករខ្មែរធ្វើឲ្យវិស័យឯកជនថៃព្រួយបារម្ភកាន់តែខ្លាំង

វិស័យឯកជនថៃបានដាក់សំណើជាថ្មីទៅកាន់រដ្ឋាភិបាលថៃ ដើម្បីជួយអន្តរាគមដោះស្រាយវិបត្តិខ្វះ​កម្លាំងពលកម្ម ដោយអំពាវនាវឲ្យមានការចុះបញ្ជីពលករខ្មែរ ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ ឱ្យបានស្របច្បាប់ជាបន្ទា​ន់ ទោះបីជាច្រកព្រំដែនមិនទាន់បើកក៏ដោយ។
 
លោក រ័ត្នថាវីត តាំងគៀតឆារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងទេសចរណ៍នៅព្រំដែនថៃ-កម្ពុជា បានគូសបញ្ជាក់ថា ពលករខ្មែរមានជំនាញច្បាស់លាស់ និងបទពិសោធន៍ខ្ពស់ ដែលពលករមកពីប្រទេសដទៃមិនអាចជំនួសបានឡើយ។ 

Advertisement

លោកបានបញ្ជាក់ថា ការចុះបញ្ជីស្របច្បាប់ដល់ពលករខ្មែរ នឹងជួយឱ្យអាជីវកម្មថៃអាចបន្តដំណើរការទៅមុខ ហើយខាងផ្នែកសន្តិសុខក៏ងាយស្រួលគ្រប់គ្រងទិន្នន័យពលករ និងនិយោជកផងដែរ។ បើរដ្ឋាភិបាលថៃនៅតែមិនអើពើទេនោះ រដូវកាលប្រមូលផលផ្លែឈើ ដែលផ្តល់ចំណូលសេដ្ឋកិច្ចខ្ពស់នៅភាគខាងកើតសម្រាប់ឆ្នាំក្រោយ នឹងត្រូវរងការខូចខាតធ្ងន់ធ្ងរ ជាពិសេសគឺ ផ្លែតាង៉ែន ដែលមានតម្លៃសេដ្ឋកិច្ចរហូតដល់ ២៦៥ លានដុល្លារអាមេរិក។
 
ប្រធានសមាគមពាណិជ្ជកម្ម និងទេសចរណ៍នៅព្រំដែនថៃ-កម្ពុជាដដែលនេះ បានសន្និដ្ឋានថា ការរឹតបន្តឹងសន្តិសុខតាមព្រំដែន គួរតែដើរទន្ទឹមគ្នានឹងការគិតគូរពីដង្ហើមសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ទើបអាចបង្កើតតុល្យភាពឈ្នះ-ឈ្នះទាំងសងខាង។
 
វិស័យ​ឯកជនថៃបានដាក់សំណើជាច្រើនលើកមកហើយ ពាក់ព័ន្ធ​វិបត្តិខ្វះកម្លាំងពលកម្មនេះ។ ​ប៉ុន្តែ រដ្ឋាភិបាលថៃមិនទាន់បង្ហាញពីផែនការភ្លាមៗដើម្បីពិចារណាលើបញ្ហានេះនៅឡើយទេ។

ភាពតានតឹងរវាងប្រទេសថៃ និងកម្ពុជា នាំឱ្យពលករខ្មែរជាង៩០ម៉ឺននាក់បានចាកចេញពីប្រទេសថៃ ធ្វើឱ្យ​វិស័យឧស្សាហកម្ម និងកសិកម្ម ជាច្រើនត្រូវប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្ម ដែលអាចប៉ះពាល់ដល់ផលិតកម្ម ការនាំចេញ និងការប្រកួតប្រជែង។
 
យោងតាមរបាយការណ៍របស់ថៃ មុនជម្លោះព្រំដែន​ មានកម្មករ​កម្ពុជា​៥៥ម៉ឺននាក់ធ្វើការស្របច្បាប់ ក្នុង​វិស័យ នេសាទ កសិកម្ម និង​សំណង់​នៅ​ប្រទេសថៃ។ ប៉ុន្តែ បច្ចុប្បន្ន នៅសល់ពលករតែជាង១៩ម៉ឺននាក់ប៉ុណ្ណោះដែលបន្តធ្វើការស្របច្បាប់​ក្នុងប្រទេសថៃ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា