ថៃបានលេសពន្យារពេលដោះស្រាយបញ្ហាព្រំដែនគោក បន្ទាប់ពីកម្ពុជារុញវិវាទដែនសមុទ្រ​ទៅយន្តការ UN | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃបានលេសពន្យារពេលដោះស្រាយបញ្ហាព្រំដែនគោក បន្ទាប់ពីកម្ពុជារុញវិវាទដែនសមុទ្រ​ទៅយន្តការ UN

ថៃបានលេសពន្យារពេលដោះស្រាយបញ្ហាព្រំដែនគោក បន្ទាប់ពីកម្ពុជារុញវិវាទដែនសមុទ្រ​ទៅយន្តការ UN

រដ្ឋាភិបាលថៃ បានប្រកាសរក្សាទុកអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកជាមួយកម្ពុជា ដោយមិនលុបចោលនោះទេ​ ប៉ុន្តែថៃចង់ដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយកម្ពុជាឲ្យចប់ជាមុនសិន តាមរយៈយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS​ មុននឹងវិលត្រឡប់មកដោះស្រាយបញ្ហាព្រំដែនគោកវិញតាមក្រោយ។

Advertisement

សារព័ត៌មានថៃបានដកស្រង់សម្តីលោក ស៊ីហាសាក់ ភុកកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដែលនិយាយកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថា ថៃគ្មានហេតុផលត្រូវលុបចោល MOU ឆ្នាំ២០០០ នោះទេ ហើយនឹងត្រឡប់មកដោះស្រាយព្រំដែនគោកវិញ ក្រោយបញ្ហាព្រំដែនសមុទ្រត្រូវបានដោះស្រាយរួចរាល់។

ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីកងទ័ពថៃបានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ានចំនួន១៣រូប ចុះត្រួតពិនិត្យតំបន់តាមបណ្តាញព្រំដែនថៃ​ និងកម្ពុជា និងតំបន់ដែលរងផលប៉ះពាល់ដោយសារមីន។
 
កាលពីខែឧសភា សមាជិកព្រឹទ្ធសភាថៃម្នាក់បានស្នើឱ្យរដ្ឋាភិបាលលុបចោល MOU នេះ ហើយបានទាមទារមិនឱ្យប្រគល់ដី ដែលយោធាថៃទន្រ្ទានគ្រប់គ្រង ទៅឱ្យកម្ពុជាវិញទេ។ ​
 
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ឃើញថា ការណ៍ដែលភាគីថៃមិនលុប MOU ឆ្នាំ២០០០ ស្តីពីព្រំដែនគោកជាមួយកម្ពុជា គឺដើម្បីកុំឱ្យកម្ពុជាមានលេសរុញបញ្ហានេះទៅដល់តុលាការយុត្តធម៌អន្តរជាតិ។ 
 
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានព្រមានទុកមុនថា ការលុប MOU ឆ្នាំ២០០០ គឺជាអំពើរំលោភច្បាប់អន្តរជាតិ និងបង្កើតជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ។
 
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនៅក្នុងពិធីសំណេះសំណាលជាមួយសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនាថា រាជរដ្ឋាភិបាលកម្ពុជាមិនបានបោះបង់ការទាមទារទឹកដីកម្ពុជា ដែលត្រូវបានកាន់កាប់ដោយយោធាថៃ ត្រឡប់មកវិញនោះឡើយ៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា