សម្ពោធសារមន្ទីរព្រះវិហារអដ្ឋរស្ស និងពុទ្ធាភិសេកព្រះអង្គធំនៅភ្នំ​ឧដុង្គ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ពោធសារមន្ទីរព្រះវិហារអដ្ឋរស្ស និងពុទ្ធាភិសេកព្រះអង្គធំនៅភ្នំ​ឧដុង្គ

សម្ពោធសារមន្ទីរព្រះវិហារអដ្ឋរស្ស និងពុទ្ធាភិសេកព្រះអង្គធំនៅភ្នំ​ឧដុង្គ

កណ្ដាល៖សារមន្ទីរព្រះវិហារអដ្ឋរស្ស ត្រូវបានសម្ពោធ​អមជាមួយពិធី​ពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ស្ថិត​ក្នុង​រមណីយ​ដ្ឋាន​ភ្នំព្រះរាជទ្រព្យ ឃុំផ្សារដែក ស្រុក​ពញាឮ​ ខេត្តកណ្ដាល នៅថ្ងៃ​ចន្ទទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ​ក្រោម​វត្តមានចូលរួមពី​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ។
 
ព្រះវិហារជា​ទី​សក្ការៈបូជាដ៏មានវ័យចំណាស់មួយនេះ ត្រូវ​បានសាង​សង់​ឡើង​ដំបូង​នៅ​ស.វ​ទី​១៧​ នាសម័យឧដុង្គ ដោយ​សង់​លើគ្រឹះប្រាសាទចាស់នាស.វទី១១ សម័យអង្គរ ក្នុង​រចនា​បថ​ឃ្លាំង​ ។ព្រះវិហារដ៏ធំស្កឹមស្កៃមានបណ្តោយ ៣៩.២ម៉ែត្រ, ទទឹង ២២.៣​ម៉ែត្រ និង​កម្ពស់​២៣.៦ម៉ែត្រ ។នៅខាងក្នុងព្រះវិហារ មានព្រះពុទ្ធរូប​មួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩​ម៉ែត្រ​រាប់​ទាំង​កម្ពស់បល្ល័ង្គ)ដែល​មានន័យថា អដ្ឋរស្សទើបព្រះវិហារនេះត្រូវបានហៅថា ព្រះវិហារ​អដ្ឋរស្ស​។
 
ប្រធានយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឆាយ វិសុទ្ធ បានអធិប្បាយថា ​ដោយសារមើលឃើញថា ទីតាំងនេះ​មានសារសំខាន់ ក្រសួងវប្បធម៌ និងវិចិត្រិសិល្បៈ បានរៀប​ចំ​ជា​កន្លែងផ្សព្វផ្សាយពីប្រវត្តិអតីតរដ្ឋធានីឧដុង្គ ជាពិសេស ប្រវត្តិសាស្ត្រ​ភ្នំឧដុង្គ ដែលមា​ន​សល់​សំណល់​ជា​ច្រើនពាក់ព័ន្ធនឹងព្រះចេតិយ ។
 
លោកបានបន្តថា ក្រោយពីទុកចោលជាច្រើនឆ្នាំ ក្រសួងបានរៀបចំ​ប្រែក្លាយ​ព្រះវិហារនេះ ទៅជាសារមន្ទីរព្រះវិហារអដ្ឋរស្ស ឱ្យមានជីវិត​ឡើងវិញ ទុកជាទីកន្លែងសក្ការបូជាសម្រាប់ពុទ្ធបរិស័ទ ។គោលបំណង​មួយទៀត គឺពន្យល់ណែនាំពីសាវតាសំខាន់ៗ នៃការក​កើតទីក្រុង​នៅទីនេះ។ ការកសាងព្រះចេតិយផ្សេងៗ រួមទាំងវត្ថុ​បុរាណមួយចំនួន ដែលរកឃើញកន្លងមក​កាលពី​សម័យឧដុង្គ ខណៈបច្ចុប្បន្នសារមន្ទីរ​មានព្រះបដិមាធ្វើពីមាស និងប្រាក់ជាដើមជាង ១.៤០០អង្គ ។
 
លោក ឆាយ វិសុទ្ធ បានបញ្ជាក់ថា សារមន្ទីរព្រះវិហារអដ្ឋរស្ស ក្រោយពីសម្ពោធដាក់ឱ្យដំណើរការនេះទៅ គឺអនុញ្ញាតឱ្យភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិចូលទស្សនាដោយឥតគិតថ្លៃ ជាមួយ​អនុញ្ញាត​ឱ្យពុទ្ធបរិស័ទ អាចគោរពប្រតិបត្តិសាសនាបាន ក្រោយពីមាន​ការព្រមព្រៀងពីអ្នកប្រចាំការការពារ និងស្ថាប័នពាក់ព័ន្ធ ។
 
លោកប្រធានយកដ្ឋានសារមន្ទីរដដែលបាន​បញ្ជាក់ដែរថា ដោយ​សារកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើន ទម្រាំទទួលបាន​សន្តិភាព​ដូចសព្វថ្ងៃ ព្រះវិហារអដ្ឋរស្សនេះ ក៏ត្រូវបានជួសជុលជាច្រើនហូរហែរ រហូតដល់ប្រមុខរាជ​រដ្ឋា​ភិបាលកម្ពុជា ប្រគល់គម្រោងជួសជុលកែលម្អ ដែលស្ថិតក្រោម​ការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​អនុវត្ត ទើបព្រះ​វិហារ​​ត្រូវបានជួសជុលរួចរាល់ ហើយសម្ពោធដាក់​ឱ្យដំណើរ​ការនា​ពេលនេះ ។
 
លោកបន្ថែមថា ដើម្បីចូលរួមថែរក្សាក៏ដូចជាផ្សព្វផ្សាយមរតវប្បធម៌ ព្រះវិហារត្រូវបានប្រែក្លាយជាសារមន្ទីរ ដែលមានតាំងបង្ហាញ​នូវប្រតិមា​ព្រះពុទ្ធ ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពមកពី​ចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណនានា​កាលពីសម័យឧដុង្គផងដែរ ។

Advertisement

លោកបានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងលើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា ។ បន្ថែមពីលើនេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានជំរុញជាប់ជាប្រចាំនូវការស្វែងរក ថែរក្សា ការពារវត្ថុបុរាណ ដែលជាកេរដំណែលដូចតាខ្មែរ ហើយបំផុសស្មារតី​ប្រជាជនឱ្យនាំគ្នាស្វែងយល់ និងថែទាំឱ្យបានគង់វង្សសម្រាប់កូន​ចៅខ្មែរជំនាន់ក្រោយៗ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា